×

ម្ចាស់​ពានរង្វាន់​មាស​កម្មវិធី​ប្រឡង​គំនូរ​ ​White​ ​Canvas​ ​Cambodia​ 2022

NEWS one year ago
 
 

            អ្នកនាង​ ​ខ្ចៅ​ ​ទូច​ ស្រ្តី​វិចិត្រករ​អាជីព​វ័យ​៤​០​ឆ្នាំ​ ​មកពី​ក្រុង​បាត់​ដំបង​ ​ដែល​និយម​ប្រើ​ពណ៌ខៀវ​ជា​និមិត្តរូប​សិល្បៈ​ផ្ទាល់ខ្លួន​ ​និង​ជា​ម្ចាស់​ស្នាដៃ​សិល្បៈ​សម្រាប់​កម្មវិធី​ C​IF​F​ ​ឆ្នាំ​កន្លងទៅ​ ​ទើប​តែ​ទទួល​បាន​សមិទ្ធផល​ការងារ​ថ្មី​ចុងក្រោយ​ដ៏​ត្រចះត្រចង់​មួយ​បន្ថែម​ទៀត​ ​គឺ​ ​ពានរង្វាន់​មាស​ ​ឬ​ ​«​Gold​ ​Prize​»​​ពី​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈគំនូរ​វ៉ា​យ​ខេន​វ៉ា​ស់​កម្ពុជា​ ​ប្រចាំ​ឆ្នាំ២០២២​ ​ឬ​ ​White​ ​Canvas​ ​Cambodia​ 2022 (​សម្រាប់​លក្ខខណ្ឌ​មនុស្ស​ពេញវ័យ​) ​ប្រារព្ធ​ធ្វើឡើង​នៅ​ទីរួមខេត្ត​បាត់​ដំបង​កាលពី​ចុង​ឆ្នាំ​គួរ​ជាទី​មោទកភាព​ក្រៃលែង។​

            យោង​តាម​ការផ្សាយ​ជា​ផ្លូវការ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​កម្មវិធី​ ​White​ ​Canvas​ ​Cambodia​ ​ស្នាដៃ​គំនូរ​របស់​សិល្ប​ការិនី​ ​ខ្ចៅ​ ​ទូច​ ​ដែល​ជាប់​ជ័យ​លា​ភី​ពានរង្វាន់​ខាងលើ​មាន​ចំណងជើង​ថា​ ​«​ស្រ្តី-​W​omen​»​។​ ​អត្ថន័យ​នៅ​ពីក្រោយ​ផ្ទាំង​គំនូរ​ដ៏​ស្រស់​ឆើត​ឆើយ​មួយ​ផ្ទាំង​នេះ​គឺ​ “​គំនូរ​នេះ​មាន​ចំណងជើង​ថា​ ​«ស្រ្តី»។​ ​ខ្ញុំ​គូរ​ដើម្បី​ជូន​ស្រ្តី​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ ​ហើយ​ខ្ញុំ​សង្ឃឹម​ពួកគេ​នឹង​មាន​ដំណោះស្រាយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​គាត់​ជួបប្រទះ​ដើម្បី​បច្ចុប្បន្ន​និង​អនាគត​របស់​ពួកគាត់​ ” ​ម្ចាស់​ស្នាដៃ​បាន​បកស្រាយ​។​ ​គាត់​បាន​បន្ថែម​ថា​ ​លក្ខណៈ​ពិសេស​នៃ​គំនូរ​នេះ​គឺ​បង្រៀន​មនុស្ស​ស្រី​ឲ្យ​គិត​វិជ្ជមាន​ ​និង​ចេះ​រៀនសូត្រ​ពី​អ្វី​ដែល​ពួកគេ​បាន​ជួបប្រទះ​ជាក់ស្តែង​ពី​ជីវិត​រស់នៅ​ពិត។​

