×

ឈ្វេងយល់​ពី​សារធាតុ​ R​e​tin​o​l​ដ៏​ពេញ​និយម​នៅ​ក្នុង​ផលិតផល​ថែ​សម្រស់​

FASHION & BEAUTY 2 years ago
 
 

           ​អ្នក​និយម​ប្រើ​ផលិតផល​សម្រស់​ ​ប្រហែលជា​ធ្លាប់​បាន​ដឹង​ ​និង​បានឮ​រួចមក​ហើយ​នូវ​សារ​ធាតុផ្សំ​ជួរមុខ​នៅ​ក្នុង​ផលិតផល​នោះ​គឺ​ ​រ៉េ​ទី​ណុ​ល​ ​ឬ​ r​e​tin​o​l​ ​។​ ​ការពិត​ណាស់​ r​e​tin​o​l​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​វីតាមីន​ ​A​1 ​ស្ថិត​ក្នុង​ចង្កោម​គ្រួសារ​វីតាមីន​ ​A​ ​ដែល​ជា​សារធាតុ​សកម្ម​មាន​សមត្ថភាព​អាច​កែប្រែ​ស្បែក​ទៅ​តាមវិធី​ខុសៗគ្នា​ ​អាស្រ័យ​ទៅតាម​រូបមន្ត​ផ្សំ​នៃ​ផលិតផល​។​ ​សារធាតុ​ r​e​tin​o​l​ ​ត្រូវ​បាន​គេ​យកមក​ផ្សំ​នៅ​ក្នុង​ផលិតផល​សម្រស់​ច្រើន​ប្រភេទ​រាប់​តាំងពី​ ​គ្រាប់​លេប​ ​ឡេ​ គ្រី​ម​ ជែ​ល​ ​និង​សេរ៉ូម​ជាដើម​។​

1. តើ​អ្វី​ទៅជា​ r​e​tin​o​l​?

           ​ដូច​បាន​ជ្រាប​នៅ​ខាងដើម​ r​e​tin​o​l​ ​គឺជា​ឈ្មោះ​ហៅ​មួយទៀត​របស់​វីតាមីន​ ​A​1 ​ស្ថិត​ក្នុងចំណោម​គ្រួសារ​វីតាមីន​ ​A​ ​។​ ​វីតាមីន​ ​A​ ​ប្រភេទ​ផ្សេងទៀត​ដែលគេ​ប្រើ​ជា​ធាតុផ្សំ​ក្នុង​ផលិតផល​សម្រស់​រួម​មាន​ r​e​tiny​l​ ​palm​it​at​e​, r​e​tin​o​i​c ​acid​ ​និង​ ​t​r​e​tin​o​in​។​ ​វីតាមីន​ ​A​ ​ទាំងអស់​នេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​រួម​តែមួយ​ថា​ ​រ៉េ​ទី​ណូ​អ៊ី​ត​ ​ឬ​ r​e​tin​o​i​d​s​។​ ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​ ​និង​ការ​ព្យាបាល​ស្បែក​ ​ដោយសារតែ​វា​មាន​សមត្ថភាព​ជួយ​បណ្តុះ​ ​និង​ពង្រឹង​កោសិកា​ស្បែក​ថ្មី​។​ ​បើ​និយាយ​អំពី​ដំណើរ​ដើមទង​ ​វីតាមីន​ ​A​ ​គឺជា​សារ​ធាតុផ្សំ​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​បំផុត​នៅ​ក្នុង​ឆ្នាំ​ ​១​៩​១​៣​ ​ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ទើប​តែ​រៀន​ពី​ការបែងចែក​វា​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៤​៧​។​ ​វីតាមីន​ ​A​ ​បាន​ក្លាយ​ជា​សារ​ធាតុផ្សំ​ដ៏​មាន​ប្រជាប្រិយភាព​ ​និង​បាន​ដាក់ជា​គ្រឿងផ្សំ​ទៅ​ក្នុង​ផលិតផល​សម្រស់​ដំបូងបង្អស់​ដោយ​ ​វេជ្ជបណ្ឌិត​អាមេរិក​ ​លោក​ ​Alb​e​r​t​ K​l​i​g​man​។​ ​វេជ្ជ​ណ្ឌិ​ត​រូប​នេះ​ ​បាន​រួមដៃគ្នា​ជាមួយ​វេជ្ជបណ្ឌិត​២​នាក់​ផ្សេងទៀត​ ​មាន​លោក​ ​Jam​e​s ​F​u​l​ton​ ​និង​លោក​ ​G​e​r​d​ ​P​l​e​wig​ ​ដោយធ្វើ​ប្រតិបត្តិការ​តេ​ស្ត​យ៉ាង​ហ្មត់ចត់​រហូត​រក​ឃើញ​ថា​ ​សារធាតុ​ ​t​r​e​tin​o​in​ ​នៃ​វីតាមីន​ ​A​ ​អាច​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​មុន​ ​និង​ជា​សារ​ធាតុផ្សំ​ប្រឆាំង​នឹង​ភាព​ចាស់​។​

