ទម្លាប់៧យ៉ាងនៃការផឹកកាហ្វេដើម្បីទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព
TRAVEL & LIVING 2 years agoកាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមដែលមនុស្សទូទៅទទួលទានសឹងតែរាល់ថ្ងៃ។ ជាតិកាហ្វេអុីនដែលមាននៅក្នុងកាហ្វេវាមានទាំងគុណសម្បត្តិ និងគុណវិបត្តចំពោះសុខភាព។ ប្រសិនបើអ្នកមានទម្លាប់ផឹកកាហ្វេជាប្រចាំ ហើយបើមិនបានដឹងអំពីវិធីក្នុងការផឹកឲ្យបានត្រឹមត្រូវនោះទេ វាអាចនឹងផ្តល់ផលអាក្រក់ដល់សុខភាពទៅវិញ។ ជាក់ស្តែង ថ្ងៃនេះសូវរីនសូមលើកយកទម្លាប់៧យ៉ាងនៃការផឹកកាហ្វេ ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាជៀសវាងផលអាក្រក់ចំពោះរាងកាយ។
1. ជ្រើសរើសប្រភេទកាហ្វេដែលល្អ ឬកាហ្វេសរីរាង្គ៖ យើងចាប់ផ្តើមដោយការជ្រើសរើសប្រភេទកាហ្វេជាមុនសិន គ្រាប់កាហ្វេដែលល្អគឺស្ថិតលើការថែទាំពេលដាំដុះ ខណៈការថែទាំខ្លះបានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើនលើសកម្រិតដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ ដូច្នេះ គ្រាប់កាហ្វេដែលមានប្រភពច្បាស់លាស់ ឬកាហ្វេសរីរាង្គគឺជាជម្រើសល្អបំផុត។
2. កាហ្វេគ្មានស្ករ៖ ភាគច្រើននៃអ្នកចូលចិត្តទទួលទានកាហ្វេតែងឡើងទម្ងន់ ដោយសារតែការបន្ថែមស្ករច្រើនទៅក្នុងកាហ្វេ។ ដូចនេះប្រសិនបើចង់ទាញយកអត្ថប្រយោជន៍ពីការផឹកកាហ្វេ អ្នកអាចជ្រើសរើសការផឹកកាហ្វេខ្មៅអត់ស្ករ ដើម្បីទទួលបានរសជាតិកាហ្វេសុទ្ធ និងល្អសម្រាប់សុខភាព។
3. ផឹកកាហ្វេនៅពេលព្រឹក៖ អ្នកនឹងមានអារម្មណ៍ថាស្វាងពីដំណេក និងមានថាមពលក្នុងរាងកាយ បន្ទាប់ពីបានផឹកកាហ្វេក្តៅមួយពែងនៅពេលព្រឹក។ អ្នកជំនាញនិយាយថាការផឹកកាហ្វេម៉ោង៧ព្រឹក អាចជួយដល់សុខភាពផ្លូវចិត្ត។ តែយ៉ាងណាមិញ ពីចន្លោះម៉ោង ៩កន្លះ ដល់ម៉ោង ១១កន្លះព្រឹកក៏ជាពេលវេលាដ៏ល្អផងដែរ។
4. មិនគួរផឹកកាហ្វេក្រោយម៉ោង២រសៀល៖ ជាការពិតការផឹកកាហ្វេក្រោយម៉ោង២រសៀលអាចនឹងប៉ះពាល់ដល់ដំណេកនៅពេលយប់។ ដូច្នេះដើម្បីជៀសវាងផលរំខាននេះ គួរទទួលទានឲ្យបានមុនម៉ោង២រសៀល។
5. មិនគួរផឹកកាហ្វេនៅពេលយប់៖ ភាគច្រើននៃអ្នកធ្វើការយប់ជ្រៅ ឬរៀនបន្ថែមនៅពេលយប់ រមែងចូលចិត្តផឹកកាហ្វេដើម្បីជួយមិនឲ្យងងុយ។ តែទោះជាតិកាហ្វេអុីនជួយមិនឲ្យងងុយគេងក្នុងរយៈពេលខ្លីក៏ដោយ ក៏មិនគួរផឹកញឹកញាប់ពេកនោះដែរ ព្រោះរាងកាយ និងខួរក្បាលក៏ត្រូវការសម្រាកដូចគ្នា។
6. ជៀសវាងការផឹកកាហ្វេច្រើនពេក៖ វាជាបញ្ហាមួយសម្រាប់អ្នកចូលចិត្តផឹកកាហ្វេ ហើយផឹកលើសកម្រិត។ វេជ្ជបណ្ឌិតជំនាញបាននិយាយថា មនុស្សម្នាក់អាចទទួលទានជាតិកាហ្វេអុីនច្រើនបំផុត៤០០មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹង៤ពែង។ នៅពេលផឹកកាហ្វេលើសពីនេះ វាធ្វើឲ្យញ័រដៃ ក្អួតចង្អោរ និងបញ្ហាការគេងមិនលក់ជាដើម។
7. ទទួលទានកាហ្វេលាយជាមួយម្សៅឈើអែម (Cinnamon)៖ ម្សៅឈើអែមគឺជាគ្រឿងទេសម្យ៉ាងដែលមានក្លិនឈ្ងុយ និងមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ វាជួយកាត់បន្ថយជាតិស្ករក្នុងឈាម កូឡេស្តេរ៉ល និងទ្រីគ្លីសេរីត(Triglycerides) ចំពោះអ្នកជំងឺទឹកនោមផ្អែម។ អ្នកអាចបន្ថែមម្សៅឈើអែមបន្តិចទៅក្នុងកាហ្វេដើម្បីទទួលបានរសជាតិថ្មី ប្លែក និងទាញយកអត្ថប្រយោជន៍ផងដែរ៕
Article by SOUNG SOKSAN