×

Location​ ​Coffee​ ​ហាង​កាហ្វេ​តូច​បែប​ ​Cut​e​​ ​ទើប​បើក​ថ្មី​ក្នុង​តំបន់​ខណ្ឌ​សែន​សុខ​

TRAVEL & LIVING 3 weeks ago
 
 

           ​កន្លងមក​ ​មិត្ត​យុវវ័យ​បាន​ស្គាល់​រួចមក​ហើយ​នូវ​យីហោ​ហាង​កាហ្វេ​ធំ​ៗ​ដែល​ល្បី​ៗ​ក្នុង​ក្រុងភ្នំពេញ​ ​យើង​ ​តួយ៉ាង​ ​Star​buck​s, ​Brown​, ​Amazon​, ​G​l​or​i​a​ J​e​an​’s ​ជាដើម​។​ ​ប៉ុន្តែ​ឥឡូវនេះ​ ​ហាង​កាហ្វេ​តូច​ៗ​ ​ជាមួយ​គំនិត​ច្នៃ​បង្កើត​ថ្មី​របស់​សហគ្រិន​ក្នុងស្រុក​របស់យើង​ក៏មាន​ភាព​ទាក់ទាញ​មិនធម្មតា​ដែរ​ស្របតាម​ភាព​រីក​ចម្រើន​នៃ​សង្គម​បច្ចុប្បន្ន​ ​គួរឲ្យ​ចង់​ទៅ​សាកល្បង​បន្ថែម​លើ​បទពិសោធន៍​ចាស់ៗ​ដែល​យើង​ធ្លាប់​ ​ឆ្លងកាត់​កន្លងមក​នោះ​។​ ​មួយ​ក្នុងចំណោម​វត្តមាន​ហាង​កាហ្វេ​តូច​ៗ​ដែល​ទើប​បង្កើត​ថ្មី​ប្រចាំ​តំបន់​នោះ​គឺ​ ​Location​ ​Coffee​ ​ដែល​ប្រៀប​ដូចជា​កូន​ផ្កាយ​មួយ​គ្រាប់​កំពុង​រះ​ស្វាគមន៍​អតិថិជន​ដែល​និយម​ទទួលទាន​ ​កាហ្វេ​នៅ​ម្តុំ​ផ្លូវ​ឧកញ៉ា​ម៉ុង​ប្ញទ្ធី ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ​ខាងលិច​រាជធានី​ភ្នំពេញ​។​

          ​ជាមួយនឹង​ក្តី​សង្ឃឹម​អំពី​ប្រជាប្រិយភាព​នៃ​ទី​តាំងហាង​កាហ្វេ​ជំនាន់​ថ្មី​ប្រចាំ​តំបន់​នេះ​ ​ស្ថាបនិក​ ​ហាង​ ​អ្នកនាង​ ​សាន​ ​សាង​ ​បាន​កំណត់​យកឈ្មោះ​ថា​ ​«​Location​ ​Coffee​»​ ​សម្រាប់​អាជីវកម្ម​ថ្មីថ្មោង​មួយ​ ​នេះ​ព្រោះ​ស្ថាបនិក​ហាង​រូប​នេះ​យល់ថា​ ​នៅ​ពេល​ហាង​កាហ្វេ​មួយ​ល្បី​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ ​ម្នាក់ៗ​ ​នឹង​នាំគ្នា​ ​share​ ​location​ ​នៃ​ហាង​នោះ​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យបាន​ដឹង​ត​ៗ​គ្នា​។​អតីត​បា​ហុនិ​កា​(​flight attendant​)​រូប​នេះ​បាន​ប្រាប់​សូវ​រី​ន​ថា​ ​ដោយសារ​អ្នកនាង​ធ្លាប់ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជាច្រើន​កន្លងមក​ ​អ្នកនាង​បាន​ស្វែងយល់​នូវ​គំនិត​ថ្មីៗ​ពី​បរទេស​ ​គួបផ្សំ​នឹង​គំនិត​ច្នៃ​ប្រតិដ្ឋ​ផ្ទាល់ខ្លួន​ ​អ្នកនាង​ក៏បាន​សម្រេច​ ​ចិត្ត​តុបតែង​លម្អ​ហាង​កាហ្វេ​ក្នុង​រចនាបថ​បែប​នេះ​ទៅតាម​កញ្ចប់​ថវិកា​ដែល​សម​ល្មម​អាច​រ៉ាប់រង​បាន​ ​ស្រប​ជាមួយ​ក្តី​ស្រមៃ​ថា​នឹង​បើក​ហាង​កាហ្វេ​មួយ​នៅ​ថ្ងៃណាមួយ​ក្នុងនាម​ជា​អ្នក​និយម​ទទួលទាន​កាហ្វេ​ ​ឬ​ ​Coffee​ ​Lover​ ​ផ្ទាល់​ផង​នោះ​។​

