កំហុស៧យ៉ាងនៃការថែទាំស្បែកមុខដែលស្ត្រីភាគច្រើនតែងធ្វើឡើងដោយមិនដឹងខ្លួន
TRAVEL & LIVING one year agoបើអ្នកសម្គាល់ឃើញថាទម្លាប់នៃការថែទាំស្បែកមុខរបស់អ្នកមិនទទួលបានផល ឬកាន់តែធ្វើឲ្យស្បែកមានបញ្ហាលើសដើម គឺដល់ពេលដែលអ្នកគួរតែចាប់ផ្តើមប្រមើលមើលឡើងវិញហើយ។ ពេលខ្លះវាមិនមែនមកពីផលិតផលនោះទេ តែវាអាចជាកំហុសឬការអនុវត្តមិនបានត្រឹមត្រូវ ដែលការបណ្តោយបែបនេះជារឿយៗមិនយូរមិនឆាប់អាចនឹងបង្កផលអាក្រក់ចំពោះស្បែកដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាកំហុស៧យ៉ាងដែលស្ត្រីតែងអនុវត្តចំពោះស្បែករបស់ខ្លួន៖
1. ការគេងដោយមិនបានសម្អាតគ្រឿងផាត់មុខ៖ វាពិតជាចាំបាច់ណាស់ក្នុងការលាងជម្រះគ្រឿងផាត់មុខចេញមុនពេលចូលគេង។ នៅពេលដែលអ្នកតុបតែងមុខ គ្រឿងសម្អាងដែលនៅជាប់នឹងស្បែក លាយឡំជាមួយធូលីដី វានឹងធ្វើឲ្យរន្ធរោមកកស្ទះ បង្កទៅជាមុនក្បាលខ្មៅ ស្នាមអុជខ្មៅ និងស្បែកឡើងស្រអាប់ជាដើម។ ដូច្នេះមិនថារវល់យ៉ាងណា ហត់នឿយយ៉ាងណា អ្នកគួរតែឆ្លៀតលាងជម្រះគ្រឿងសម្អាងចេញជាមុនសិនមុនពេលចូលគេង។
2. លាបគ្រីមផ្តល់សំណើមតែពេលយប់៖ សុភាពនារីអាចគិតថាការលាបគ្រីមផ្តល់សំណើមតែនៅពេលយប់គឺគ្រប់គ្រាន់ ឯសុភាពនារីខ្លះយល់ថាការលាបគ្រីមផ្តល់សំណើមនៅពេលថ្ងៃរួចធ្វើការផាត់មុខ នឹងមិនធ្វើឲ្យការផាត់មុខជាប់បានយូរនោះទេ។ វាមិនដូច្នោះឡើយ មែនទែនទៅស្បែកមុខពិតជាត្រូវការការផ្តល់សំណើមគ្រប់ពេលមិនថាពេលយប់ឬពេលថ្ងៃ។ ការផ្តល់សំណើមដល់ស្បែកជាប្រចាំ មិនត្រឹមតែធ្វើឲ្យស្បែកជៀសឆ្ងាយពីភាពជ្រីវជ្រួញ តែថែមទាំងរក្សាស្បែកឲ្យតឹងណែន និងមើលមកភ្លឺរលោងចេញពីខាងក្នុង។ គ្រាន់តែលាបគ្រីមផ្តល់សំណើមទុក៣ទៅ៥នាទី បន្ទាប់មកលាបឡេការពារកម្តៅថ្ងៃឬផាត់មុខពីលើនឹងធ្វើឲ្យស្បែកមុខមើលទៅស្រស់ថ្លា។
3. មិនលាបឡេការពារកម្តៅថ្ងៃនៅពេលថ្ងៃ៖ ការលាបឡេការពារកម្តៅថ្ងៃគឺជារឿងដ៏ចាំបាច់ដែលតម្រូវអនុវត្តជាប្រចាំ ព្រោះវាជួយការពារស្បែកពីកាំរស្មីព្រះអាទិត្យ ជួយពន្យារភាពចាស់ ភាពខ្មៅស្រអាប់ និងស្នាមអុជខ្មៅ។ ម្យ៉ាងទៀត បើនៅផ្ទះសូម្បីពន្លឺពីអំពូលអគ្គិសនី និងឧបករណ៍អេឡិចត្រូនិចផ្សេងៗក៏ជាអាវុធបំផ្លាញស្បែកដោយមិនដឹងខ្លួនផងដែរ។ និយាយរួម មិនថានៅផ្ទះឬចេញទៅក្រៅគប្បីលាបឡេការពារកម្តៅថ្ងៃជាប្រចាំ ពិសេសពេលចេញទៅក្រៅគួរលាបឡើងវិញម្តងទៀតនៅរៀងរាល់៣ទៅ៤ម៉ោងម្តងដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
