×

ទំនោរ​និយម​ថ្មី​ពី​ម៉ាក​ទាំង​៨​ដែល​បុរស​នារី​ហ្វេ​ហ្សិ​ន​និយម​មិនគួរ​រំលង​

FASHION & BEAUTY 2 years ago
 
 

​          បើក​ទំព័រ​សម្រាប់​ការ​ត្រឡប់មកវិញ​បន្ទាប់ពី​ផ្អាក​ប្រមាណ​២​ឆ្នាំ​ដោយសារតែ​ការ​រាតត្បាត​វី​រុ​ស​កូ​វី​ដ​១​៩​ ​កម្មវិធី​ ​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ ​បាន​ពាំ​នាំ​ខូឡិ​ក​ហ្សិ​ន​ជាមួយ​ទំនោរ​និយម​ច្រើន​បែប​សម្រាប់​និទាឃរដូវ​និង​រដូវក្តៅ​សុទ្ធ​សឹង​ជា​អ្វី​ដែល​អ្នក​ហ្វេ​ហ្សិ​ន​និយម​តែង​ទន្ទឹង​រង់ចាំ​។​ ​ជា​ការពិត​ណាស់​ ​ដើម្បី​ជា​គន្លឹះ​សម្រាប់​ការ​លេងខ្លួន​ ​នៅ​ក្នុង​អត្ថបទ​នេះ​ ​យើង​នឹង​មក​ស្វែងយល់​ទាំងអស់គ្នា​អំពី​ទំនោរ​និយម​ថ្មី​សម្រាប់​បុរស​-​នារី​ ​ដែល​ទើប​បញ្ចេញ​ដោយ​ម៉ាក​យីហោ​លេចធ្លោ​ចំនួន​៨​ដូច​ខាងក្រោម​៖

​DON​ ​PRO​T​AS​I​O :​ម៉ាក​នេះ​ផ្តោត​ភាព​ទាក់ទាញ​ជាមួយ​ហ្វេ​ហ្សិ​ន​បែប​លាត​ៗ​ ​រលុង​ៗ​ ​តែ​វិសាមញ្ញ​ ​និង​មើលទៅ​មាន​លក្ខណៈ​សហសម័យ​។​ ​ក្រៅពី​ប្រើ​ពណ៌​ស្រគាំ​ ​និង​ពណ៌​ស្រាល​បីដូច​មកពី​ធម្មជាតិ​ស្រាប់​ ​អ្នក​ច្នៃ​ម៉ូដ​ក៏បាន​បញ្ចេញរាង​រៅ​ក្នុង​ទម្រង់​ថ្មី​យ៉ាង​ ​unique​ ​ជាពិសេស​ត្រង់​ក​អាវ​ ​និង​ដៃអាវ​តែម្តង​។​

E​R​I​C ​RAISIN​A​ :ភាព​ឡូយ​ឆាយ​ចម្រុះ​បាន​ក្លាយ​ជា​ទំនោរ​និយម​ថ្មី​សម្រាប់​ម៉ាក​មួយ​នេះ​។​ ​ម៉ូដ​នីមួយៗ​បាន​បង្ហាញ​ពី​ភាព​ល្អឯក​ ​និង​លេចធ្លោ​ដោយឡែក​ពី​គ្នា​។​ ​ភាគច្រើន​លេង​ទៅលើ​សាច់ក្រណាត់​រាប់​តាំងពី​ ​សាច់​រលោង​ ​សូត្រ​ ​កម្ញី​ ​ប៉ាក់​ ​និង​ស្បៃ​ជាដើម​។​ ​ចុះ​តើ​ម៉ូដ​ណាមួយ​ជា​ស្ទា​យ៌​របស់​អ្នក​?

ARMADA​ :ឃើញ​ថា​ម៉ាក​ ​ARMADA​ ​បាន​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​ពោរពេញ​ដោយ​ថាមពល​ ​និង​មើលទៅ​មានអំណាច​។​ ​ឈុត​ទាំងអស់​បាន​ផ្តោត​លើ​ការ​ប្រើ​ពណ៌​៣​ចម្បង​គឺ​ ​ស​ ​ខ្មៅ​ ​និង​ក្រហម​ ​ឈុត​ខ្លះ​ប្រើ​ក្រណាត់​បោះពុម្ព​រូប​សត្វ​ល្មូន​ ​ឯ​ឈុត​ខ្លះទៀត​បោះពុម្ព​រូប​ក្បាល​ខ្មោច​ទាំង​តួខ្លួន​។​ ​អ្វី​កាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​មាន​មក​ជាមួយ​មួក​ធំ​ៗ​ក្នុង​សណ្ឋាន​ប្លែកៗ​ត្រូវចិត្ត​បំផុត​សម្រាប់​អ្នក​ហ្វេ​ហ្សិ​ន​និយម​។​

AM​BR​E​ ​MEN​ :មន្ត​ស្នេហ៍​របស់​បុរស​នឹង​កាន់តែ​ផ្អែមល្ហែម​ឡើង​ ​បើ​សិន​បាន​សាកល្បង​ទំនោរ​និយម​របស់​ម៉ាក​នេះ​ ​ដោយសារតែ​ខូឡិ​ក​ហ្សិ​ន​រាប់​តាំងពី​ឈុត​សម្រាប់​ធុរកិច្ច​រហូតដល់​ដំណើរ​ក​ម្សាន្ត​សុទ្ធ​សឹង​ប្រើ​ពណ៌​ស្រទន់​មក​បន្សំ​ ​ជាពិសេស​មាន​ពាស​មេអំបៅ​ចោមរោម​សឹងតែ​គ្រប់​ឈុត​ផង​ដែរ​។​