          ហាង​កាហ្វេ​ដ៏​តូច​ច្រឡឹង​បែប​Cut​i​e​នេះ​ ​មាន​ទីធ្លា​ចំណត​យានយន្ត​នៅ​ខាងមុខ​យ៉ាង​ធំ​ទូលាយ​ ​ស្ថិតនៅ​ទីតាំង​ជាប់​ផ្លូវ​ធំ​នៃ​បុរី​សែន​សុខ​ថោ​ន​ (​Bore​y​ S​e​n ​So​k ​Town​) ​ក្នុង​ភូមិ​ទំនប់​១​ ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ទំនើប​ ​A​E​ON ​I​I​ ​ជិត​ផ្លូវ​ឧកញ៉ា​ម៉ុង​ប្ញទ្ធី ​ដែល​អតិ​ ថិ​ជន​ជាច្រើន​ងាយស្រួល​ស្វែងរក​។​ ​ទន្ទឹម​នឹង​គុណសម្បត្តិ​ផ្នែក​ទីតាំង​ ​ហាង​នេះ​ត្រូវ​បាន​រចនា​ឡើង​ក្នុង​ ​រចនាបថ​ទាន់សម័យ​បែប​ ​Minimal​i​s​t​ ​ឬ​ ​តិច​និយម​ ​ដែល​ជា​ស្ទី​ល​ហាង​កាហ្វេ​កំពុង​ត្រូវប៉ាន់​ក្នុងចំណោម​ ​មិត្ត​យុវវ័យ​ក្នុង​ប្រទេស​យើង​ជាពិសេស​អ្នក​ដែល​ចូលចិត្ត​អង្គុយ​ថតរូប​លេង​ក​ម្សាន្ត​នៅ​តាម​ហាង​កាហ្វេ​។​ ​ក្រោម​ផ្នត់គំនិត​ប្រចាំ​ហាង​ “​Small​ ​But​ ​Premium​” (​តូច​តែ​មានគុណ​ភាព​ខ្ពស់​) ​ហាង​នេះ​ថ្វី​ដ្បិតតែ​មាន​ ​ទំហំ​តូច​បន្តិច​មែន​ ​តែ​មាន​ចំណុច​ទាក់ទាញ​តាមរយៈ​ការ​តុបតែង​ដេ​គ​័​រ​ជាមួយ​ផ្ទៃ​ជញ្ជាំង​ពណ៌​ស​ជួយ​ធ្វើ​ ​ឲ្យ​មាន​អារម្មណ៍​ភ្លឺ​ថ្លា​ស្រស់ស្រាយ​។​ ​ផ្ទាំង​យីហោ​ ​Location​ ​Coffee​ ​រំលេច​ជា​រាង​រង្វង់​ផុស​ឡើង​ក្បែរ​មាត់​ ​បង្អួច​កញ្ចក់​ធំ​ៗ​ដែល​ភ្ញៀវ​អាច​អង្គុយ​ក្រេបរសជាតិ​កាហ្វេ​បណ្តើរ​ ​សម្លឹង​គយគន់​ទិដ្ឋភាព​ដង​ផ្លូវ​នៃ​ទីក្រុង​ ​បណ្តើរ​ ​មើល​ពី​ខាងក្នុង​ទៅ​ឃើញ​ស្រឡះ​មុខ​ល្អ​មែនទែន​។​ ​ប្រសិនបើ​មក​ចំ​ពេល​ភ្លៀង​ខែ​នេះ​ ​យើង​អាច​ ​បណ្តែតអារម្មណ៍​ជាមួយ​ស្នូរ​តំណក់ទឹកភ្លៀង​ដែល​បង្អុរ​ធ្លាក់​ចំពីមុខ​យើង​ ​ស្តាប់​ត​ន្រ្តី​តិចៗ​អម​ផង​ ​កាន់តែ​ ​បន្ថែម​រសជាតិ​នៃ​បទពិសោធន៍​ទទួលទាន​កាហ្វេ​ទ្វេ​ដង​។