4. ការលាងមុខជាមួយទឹកត្រជាក់ពេកឬទឹកក្តៅពេក៖ ស្បែកដែលមានសុខភាពល្អគឺជាស្បែកដែលមានសំណើមគ្រប់គ្រាន់។ ការលាងសម្អាតមុខជាមួយនឹងទឹកត្រជាក់ពេកឬក្តៅពេក អាចបណ្តាលឲ្យបាត់បង់សំណើមពីធម្មជាតិរបស់ស្បែក។ ដូច្នេះគួរប្រើទឹកក្តៅឧណ្ហៗឬទឹកត្រជាក់ល្មម ទើបស្បែកនៅតែអាចរក្សាសំណើម និងមិនបង្កឲ្យស្ងួតឬឡើងរបក។
5. មិនប្រើសេរ៉ូមមុនពេលលាបគ្រីមផ្តល់សំណើម៖ សេរ៉ូមលាបមុខត្រូវបានគេផលិតឡើងដើម្បីផ្តល់សារធាតុចិញ្ចឹម ផ្តល់សំណើមដល់ស្បែក និងជួយការពារ ក៏ដូចជាព្យាបាលរាល់បញ្ហាស្បែកស្រអាប់ ស្នាមជ្រីវជ្រួញ និងកម្ចាត់មុន។ ការប្រើសេរ៉ូមលាបមុខគឺជាជំហានបន្ទាប់ក្រោយពេលលាងសម្អាតមុខរួច បន្ទាប់មកទើបលាបគ្រីមផ្តល់សំណើម ដែលវានឹងផ្តល់ភាពសកម្មដល់ស្បែកបានឆាប់រហ័ស។ គួរគប្បីប្រើសេរ៉ូមភ្លាមៗក្រោយពេលលាងមុខ និងលាបវាឲ្យបាន៥នាទីមុនពេលប្រើគ្រីមផ្តល់សំណើម។
6. ការស្រ្កាប់ស្បែកហួសកម្រិត៖ ទទួលស្គាល់ថាស្បែកមុខគប្បីធ្វើការស្រ្កាប់ដើម្បីជម្រុះកោសិកាចាស់ៗ។ ប៉ុន្តែករណីស្រ្កាប់ញឹកញាប់ពេកអាចធ្វើឲ្យកោសិកាថ្មីលូតលាស់មិនទាន់ បណ្តាលឲ្យស្បែកស្តើង និងអាចឆាប់ប្រតិកម្មជាមួយកម្តៅថ្ងៃនិងការប្រើប្រាស់ផលិតផលផ្សេងៗ។
7. ប្រើផលិតផលពេលយប់និងពេលថ្ងៃដូចគ្នា៖ ជាទូទៅការថែរក្សាស្បែកមុខនៅពេលយប់ និងពេលថ្ងៃតែងមានតម្រូវការផ្សេងគ្នា។ ជាក់ស្តែង ពេលយប់ស្បែកមុខត្រូវការការជួសជុលកោសិកាដែលខូចខាត និងការបំប៉នស្បែកឡើងវិញ ខណៈពេលថ្ងៃស្បែកទាមទារឲ្យមានការលាបឡេការពារកម្តៅថ្ងៃជាចាំបាច់។ ដូចនេះអ្នកគួរតែប្រើផលិតផលជាក់លាក់ណាមួយដែលត្រូវនឹងប្រភេទស្បែក និងបែងចែកឲ្យដាច់រវាងផលិតផលប្រើពេលយប់និងពេលថ្ងៃ។ ពេលទិញផលិតផល បើអ្នកមិនច្បាស់ អ្នកអាចធ្វើការសាកសួរអ្នកជំនាញណែនាំនៅកន្លែងលក់តែម្តង៕
Article by SOUNG SOKSAN