2. តើ​ r​e​tin​o​l​ ​មាន​តួនាទី​យ៉ាងដូចម្តេច​នៅ​លើ​ស្បែក​?

           ​​ជា​ការពិត​ r​e​tin​o​l​ ​មាន​តួនាទី​ជម្រុះ​កោសិកា​ស្បែក​ ​ដោយ​បង្កើន​កោសិកា​ថ្មី​ឲ្យ​ត្រឡប់មកវិញ​ ​និង​ជំរុញ​ដល់​ការ​ផលិត​ខូឡា​ជិន​។​ ​វា​ត្រូវ​បាន​ចាត់ទុកជា​សារ​ធាតុផ្សំ​ស្តង់​ដារ​ខ្ពស់​សម្រាប់​ប្រឆាំង​ភាព​ចាស់​ ​និង​ស​ម្អា​ត​ស្បែក​។​ ​ផលិតផល​ r​e​tin​o​l​ ​មាន​មក​ជា​ ​ប្រេង​ គ្រី​ម​ ​និង​សេរ៉ូម​ជាដើម​។​ ​នៅ​ពេល​លាប​ ​វា​នឹង​ជ្រាបចូល​ទៅ​ក្នុង​ស្បែក​យ៉ាង​ឆាប់រហ័ស​ ​ដោយ​ម៉ូលេ​គុល​ល្អិត​នៃ​ r​e​tin​o​l​ ​នឹង​ជ្រាបចូល​យ៉ាង​ជ្រៅ​ទៅ​ស្រទាប់​ស្បែក​ខាងក្រោម​ ​ឬ​ស្រទាប់​ស្បែក​ទី​២​ហៅថា​ ​d​e​r​m​i​s​។​ ​វា​ចូល​ទៅ​បន្សាប​រ៉ា​ឌី​កាល់​សេរី​ ​និង​ជំរុញ​ឲ្យ​កោសិកា​ស្បែក​ស្រទាប់​ខាងលើ​ដុះឡើង​មកវិញ​។​ ​ជា​លទ្ធផល​វា​កាត់បន្ថយ​ការ​ធ្លាក់ចុះ​នៃ​ខូឡា​ជិន​ ​និង​បង្កើន​ឲ្យ​ស្រទាប់​ស្បែក​ខាងក្រោម​ក្រាស់​ជាង​មុន​។​ ​វាក​៏​ជួយ​រំ​ញោច​ដល់​ការ​ផលិត​សរសៃឈាម​ថ្មី​នៅ​លើ​ស្បែក​ ​ដែល​កាត់បន្ថយ​បញ្ហា​ស្បែក​ពណ៌​មិន​ស្មើគ្នា​ផង​ដែរ​។​

3. ​តើ​ r​e​tin​o​l​ ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?

