ហាងបាយបរិស្ថាននិយមក្នុងបេសកកម្មលើកស្ទួយម្ហូបគោកខ្មែរតាមរយៈបច្ចេកវិទ្យា
TRAVEL & LIVING 2 years agoហាង «បាយស្លឹកចេក» មានទីតាំងស្ថិតនៅលើផ្លូវ335 កែង 528 សង្កាត់បឹងកក់១ ខណ្ឌទួលគោក ជិត Samai Square ដែលមានវិសេសភាពគួរឲ្យកត់សម្គាល់ខុសប្លែកពីហាងលក់ម្ហូបខ្មែរនានាទូទាំងក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ទាំងគុណភាពរសជាតិ ជម្រើសអាហារ និងសោភ័ណភាពនៃការវេចខ្ចប់។ ហាងនេះត្រូវបានបង្កើតឡើងដោយអ្នកនាង លាន ច័ន្ទលាមី សហគ្រិនស្រ្តីក្នុងស្រុកមួយរូបដែលគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះកត្តាបរិស្ថាន សុខភាព និងភាពងាយស្រួលបត់បែនម្រាប់អ្នកទទួលទាន ជាពិសេសបុគ្គលិកការិយាល័យដែលមានពេលវេលាតិច។
ចំពោះប្រវត្តិអាជីវកម្មហាងនេះ អាជីវកម្មលក់បាយនេះត្រូវបានចាប់ផ្តើមឡើងកាលពី៣ឆ្នាំមុន ខណៈដែលបុគ្គលិកការិយាល័យភាគច្រើនពិបាករកកន្លែងទទួលទានអាហារថ្ងៃត្រង់ញ៉ាំ ហើយក៏មិនទាន់មានកម្មវិធី App កុម្ម៉ង់អាហារសម្បូរបែបទូលំទូលាយច្រើនដូចសព្វថ្ងៃនៅក្នុងក្រុងភ្នំពេញយើង។ ក្រោយមក បន្ទាប់ពីផ្អាកលក់មួយរយៈ (ជំនាន់ដំបូង លក់ជារទេះ) នៅអំឡុងឆ្នាំ ២០២០ ហាងបាយដែលផ្តោតលើការបញ្ជាទិញអនឡាញនេះបានលេចរូបរាងឡើង ស្របពេលដែលប្រទេសកម្ពុជាយើងចាប់ផ្តើមទទួលយកការកុម្ម៉ង់ទំនិញតាមអនឡាញហើយ។ គិតចាប់តាំងពីពេលនោះមក រហូតដល់បច្ចុប្បន្ន ហាង «បាយស្លឹកចេក» បានបើកដំណើរការបម្រើសេវាកម្មអាហារកុម្ម៉ង់ជូនអតិថិជន តាមរយៈបច្ចេកវិទ្យា App ដឹកជញ្ជូន រួមមាន FoodPanda និង Nham 24 ជាដើម។
Image Courtesy: បាយស្លឹកចេក
ផ្ទុយពីជំនាន់លក់ដំបូងដែលលក់បានត្រឹមបាយដាំឆ្នាំងចំណុះអង្ករបីកំប៉ុង អង្ករដំណើបខ្មៅត្រឹម១គីឡូក្រាម និងសាច់ត្រឹម ២-៣គីឡូក្រាម បច្ចុប្បន្ននេះ ហាង «បាយស្លឹកចេក» បានអភិវឌ្ឍអាជីវកម្មរបស់ខ្លួនរហូតដល់លក់ដាច់កើនឡើងរហូតដល់ ៥០-១០០ ប្រអប់ និង ២០០-៥០០ប្រអប់/ មួយថ្ងៃ ហើយចេះតែបន្តសម្រេចគោលដៅលក់កើនទៅមុខជាលំដាប់។ អាហារក្រៀមប្រចាំត្រកូលទាំង៥ មាន គោងៀត ត្រីឆ្ពិនចៀន ត្រីប្រមាចៀន ឆ្អឹងជំនីរជ្រូក និងប្រហុកខ្ទិះ (មុខម្ហូបបន្ថែមថ្មី) សុទ្ធតែអន្ទងចិត្តអតិថិជនឲ្យគាំទ្រហាងនេះម្តងហើយម្តងទៀតមិនជិនណាយ។ ទន្ទឹមនឹងប្រភេទម្ហូប បាយរបស់ហាងក៏ប្លែកពីគេដែរ គឺប្រើអង្ករដំណើបខ្មៅលាយជាមួយអង្ករធម្មតា ដែលធ្វើឲ្យមានពណ៌ និងរសជាតិពិសេស។ ចំពោះតម្លៃ គឺត្រឹមចន្លោះ ២.៥០ ដុល្លារ - ៣ដុល្លារ ដែលអតិថិជនភាគច្រើនអាចទទួលយកបាន បើធៀបនឹងរសជាតិនិងគុណភាពអាហារប្រកបដោយអនាម័យនិងសោភ័ណភាពនៃការវេចខ្ចប់។ អ្នកនាង លាមី បានអះអាងថា ចំពោះប្រតិកម្មរបស់អតិថិជនកន្លងមក គឺមានភ្ញៀវខលមកសរសើរថាឆ្ងាញ់ រហូតមានភ្ញៀវខ្លះsave ដាក់ថា «ហាងបាយឆ្ងាញ់» ក្នុងទូរសព្ទរបស់ពួកគាត់ទៀតផង។
ចំណុចពិសេសក្រៅពីរសជាតិម្ហូបគោកខ្មែរដែលខុសពីហាងដទៃហើយនោះ ហាងនេះមានគុណសម្បត្តិផ្នែកជួយបរិស្ថានដ៏ច្រើនលើសលប់។ ជាក់ស្តែង អាជីវកម្មនេះប្រើស្លាបព្រាធ្វើពីម្សៅពោត ៩០ថ្ងៃរលាយ ។ ប្រអប់ក្រដាស ៦សប្តាហ៍រលាយ និងថង់អេកូផ្លាស (Eco-Plus) ផុយជាងថង់ធម្មតា។ ទោះបីជាត្រូវចំណាយថ្លៃដើមច្រើន តែម្ចាស់ហាងបញ្ជាក់ថា គាត់ពិតជាធ្វើរឿងនេះដោយមោទកភាព ព្រោះមានអារម្មណ៍ថារីកចម្រើនទាំងខ្លួនឯងផងនិងបានជួយដល់សង្គមផង៕
Article by SRINSOKMEAN