ដើមរដូវវស្សា ភ្លៀងចាប់ផ្តើមបង្អុរស្ទើររៀងរាល់ថ្ងៃ គ្រប់ទិសទី គ្រប់ទីកន្លែង ដែលនេះធ្វើឲ្យបរិយាកាសជុំវិញខ្លួនពោរពេញទៅដោយសំណើម។ តំណក់ទឹកភ្លៀងលាយឡំសំណើមត្រជាក់ ជាដើមចមធ្វើឲ្យពពួកមេរោគ ផ្សិត និងបាក់តេរីកកើតលឿនបំផុត បើមិនយកចិត្តទុកដាក់ថែទាំសុខភាព និងអនាម័យនោះទេ នឹងប្រឈមជំងឺផ្សេងៗ ជាពិសេសអ្នករមែងចេញក្រៅថ្មើរជើងញឹកញាប់ អាចប្រឈមកើតជំងឺសើស្បែកមិនខាន។ នៅក្នុងអត្ថបទនេះ សូវរីន នឹងលើកឡើងអំពីជំងឺស្បែកចំនួន៤ប្រភេទដែលងាយប្រឈមកើតបំផុតនៅក្នុងរដូវភ្លៀង ក្នុងនោះរួមមាន ជំងឺតាអក (Eczema) ជំងឺកមរមាស់ (Scabies) ជំងឺទឹកស៊ីជើង (Athlete’s Foot) និងជំងឺស្រែង (Ringworm)។
• ជំងឺតាអក (Eczema)
អំឡុងរដូវភ្លៀវស្បែកនឹងឡើងសំណើមកាន់តែច្រើន ដែលបណ្តាលឲ្យបាត់បង់លទ្ធភាពក្នុងការរក្សាជាតិទឹកអាចបង្កទៅជាជំងឺតាអក។ ជំងឺតាអកធ្វើឲ្យស្បែកចាប់ផ្តើមស្ងួតខ្លាំង ឡើងរមាស់ ក្រហម និងឡើងពង។ ដើម្បីព្យាបាលដោយមិនចាំបាច់ទៅមន្ទីរពេទ្យ យើងអាចយកអំបិល ឬ ប្រេងដូង មកលាបនៅលើកន្លែងកើត រួចប្រើក្រណាត់ស្អាតមានខ្យល់ចេញចូលរុំពីលើ។ ការរុំដូចនេះនឹងជួយជៀសវាងរមាស់ សំខាន់មិនឲ្យវារាលទៅកន្លែងផ្សេង។
• ជំងឺកមរមាស់ (Scabies)
យើងច្រើនតែហៅថាជំងឺកមរមាស់ឬជំងឺអាត់។ វាជាជំងឺសើស្បែកបង្កឡើងដោយពពួកបរាសិតដែលយើងមិនអាចមើលឃើញដោយផ្ទាល់នឹងភ្នែក។ ជាទូទៅវាកកើតនៅក្នុងទឹកកខ្វក់ ហើយឆ្លងមកលើស្បែកបង្កឲ្យឡើងរមាស់ និងរលាកកន្ទួល។ បើមានរោគសញ្ញាដូចបានលើកឡើង យើងសូមផ្តល់ដំបូន្មាន គួរប្រញាប់ទៅរកគ្រូពេទ្យសើស្បែកដើម្បីព្យាបាល បើពុំដូច្នោះទេពេលឡើងកាន់តែធ្ងន់វានឹងឆ្លងទៅកាន់អ្នកជុំវិញខ្លួនតាមរយៈរបស់របរដែលប្រើប្រាស់រួមគ្នាដូចជា សម្លៀកបំពាក់ កន្សែង និងគ្រែគេងជាដើម។
• ជំងឺទឹកស៊ីជើង (Athlete’s Foot)
ជឿជាក់ថា អ្នកគ្រប់គ្នាសុទ្ធតែធ្លាប់មានបទពិសោធន៍កើតជំងឺទឹកស៊ីជើង ដែលវារបក ធ្វើឲ្យរមាស់ ក្រហាយ សឹងទ្រាំមិនបាន។ ទឹកស៊ីជើងជាជំងឺបង្កឡើងដោយការឆ្លងមេរោគផ្សិត ដែលជាទូទៅកើតចំពោះអ្នកដែលដើរជាន់ទឹកដក់កខ្វក់នៅរដូវភ្លៀង។ ខណៈដែលវាមិនមែនជាជំងឺស្បែកធ្ងន់ធ្ងរ ប៉ុន្តែវាមានសមត្ថភាពរាលដាលលឿនបំផុត។ ដូច្នេះដើម្បីជៀសវាងកើតជំងឺនេះ គួរកុំប្រើប្រាស់សម្លៀកបំពាក់រួមគ្នា ជាពិសេសស្បែកជើង ហើយត្រូវពាក់ស្បែកជើងដែលបិទជិតមិនឲ្យទឹកប៉ះស្បែកបាន។
• ជំងឺស្រែង (Ringworm)
ឡើងបំណះក្រហមរាងកោងជារង្វង់ ដែលជាទូទៅឡើងនៅលើ ក ក្លៀក ឬក៏បាតជើង នៅអំឡុងរដូវភ្លៀងនេះ វាគឺជាសញ្ញានៃជំងឺស្រែង។ ជំងឺស្រែងបង្កដោយការឆ្លងមេរោគផ្សិត ដែលស្ថិតក្នុងអាកាសធាតុពោរពេញដោយសំណើម។ ជំងឺនេះអាចឆ្លងពេញរាងកាយ និងអាចឆ្លងលឿនបំផុតតាមរយៈការប៉ះពាល់ផ្ទាល់កន្លែងកើត។ ដូចនេះ វាពិតជាចាំបាច់ដែលអ្នកមិនគួរឲ្យអ្នកដទៃប្រើប្រាស់របស់របររួមគ្នានៅពេលដឹងថាខ្លួនកើតជំងឺនេះ។ កត្តាសំខាន់ទៀតនោះ ត្រូវរក្សារាងកាយឲ្យអនាម័យជានិច្ច។
ដូចបានរៀបរាប់នៅខាងដើម រដូវភ្លៀងជារដូវពោរពេញទៅដោយសំណើមដែលជាប្រភពនៃការកកើតមេរោគ និងបាក់តេរីគ្រប់ទីកន្លែង។ ដើម្បីជៀសវាងជំងឺនៅរដូវភ្លៀង គ្មានអ្វីប្រសើរជាងការអនាម័យនោះទេ បើអនាម័យជាប្រចាំ នោះមិនថាតែជំងឺសើស្បែក សូម្បីជំងឺទាក់ទងនឹងសុខភាពរាងកាយក៏មិនអាចមកបៀតបៀនបានដែរ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានសុខភាពល្អ ហើយស្វាគមន៍វស្សានរដូវចូលមកដល់ប្រកបដោយភាពរីករាយ៕
Article by HEM SOKKHIM