           ​​នៅ​ពេល​ប្រើ​ r​e​tin​o​l​ ​ជាមួយ​ផលិតផល​ថែរក្សា​សម្រស់​ប្រឆាំង​ភាព​ចាស់​ ​វា​អាច​កាត់បន្ថយ​ស្បែក​សភាព​មិន​ស្មើគ្នា​ ​និង​ធ្វើឲ្យ​ស្បែក​មើលទៅ​តឹង​ណែន​ជាង​មុន​។​ r​e​tin​o​l​ ​អាច​ប្រើ​បាន​ទាំង​ផ្ទៃមុខ​និង​ដងខ្លួន​។​ ​វា​មាន​អត្ថប្រយោជន៍​ ​ជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​សំខាន់​ៗ​រួម​មាន​ ​ឡើង​ស្នាម​បន្ទាត់​ ​ភាព​ជ្រីវជ្រួញ​ ​ស្បែក​បាត់បង់​ភាព​ភ្លឺ​ថ្លា​ ​ស្បែក​គ្រើម​ ​ស្បែក​សភាព​មិន​ស្មើ​ ​រន្ធ​រោម​ធំ​ ​ស្បែក​យារ​ធ្លាក់​ ​ជាំ​ ​និង​អាចម៍រុយ​។​ ​ពេលខ្លះ​ r​e​tin​o​l​ ​ក៏​ប្រើ​សម្រាប់​ព្យាបាល​មុន​ ​និង​ស្នាម​ដោយសារ​មុន​ផង​ដែរ​ ​ដែល​ជា​ធម្មតា​តម្រូវ​ធ្វើការ​ព្យាបាល​ដោយ​ការ​ប្រើ​ផលិតផល​ r​e​tin​o​l​ ​ផ្គួប​នឹង​ការ​ប្រើ​ថ្នាំលេប​ដើម្បី​សម្រួលការ​ហើម​រលាក​ ​និង​សម្លាប់​បាក់តេរី​។​

4. ​តើ​ r​e​tin​o​l​ ​មានផល​រំខាន​ឬទេ​?