A​.N.​D​. :​សេរីភាព​ក្នុង​ការធ្វើដំណើរ​ក​ម្សាន្ត ​សេរីភាព​ក្នុង​ការ​បោះជំហាន​ជាថ្មី​បន្ទាប់ពី​កូ​វី​ដ​១​៩​ ​ត្រូវ​បាន​យកមក​លាតត្រដាង​តាមរយៈ​ឈុត​ខូឡិ​ក​ហ្សិ​ន​ទាំងនេះ​។​ ​ឈុត​រលុង​ៗ​ត្រូវ​បាន​ប្រើ​ក្រណាត់​បោះពុម្ព​ភ្ជាប់​ចម្រុះ​ ​ខ្លះ​លាត​ក្រឡា​ផ្កា​ ​ខ្លះ​គំនូរ​ ​និង​ខ្លះ​អក្សរ​។​ ​ចង់​ទំនើប​បែប​ទីក្រុង​ ​និង​មើលទៅ​ហំ​ហាន​អាច​សាកល្បង​ឈុត​មាន​អាវ​គ្រប​ពីលើ​ ​តែ​បើ​ចង់​ហ្វេ​ហ្សិ​ន​ដំណើរ​ក​ម្សាន្ត​ពេញ​ដោយសេរី​ភាព​អាច​សាកល្បង​ឈុត​រ៉ូប​តែម្តង​។​

D​R​EWE​ ​T​A​Y​L​OR :​ទំនោរ​និយម​របស់​ម៉ាក​នេះ​ហាក់​ចង់ឲ្យ​នារី​យើង​ស្រស់​សោភា​បីដូច​ជា​ទេពធីតា​។​ ​ភាគច្រើន​ជា​ឈុត​សមោសរ​ ​ប្រើ​ពណ៌​លេច​ ​និង​មាន​រំលេច​ក្រឡា​ផ្កា​រីក​យ៉ាង​ស្រស់បំព្រង​។​ ​អាច​ប្រមើល​ឃើញ​ថា​ ​វា​ជា​ទំនោរ​និយម​លាយ​បញ្ចូល​គ្នា​រវាង​ ​ហ្វេ​ហ្សិ​ន​ ​នារី​ភាព​ ​រួមផ្សំ​ភាព​សិចស៊ី​បន្តិចបន្តួច​។​

A​L​F​RED​O ​V​A​E​Z​ :​ទំនោរ​និយម​សម្រាប់​កូនក្រមុំ​ក៏បាន​ច្បិច​រសជាតិ​ហ្វេ​ហ្សិ​ន​មក​បញ្ចូល​ផង​ដែរ​។​ ​រដូវ​កាល​នេះ​សម្រស់​កូនក្រមុំ​ត្រូវ​បាន​បរិយាយ​តាមរយៈ​ឈុត​លាត​ប្រណីត​ ​លម្អិត​នឹង​ម៉ូដ​ចាប់​ភ្លី​ស្រាល​ៗ​ ​អម​ដោយ​ប៉ាក់​ផ្កា​ ​ខ្លះ​ល្អិត​ ​ខ្លះ​តូច​ ​ខ្លះ​ធំ​យ៉ាង​បំព្រង​។​ ​ជា​ឈុត​បែប​កូនក្រមុំ​ប្រណីត​បែប​ហ្វេ​ហ្សិ​ន​ ​សុភាព​នារី​ក៏​អាច​ប្រើ​ឈុត​នេះ​សម្រាប់​កម្មវិធី​សមោសរ​ផ្សេងៗ​ផង​ដែរ​។

WATER​LILY​ :ក្រឡេក​មក​គ្រឿង​លម្អ​វិញ​ ​ម៉ាក​ ​Water​lily​ ​ដែល​មាន​ប្រជាប្រិយភាព​ខាង​ធ្វើ​គ្រឿង​លម្អ​ប្រើ​វត្ថុធាតុដើម​ច្នៃ​ឡើងវិញ​ ​ឬ​ R​e​cycle​ ​ក៏បាន​បញ្ចេញ​ទំនោរ​និយម​គួរឲ្យ​ទាក់ចិត្ត​ផង​ដែរ​។​ ​គ្រឿង​លម្អ​ ​ចិញ្ចៀន​ ​ខ្សែក​ ​ក្រវិល​ ​និង​គ្រឿង​តាក់តែង​សក់​បាន​ ​រចនា​ឡើងជា​មួយ​អង្កាំ​តូច​ធំ​ ​សំខាន់​ឆើតឆាយ​នឹង​ពណ៌​ស្រស់​ៗ​ ​ឯ​ម៉ូដ​មើលទៅ​ហ្វេ​ហ្សិ​ន​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ដូចជា​ ​រូប​សត្វស្លាប​ ​សំបុក​ ​និង​រុក្ខជាតិ​ជាដើម​៕​

by​ ​Hem​ ​So​kk​him​


SUGGESTIONS