ប្រជុំម៉ូដសម្លៀកបំពាក់ច្នៃឡើងវិញដែលអាចជាគំនិតសម្រាប់ការលេងខ្លួន
FASHION & BEAUTY 2 years agoសម្លៀកបំពាក់ច្នៃឡើងវិញបានកំពុងពេញនិយមពីសំណាក់យុវវ័យ ដោយហេតុវាឆ្លុះបញ្ចាំងពីហ្វេហ្សិនពោពេញដោយគំនិតច្នៃប្រតិដ្ឋ និងការបង្ហាញពីការគិតគូរទៅលើបរិស្ថានដោយចាប់ផ្តើមពីមនុស្សជំនាន់ថ្មី។ សម្លៀកបំពាក់ច្នៃឡើងវិញ អាចចាប់ផ្តើមពីអ្នក ចាប់ផ្តើមពីការប្រើប្រាស់សម្លៀកបំពាក់ជជុះឬសម្លៀកបំពាក់ធ្លាប់ប្រើប្រាស់រួចយកមកបង្កើតម៉ូដថ្មីទៅតាមស្ទាយ៌កំពុងពេញនិយម ឬជាស្ទាយ៌ថ្មីផ្ទាល់ខ្លួន។ ដូចនេះដើម្បីបានជាគំនិតច្នៃម៉ូដ ប្រិយមិត្តអាចក្រឡេកមកកម្រងម៉ូដនៃកម្មវិធីបង្ហាញម៉ូដហ្វេហ្សិនច្នៃឡើងវិញរបស់ Re-made in Cambodia ដូចខាងក្រោម៖
1. The Ero Café
ស្ទើរតែមិនគួរឲ្យជឿថាគំនូរអាចធ្វើឲ្យម៉ូដសម្លៀកបំពាក់សាមញ្ញ ក្លាយទៅជាម៉ូដសម្លៀកបំពាក់ហ្វេហ្សិនថ្មីមួយទៀតប្រកបដោយប្រណីតភាព។ ការច្នៃឡើងវិញបែបនេះ វានឹងស្រស់ស្អាត និងមានអត្ថន័យទៅតាមរូបគំនូរ បើគូររូបផ្កាវានឹងមើលទៅទន់ភ្លន់ស្រស់បំព្រង បើគូរទេសភាពវានឹងមើលរ៉ូមែនទិច បើគូរតួអង្គរបាំវានឹងលើកឲ្យមានភាពប្រណីតលំដាប់ខ្ពស់ ហើយក៏បង្ហាញពីការអភិរក្សនិយមផងដែរ។ ចុះសម្រាប់អ្នក តើចង់គូរគំនូរបែបណានៅលើឈុតរបស់ខ្លួន?
2. Smoker by Muoy Chorm
៣ឈុត មួយខ្លី ពីរវែង របស់ម៉ាកយីហោដែលនិយមច្នៃម៉ូដដកស្រង់ពីធម្មជាតិ បានក្លាយជាម៉ូដហ្វេហ្សិនយ៉ាងលេចធ្លោ។ តាមការឲ្យដឹងពីអ្នកច្នៃម៉ូដផ្ទាល់ វាជាខូឡិកហ្សិនឈ្មោះថា «Smoker» ដែលដកស្រង់ពីផ្សែង មិនថាផ្សែងបារី ផ្សែងឆេះព្រៃ ឬផ្សែងមកពីទីកន្លែងណានោះទេ។ ដូច្នេះហើយទើបនៅលើសក់ម៉ូឌែលមានតុបតែងមែកឈើ និងបំណែកមាស ចំណែកឯក្រណាត់រលាស់តំណាងឲ្យខ្យល់ បើរលាស់បោកបក់ប៉ុនណា វានឹងដុតកម្ទេចខ្លាំងប៉ុណ្ណឹង។ ឈុតនេះបើបានគ្រងនឹងស្រស់ស្អាតបីដូចជារាជិនីសម្រស់ ក៏ព្រោះតែនៅលើឈុតបានចាប់ក្រណាត់ជាកញ្ចុំតាក់តែងរីកសាយលើដងខ្លួន រួមនឹងម៉ូដអូសដីរលាស់ផើយផាត់បង្កើតជាភាពទាក់ទាញរាល់វិនាទីបោះជំហាន។
3. Refashion Collection by PPIIA
ឈុតទាំងនេះត្រូវបានប្រើវត្ថុធាតុដើមពីសម្លៀកបំពាក់ខូចជាច្រើនដែលពុំមានអ្នកស្លៀកពាក់បន្តទៀត ហេតុដូច្នេះបំណែកនៃសម្លៀកបំពាក់ចាស់ៗ ឬសាច់ក្រណាត់សេសសល់ ឬខូចទាំងអស់នោះបានបង្កើតជាឈុត៣បែបផ្សេងគ្នា៖ មួយជាឈុតខោជើងធំស្លៀកពាក់ប្រចាំថ្ងៃ មួយជារ៉ូបខ្លីសម្រាប់កម្មវិធី និងមួយទៀតហ្វេហ្សិនបង្ហាញពីភាពយុវវ័យលាយឡំនារីភាព។