           ​បើ​ទោះ​ r​e​tin​o​l​ ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​(​F​D​A​) ​តែ​វាក​៏​មិនមែន​មានន័យ​ថា​គ្មានផល​រំខាន​នោះ​ដែរ​។​ ​អ្នកប្រើប្រាស់​ r​e​tin​o​l​ ​អាច​ជួប​បទពិសោធន៍​ដូចជា​ ​ស្បែក​ស្ងួត​ ​និង​រោល​ ​ឯ​ផល​រំខាន​ផ្សេងទៀត​អាច​មាន​ដូចជា​ ​ឡើងក្រហម​ ​រមាស់​ ​និង​រ​បកស្បែក​ជាដើម​។​ ​ដើម្បី​កាត់បន្ថយ​ផល​រំខាន​ ​អាច​ធ្វើការ​ប្រើ​មួយថ្ងៃ​រំលង​មួយថ្ងៃ​ ​ឬ​៣​ថ្ងៃ​ម្តង​។​ ​នៅ​ពេល​ស្បែក​ទម្លាប់​ជាមួយ​ផលិតផល​ហើយ​ ​សឹម​ចាប់ផ្តើម​ប្រើ​ជាប្រចាំ​វិញ​។​ ​ករណី​ផល​រំខាន​មិន​បាត់​ ​អ្នក​​​ចាំបាច់​ទៅ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ​ឬមួយ​គួរតែ​ពិភ្សា​ជាមួយ​វេជ្ជបណ្ឌិត​មុន​ពេល​ប្រើប្រាស់​ថា​តើ​ស័ក្តិសម​នឹង​ស្បែក​ឬ​អត់​ទើប​ជា​ការ​ប្រសើរ​។​ ​ដោយឡែក​ ​តាមរយៈ​ការស្រាវជ្រាវ​របស់​ ​មហាវិទ្យាល័យ​សើស្បែក​អាមេរិក​ ​T​h​e​ ​American​ Os​t​e​o​path​i​c ​College​ ​អ្នកប្រើប្រាស់​តិច​ជាង​១​០​ភាគរយ​បាន​ជួប​ផល​ប៉ះពាល់​រួម​មាន​ ​ឡើង​មុន​ ​ឡើង​តាអក​ ​ស្បែក​ប្រែ​ពណ៌​មិន​ស្មើគ្នា​ ​ឡើងក្រហម​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ ​ឡើង​ពង​ ​ផ្សា​ ​និង​ហើម​។​ ​កា​រលាប​ r​e​tin​o​l​ ​ក្រោយពេល​លាងមុខ​៣​០​នាទី​ក៏​ជួយ​កាត់បន្ថយ​ការ​រមាស់​ផង​ដែរ​។​ r​e​tin​o​l​ ​អាច​ធ្វើឲ្យ​ស្បែក​ឆាប់​ប្រតិកម្ម​ជាមួយ​ពន្លឺ​ ​ដូច្នេះ​គួ​រលាប​នៅ​ពេលយប់​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​ ​សម្រាប់​ពេលថ្ងៃ​ ​បើ​អាច​គួរ​ប្រើ​ឡេ​ការពារ​ស្បែក​ដែល​មាន​សារធាតុ​ S​P​F​ ​ពី​៣​០​ឡើង​ទៅ​។​ ​ចុះ​សួរ​ថា​តើ​អាច​លាប​ផលិតផល​ផ្តល់​សំណើម​ជាមួយ​ r​e​tin​o​l​ ​បាន​ឬទេ​? ​ចម្លើយ​គឺ​ពិតជា​បាន​ ​ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​ជំហាន​របស់​វា​ដោយ​ ​ដំបូង​លាង​ស​ម្អា​ត​មុខ​ ​បន្ទាប់មក​ជូត​មុខ​ឲ្យ​ស្ងួត​ ​បន្ទាប់មក​ទៀត​លាប​ r​e​tin​o​l​ ​និង​ចុងក្រោយ​ចាំ​រយៈពេល​៤​-​៥​នាទី​ ​សឹម​លាប​ផលិតផល​ផ្តល់​សំណើម​។​

           ​ជា​រួម​មក​ ​ថ្វីបើ​ការ​ប្រើ​ r​e​tin​o​l​ ​ត្រូវការ​ចំណាយ​ពេល​ច្រើន​ខែ​ ​និង​ជួន​មានផល​រំខាន​តិចតួច​ ​តែ​វាក​៏​នឹង​ទទួល​បាន​លទ្ធផល​មកវិញ​ជាមួយ​ស្បែក​តឹង​ណែន​ ​និង​ស្រស់​ថ្លា​។​ ​សារធាតុ​ r​e​tin​o​l​ ​ពិតជា​មានផល​វិជ្ជមាន​ចំពោះ​ស្បែក​ ​ទាំង​សម្រាប់​ប្រឆាំង​ភាព​ចាស់​ ​និង​ដោះស្រាយបញ្ហា​មុន​។​ ​វា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​សម្រស់​ស្បែក​គ្រប់រូប​។​ ​ជា​វិធី​ល្អ​ ​មុន​ពេល​ជ្រើសរើស​ផលិតផល​ r​e​tin​o​l​ ​ណាមួយ​មក​ប្រើ​ ​គួរគប្បី​ធ្វើ​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ ​ឬ​វេជ្ជបណ្ឌិត​សើស្បែក​ ​ដើម្បី​ដឹង​ច្បាស់​ថា​តើ​ផលិតផល​ណាមួយ​គុណភាព​ល្អ​ ​សំខាន់​ត្រូវនឹង​ប្រភេទ​ស្បែក​របស់​អ្នក​៕

Article​ ​by​ ​HEM SOKKHIM


SUGGESTIONS