៥ ជម្រើសសម្រាប់កាលេងស្ទាយ៌សាមញ្ញថ្លៃថ្នូរដ៏ស័ក្តិសមសម្រាប់ថ្ងៃពិសេសខាងមុខនេះ
TRAVEL & LIVING 2 years agoថ្ងៃឆ្លងឆ្នាំសកលនឹងឈានចូលមកដល់ ជឿជាក់ថាប្រិយមិត្តបាននឹងកំពុងរៀបគម្រោងកម្មវិធីជួបជុំនានានៅរាត្រីឆ្លងឆ្នាំមិនខាន។ ចុះសម្រាប់សុភាពនារីវិញ តើនឹងត្រៀមរៀបចំខ្លួនស្ទាយ៌បែបណាដើម្បីបង្ហាញខ្លួនលេចធ្លោនៅក្នុងឱកាសនេះ? បើនៅមិនទាន់នឹកឃើញ អ្នកអាចប្រមើលមើលជាមួយរ៉ូបចំនួន៥បែប ដែលសុទ្ធសឹងជាស្ទាយ៌ស័ក្តិសមបំផុតសម្រាប់កម្មវិធីនាពេលរាត្រី ជាពិសេសកម្មវិធីអបអរនៅរាត្រីបាញ់កាំជ្រួចឆ្លងឆ្នាំនេះតែម្តង។
1.រ៉ូបឌិនអង្កាំត្បូង (Sequin dress)៖ រ៉ូបឌិនអង្កាំត្បូងរមែងទទួលបានការចាប់អារម្មណ៍ជាមួយភ្លើងពណ៌ ជាពិសេសពេលបានគ្រងនៅពេលរាត្រីកាន់តែប្រដេញពណ៌ឆើតឆាយមើលទៅចែងចាំងទាក់ភ្នែក។ ដើម្បីមើលទៅកាន់តែលេចធ្លោ មិត្តនារីអាចបន្ថែមបំពាក់ក្រវិលរំយោល ព្រមនឹងស្បែកជើងក្រវាត់កែងចោទផងដែរ។
2.រ៉ូបរោមរំភើយ (Feather dress)៖ សម្រាប់សុភាពនារីចង់តុបតែងខ្លួនបែបស៊ីវិល័យលាយឡំហ្វេហ្សិន អាចជ្រើសរើសប្រភេទរ៉ូបនេះដែលជាទំនោរនិយមកំពុងទទួលបានការចាប់អារម្មណ៍។ ស្លៀកពាក់រ៉ូបនេះ បើអាចមិនបាច់លេងគ្រឿងលម្អស្អេកស្កះអ្វីច្រើន អាចត្រឹមតែពាក់ក្រវិលត្បូងតូចៗមើលទៅឥតខ្ចោះបំផុត។
3.រ៉ូបក្រណាត់រលោង (Satin dress)៖ ចង់បានភាពសិចស៊ី តែមើលទៅមុតមាំ សុភាពនារីអាចសាកល្បងជាមួយរ៉ូបសាច់រលោង ធានាថាមានមន្តស្នេហ៍ និងមានភាពជឿជាក់គ្រប់វិនាទី។ កាន់តែឆើតឆាយ សុភាពនារីអាចបន្ថែមជាមួយគ្រឿងលម្អ ដូចជាក្រវិលកងធំៗ និងលាបក្រែមពណ៌ដិតៗ។
4.រ៉ូបសាច់ភ្លឺផ្លេក (Sparkles)៖ រ៉ូបភ្លឺផ្លេកតែងទទួលបានចំណាប់អារម្មណ៍ខ្លាំងនៅពេលរាត្រី ជាពិសេសក្នុងរាត្រីឆ្លងឆ្នាំផ្តិតយករូបភាពជាមួយការបាញ់កាំជ្រួចតែម្តង។ ក្លែមជាមួយឈុតនេះមិត្តនារីអាចលេងស្ទាយ៌នឹងកាបូបតូចៗដែលមានត្បូងចាំងភ្លឺផ្លេកផងដែរ។
5.រ៉ូបសាច់ក្រណាត់កម្ញី (Velvet dress)៖ សាមញ្ញតែទាន់សម័យ រ៉ូបសាច់ក្រណាត់កម្ញីរមែងតែបង្កើនភាពទាក់ទាញក្នុងកម្មវិធីជួបជុំ។ សម្រាប់អ្នកចង់បង្ហាញស្ទីលបែបសាមញ្ញនិយមតែមើលទៅលំដាប់ខ្ពស់ អាចសាកល្បងជាមួយរ៉ូបប្រភេទនេះ សំខាន់វាមិនរើសពណ៌សម្បុរស្បែកនោះឡើយ៕
Article by SOUNG SOKSAN