Image Courtesy : White Canvas Cambodia

            គួរ​បញ្ជាក់​ថា​ ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​វិចិត្រករ​ ​ខ្ចៅ​ ​ទូច​ ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ។​ ​គិត​មកដល់​ឆ្នាំ​២​០​២​២​ ​នេះ​ ​វា​ជា​ឱកាស​លើក​ទីបី​ហើយ​សម្រាប់​រូប​គាត់​ ​ចំនួន​បី​ឆ្នាំ​ជាប់គ្នា​ចាប់តាំង​ពី​ឆ្នាំ​២​០​២​០​មក។​ ​អ្នកនាង​បាន​គូររូប​ជាច្រើន​មុននឹង​សម្រេច​ចិត្ត​ជ្រើសរើស​គំនូរ​មួយ​ផ្ទាំង​នេះ​ដើម្បី​ចូលរួម​ប្រកួត​ ​ដោយសារ​អ្នកនាង​គិតថា​ ​អ្នកនាង​ជា​ស្រ្តី​មួយ​រូប​ស្រាប់​ ​ហើយ​យល់​ដឹង​ពី​បញ្ហា​របស់​ស្រ្តី​ភេទ​ ​ជាពិសេស​ក្នុង​តួនាទី​ជា​ម្តាយ។​

            “​វា​ជា​ឱកាស​របស់​ខ្ញុំ។​ ​ខ្ញុំ​សប្បាយចិត្ត​នៅ​ពេល​ជាប់​ ​តែ​ទោះបីជា​មិន​ជាប់​ ​ក៏​ខ្ញុំ​នៅតែ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ ​ព្រោះ​គេ​មិន​ប្រកាន់​ពី​អាយុ​។​ ​ធម្មតា​នៅ​ពេល​ប្រកួត​ ​យើង​តែងតែ​មាន​ក្តី​រំពឹង​ខ្លះ​ហើយ​ ​តែ​ចំណុច​ដែល​ធំ​ជាង​ការ​រំពឹង​ថា​ជាប់​នោះ​គឺ​ឱកាស​ចូលរួម​” ​ម្ចាស់​ពានរង្វាន់​បាន​សម្តែង​ចំណាប់អារម្មណ៍​។​ ​រង្វាន់​ជ័យ​​លា​ភី​ដែល​ទទួល​បាន​រួម​មាន​ វិញ្ញា​បន​ប​ត្រ​ជ័យ​លា​ភី​១​សន្លឹក​ ​ពានរង្វាន់​១​គ្រឿង​ ​និង​ថវិកា​ចំនួន​ ​១​ពាន់​ដុល្លារ។​

Image Courtesy : White Canvas Cambodia

            បន្ទាប់ពី​ជាប់​ជ័យ​លា​ភី​ដ៏​ធំ​នេះ​ ​ក្រុម​ការងារ​រៀបចំ​កម្មវិធី​ ​វ៉ា​យ​ខេន​វ៉ា​ស់​កម្ពុជា​ ​ទើប​តែ​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​សិល្ប​ការិនី​ម្ចាស់​ពាន​រូប​នេះ​ឲ្យ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​សិក្ខាសាលា​សិល្បៈ ​ស្តីពី​ “ការ​ច្នៃប្រឌិត​ជាមួយ​ភាព​ស្រមើ​ស្រមៃ​ផ្ទាល់ខ្លួន​: ​ការ​ចែករំលែក​គូរ​ប៊ិច​ខៀវ​នៅ​លើ​ក្រដាស​” ​នៅ​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន​មានជ័យ​ ​កាលពី​ថ្ងៃ​ទី​០​៥​ ​ខែកុម្ភៈ​ ​កន្លងទៅ​ថ្មីៗ​នេះ។​ ​បច្ចុប្បន្ន​ ​អ្នកនាង​នៅតែ​បន្ត​សកម្មភាព​គូរ​គំនូរ​បន្ថែម​ ​និង​ចំណាយ​ពេល​ទៅលើ​គម្រោង​រៀបចំ​សួនច្បារ​ពណ៌បៃតង​ផ្ទាល់ខ្លួន​ ​ព្រោះ​ធម្មជាតិ​អាច​ជួយ​ជំរុញ​គំនិត​វិជ្ជមាន​ជាច្រើន​សម្រាប់​ការ​បង្កើត​ស្នាដៃ​សិល្បៈ៕​

Article by SRIN SOKMEAN


SUGGESTIONS