          ​ចំពោះ​ ​Men​u ​ភេសជ្ជៈ​វិញ​ ​លោកអ្នក​អាច​ជ្រើសរើស​បាន​ក្នុងចំណោម​ជម្រើស​រហូតដល់​៥​០​មុខ​។​ ​ប្រសិនបើ​លោក​អ្នកចូលចិត្ត​កាហ្វេ​ ​នៅ​ទីនេះ​មាន​ប្រភេទ​កាហ្វេ​ដែល​ពេញ​និយម​ទូទៅ​ដូចជា​ ​Hot​/​Ice​d​ ​Lat​t​e​, ​E​s​press​o ​និង​ ​M​oc​h​a​។​ ​សម្រាប់​អ្នក​ដែល​មិន​ចង់​ញ៉ាំ​កាហ្វេ​ ​អាច​សាកល្បង​ភេសជ្ជៈ​ប្រចាំ​ហាង​ ​ពិសេស​មួយ​មុខ​ដែល​ណែនាំ​ដោយ​ម្ចាស់​ហាង​ផ្ទាល់​គឺ​ ​Caramel​ ​Passion​ ​ដែល​មាន​​​រូបមន្ត​រួមបញ្ចូល​ ​រវាង​ផ្លែ​ផា​សិន​ស្រស់​ពី​ធម្មជាតិ​ដាំ​ក្នុងស្រុក​ ​ស្ករ​ ​Caramel​ ​និង​ទឹកសូដា​ ​មាន​រសជាតិ​ជូរអែម​ចូលជាតិ​ ​ចាប់មាត់​ ​ស័ក្តិសម​សម្រាប់​អ្នក​ដែល​មាន​អា​កា​រៈ​ធីងធោង​ក្រោយ​ទទួលទាន​សុរា​។​ ​ក្រៅពី​នេះ​ក៏មាន​ភេសជ្ជៈ​បែប​ប្រពៃណី​សាមញ្ញ​ៗ​ដែល​មិន​ងាយ​រក​បាន​នៅ​តាម​បណ្តា​ហាង​កាហ្វេ​ទំនើប​ដទៃទៀត​ ​ដូចជា​ ​ទឹក​អំពិល​ទុំ​ ​ទឹក​ង៉ាំ​ង៉ូ​វ​ ​ទឹក​គាម​ប៊ួ​យ​ ​និង​កាហ្វេ​ទឹកកក​ភ្នំពេញ​។​ល​។​ ​លក្ខណៈ​ពិសេស​មួយទៀត​ដែល​ភ្ញៀវ​ពេញចិត្ត​ចំពោះ​ហាង​នេះ​គឺ​ ​តម្លៃថោក​សមរម្យ​ ​ត្រឹមតែ​ចន្លោះ​ពី​ 1.50$ ​ដល់​ 2.75$ ​តែប៉ុណ្ណោះ​។

          ​នៅ​ពេល​ឆាប់ៗ​ខាងមុខ​ ​ស្ថាបនិក​ហាង​បាន​បង្ហើប​ថា​ ​នឹង​បង្កើត​អាជីវកម្ម​ហាង​សា​ឡ​ន​នៅ​ជាប់​ ​ហាង​ផ្កា​និង​ហាង​កាហ្វេ​នេះ​ដើម្បីឲ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​អាច​ប្រើប្រាស់​សេវាកម្ម​ទាំង​បី​នេះ​ជា​កញ្ចប់​មុននឹង​ទៅ​ចូលរួម​កម្មវិធី​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ធ្វើដំណើរ​ទៅ​ទីតាំង​ខុសគ្នា​ម្តង​ ​មួយៗ​ដូចមុន​ទៀត​នោះ​ទេ​៕​

Article by SRINSOKMEAN


 


SUGGESTIONS