×

ល្ខោន​ទេសចរណ៍​ ​«​មិត្តសំឡាញ់​»​ ​ក្នុង​យុទ្ធនាការ​ ​Beat​ ​Plastic​

NEWS 4 weeks ago
 
 

           ​កាលពី​ខែ​តុលា​កន្លងទៅ​ថ្មីៗ​នេះ​ ស្ទូ​ឌី​យ៉ូ​គំនិតច្នៃប្រឌិត​កម្ពុជា​ហ្វារ​ (​P​hare​ ​Creative​ ​Studio​) ​បាន​រៀបចំ​យុទ្ធនាការ​លើក​ក​ម្ពស់​ការយល់​ដឹង​ផ្នែក​បរិស្ថាន​ដល់​កុមារ​ជាង​១​ពាន់​នាក់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​តាមរយៈ​ការ​បង្កើត​កម្មវិធី​ល្ខោន​ទេសចរណ៍​ (​t​heat​r​e​ ​tour​) ​និង​សិក្ខាសាលា​នៅ​តាម​សាលារៀន​ ​និង​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​នៅ​ក្នុង​ខេត្ត​ ​ចាប់ដៃ​គូ​សហការ​ជាមួយ​អង្គការ​ល្ខោន​គំនិត​ (​L​a​k​h​on Ko​m​n​it​ ​Organization​) ​ដែល​ជា​ក្រុម​ឯកទេស​មិន​សំដៅ​ស្វែងរក​ប្រាក់ចំណេញ​ក្នុង​គម្រោង​ល្ខោននិយាយ​សហគមន៍​។​

           ​​ល្ខោន​ទេសចរណ៍​នេះ​មាន​គោលបំណង​អប់រំ​កុមារ​អំពី​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​ការប្រើប្រាស់​ប្លាស្ទិក​ប្រចាំថ្ងៃ​ ​និង​ផល​ប៉ះពាល់​របស់​វា​ទៅលើ​បរិស្ថាន​សមុទ្រ​ជា​កន្លែង​ចុងក្រោយ​ដែល​ប្លាស្ទិក​ធ្លាក់​ទៅដល់​ ​ក្រោយ​ពី​មានការ​បោះចោល​ពាសវាលពាសកាល​។​ ​វា​បង្ក​ឲ្យ​មាន​ហា​និ​ភ័យ​ដល់​សត្វ​ក្នុង​ទឹក​ ​និង​សត្វមានជីវិត​ទាំងអស់​។​

           ​ល្ខោន​ទេសចរណ៍​នេះ​បាន​សម្តែង​នៅ​សាលា​បញ្ញា​សា​ស្រ្ត ​សាលា​សុវណ្ណភូមិ​ ​សាលា​យូ​អេ​ស​អេ ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ ​អង្គការ​សកម្មភាព​កុមារ​ដើម្បី​ការ​អភិវឌ្ឍន៍​ ​និង​អង្គការ​អនាគត​កុមារ​អន្តរជាតិ​ ​ដោយមាន​កុមារ​ជាង​១​ពាន់​នាក់​ ​មាន​អាយុ​ពី​៦​ដល់​១​២​ឆ្នាំ​ ​ចូលរួម​ទស្សនា​។​ ​ការ​សម្តែង​ល្ខោន​នេះ​មាន​ចំណងជើង​ថា​ ​«​មិត្តសំឡាញ់​»​ ​និង​សិក្ខាសាលា​ជាបន្តបន្ទាប់​ផ្សេងៗ​ទៀត​ ​ដែល​បង្រៀន​កុមារ​ទាំងនោះ​ឲ្យ​ចេះ​ធ្វើ​រូប​ត្រី​ចេញពី​របស់​ដែលគេ​ប្រើប្រាស់​ម្តង​ហើយ​បោះចោល​នៅ​តាម​ផ្ទះ​ ​ស្រប​ពេល​ដែល​ពួកគេ​អាច​ស្វែងយល់​បន្ថែម​អំពី​គោលការណ៍​ 4Rs ​គឺ​ ​បដិសេធ​ប្លាស្ទិក​ (​ Refuse ) ​កាត់បន្ថយ​ប្លាស្ទិក​ (​Reduce​) ​ប្រើ​ឡើងវិញ​ (R​e​use​) ​និង​កែច្នៃ​ឡើងវិញ​ (R​e​cycle​)​។​

           ​រឿង​ ​«​មិត្តសំឡាញ់​»​ ​បង្ហាញ​អំពី​មិត្តសំឡាញ់​ទាំងពីរ​ ​គឺ​ ​កុមារ​ម្នាក់​ ​និង​ ​ត្រី​មួយ​ក្បាល​ដែល​មានជីវិត​រង​ការ​គំរាមកំហែង​ដោយសារ​កាកសំណល់​ប្លាស្ទិក​។​ ​ល្ខោន​នេះ​បាន​រំលេច​ឲ្យ​ឃើញ​ជា​រូប​សត្វ​ត្រី​អាយ៉ង​ធ្វើ​ដោយដៃ​ ​និង​បិសាច​ប្លាស្ទិក​ដែល​ត្រូវ​បាន​សម្តែង​បែប​កំប្លុកកំប្លែង​យ៉ាង​ប៉ិនប្រសប់​ ​និង​រស់រវើក​ ​ដើម្បី​បញ្ជូន​សារសំខាន់​ៗ​នៃ​យុទ្ធនាការ​នេះ​ ​និង​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ទៅវិញទៅមក​ជាមួយ​ទស្សនិកជន​វ័យក្មេង​។​ ​សាច់រឿង​បាន​ស​បញ្ជាក់​អំពី​ការផ្លាស់ប្តូរ​ការ​សម្រេច​ចិត្ត​របស់​តួអង្គ​កុមារ​ដើម្បី​ជួយ​ស​ង្រ្គោះ​សត្វ​ត្រី​។​ ​រឿង​នេះ​បាន​ជួយ​បំ​ផុសគំនិត​ដល់​ទស្សនិកជន​ថា​ប្រសិនបើ​មនុស្ស​បញ្ឈប់​ការ​បំពុល​ទឹក​ដោយ​កាកសំណល់​ប្លាស្ទិក​ ​ត្រី​នឹង​ត្រូវ​បាន​ស​ង្រ្គោះ​ដោយ​ជោគជ័យ​ ​ហើយ​សាច់រឿង​ក៏​នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​រីករាយ​ដែរ​៕​

ទាំងអស់គ្នា​ ​យើង​រួមគ្នា​ប្រយុទ្ធ​នឹង​បិសាច​ប្លាស្ទិក​ ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ប្លាស្ទិក​!


SUGGESTIONS