4. Sustainability’s Garments by MEDC
ទាំងពណ៌ និងទម្រង់នៃហ្វេហ្សិនដើរព្រៃ ត្រូវបានច្នៃមកជាការស្លៀកពាក់ទំនើបបែបទីក្រុងប្រកបដោយភាពហំហាន។ ឈុតទាំងនេះភាគច្រើនមិនលេងជាមួយគ្រឿងលម្អតូចៗ ឬស្អេកស្កះឡើយ ប្រើតែកាបូបធំ និងម៉ូដច្បាស់ៗនឹងប្រសព្វគ្នាបំផុត។
5. Redo Collection by Daughters of Cambodia
ភាពឆ្លាតវៃនៃការច្នៃម៉ូដពិតជាមិនសសើរមិនបាន ដោយឈុតទាំង៣នេះប្រើការច្នៃបន្ថែមឡើងវិញតែបន្តិចបន្តួចក៏បង្កើតជាឈុតថ្មីស្លៀកពាក់យ៉ាងឡូយឆាយ។ យើងចាប់អារម្មណ៍ទៅលើផ្នែកខាងក្រោម ដោយខោខូវប៊យមួយត្រូវបានប្រើក្រណាត់ផ្សេងមកប៉ះជាបំណះឆ្លាស់ពណ៌គ្នា ខោខូវប៊យមួយទៀតប្រើក្រណាត់ផ្សេងដេរភ្ជាប់ចេញជាម៉ូដជើងធំថ្មី ឯសំពត់ពណ៌ខៀវក៏បានប្រើក្រណាត់ឆ្លាស់ពណ៌មកដេរភ្ជាប់បង្កើតជាស្ទាយ៌ថ្មីផងដែរ។
6. Domlei
លើសពីភាពសាមញ្ញ ឈុតទាំងនេះបង្ហាញពីការធ្វើបដិវត្តហ្វេហ្សិនតាមរយៈការប្រើណាត់បោះពុម្ពក្រឡារង្វើល តែសម្គាល់ច្បាស់លាស់ ដែលសំខាន់ជាឈុតមានផាសុកភាពប្រើជាស្ទាយ៌ស្លៀកពាក់បានទាំងបុរស និងនារី។
7. Chic Denim by Raffles International College Phnom Penh
ក្រឡេកមកការបញ្ចេញម៉ូដរបស់និស្សិតសាលា Raffles វិញ ការរចនាម៉ូដត្រូវបានផ្តោតបញ្ចូលក្រណាត់ខូវប៊យទៅតាមគំនិតដកស្រង់ផ្សេងៗបង្កើតជាហ្វេហ្សិនទាន់សម័យ ជាពិសេសត្រូវចិត្តសម្រាប់យុវវ័យ។ ក្រណាត់ប្រើឡើងវិញ ត្រូវបានយកពីសម្លៀកបំពាក់ចាស់ៗ មានសភាពពុកផុយ បន្ថែមដោយការប្រើប្រាស់ហូលខ្មែរ អមដោយគ្រឿងលម្អតុបតែងកាយសុទ្ធសឹងច្នៃឡើងវិញ។ ចំណោមម៉ូដក្នុងនោះ មានការបញ្ចូលស្ទាយ៌ទំនើបលាយ Boho Chic ស្ទាយ៌ទាន់សម័យតែអេឡេហ្គិន ស្ទាយ៌ដកស្រង់ពីទសវត្សរ៍ទី៨០ និងស្ទាយ៌បង្ហាញពីនារីភាពលាយឡំធុរកិច្ច ជាដើម។
8. Blue Jeanius by A.N.D
ឈុតទាំងនេះហាក់ច្នៃពីសាច់ក្រណាត់សេសសល់ជាច្រើនដេរបញ្ចូលគ្នា បង្កើតជាម៉ូដច្រើនបែបមានលក្ខណៈហ្វេហ្សិន និងមើលទៅយុវវ័យ។ ឃើញថាអ្វីដែលអាចច្បិចសម្រាប់ការលេងខ្លួននោះគឺការប្រើស្ទាយ៌បែបរលុងៗ ម៉ូដច្រៀកសរសៃៗរណែងរណោង ពិសេសឈុតភាគច្រើនបានមកជាមួយអាវគ្របមានទាំងខ្លី វែង និងរហូតដល់ត្រឹមចុងជើងផងដែរ។ ខូឡិកហ្សិននេះសមទាំងបុរសនិងស្ត្រី ហើយវាក៏អាចប្រើជាស្ទាយ៌សម្រាប់ការលេងខ្លួនចូលរួមនៅក្នុងកម្មវិធីជប់លៀង កម្មវិធីបង្ហាញម៉ូដហ្វេហ្សិន ថតរូបហ្វេហ្សិន ហើយបើស្លៀកពាក់សម្រាប់ដំណើរកម្សាន្តទៀតនោះធានាថាឡូយឆាយតែម្តង។
Article by PAN SIVLY