គន្លឹះប្រើទឹកអប់ដ៏វៃឆ្លាតសម្រាប់ការណាត់ជួបក្នុងទិវានៃក្តីស្រឡាញ់
TRAVEL & LIVING 10 months agoការណាត់ជួបជាមួយមនុស្សជាទីស្រឡាញ់គឺជារឿងដែលយើងទន្ទឹងរង់ចាំក្នុងឱកាសពិសេសណាមួយ ដើម្បីបង្កើតពេលវេលាល្អៗ និងភាពរ៉ូមែនទិកជាមួយគ្នា។ ក្នុងឱកាសណាត់ជួបនេះដែរ ជឿជាក់ថាសុភាពនារីទាំងឡាយប្រាកដជាចង់ឲ្យអ្វីៗគ្រប់យ៉ាងមើលទៅរៀបរយ មិនមានខ្វះចន្លោះអ្វីឡើយចាប់តាំងសក់រហូតដល់ចុងជើង។ បន្ទាប់ពីចំណាយពេលរាប់ម៉ោងក្នុងការផាត់មុខ ធ្វើសក់ ស្លៀកសម្លៀកបំពាក់រួច យើងក៏មិនភ្លេចឡើយនូវការបន្ថែមទឹកអប់ដែលជាផ្នែកមួយដែលទាក់ទាញនៃរាងកាយទាំងស្រុង។ ដូច្នេះថ្ងៃនេះយើងសូមបង្ហើមពីតិកនិក៤យ៉ាងនៃការប្រើទឹកអប់ ដើម្បីឲ្យថ្ងៃណាត់ជួបរបស់អ្នកកាន់តែរ៉ូមែនទិក។
1. ការជ្រើសរើសក្លិនទឹកអប់ដែលត្រឹមត្រូវ៖ ការស្វែងរកទឹកអប់ដែលត្រឹមត្រូវសម្រាប់ថ្ងៃណាត់ជួបគឺមានសារៈសំខាន់ណាស់។ វាត្រូវតែមានក្លិនក្រអូបស្រាលហើយមិនឆួលខ្លាំង។ អ្នកអាចសាកល្បងជ្រើសរើសក្លិនផ្កា ផ្លែឈើ ឬឈើក្រអូប តែបើចង់បានក្លិនក្រអូបខ្លាំងជាងនេះបន្តិច អាចជ្រើសរើសក្លិនបែបស្ករគ្រាប់ ឬក្លិនរាងផ្អែម។
2. ប្រើទឹកអប់ក្នុងបរិមាណសមស្រប៖ ការប្រើទឹកអប់តិចតួចឬក្នុងបរិមាណមួយសមស្រប រមែងបង្កើនភាពទាក់ទាញដល់មិត្តនារីទាំងឡាយ ខណៈដែលអ្នកប្រើច្រើនលើសលប់ពេកវានឹងធ្វើឲ្យក្រអូបខ្លាំង ហើយឆួលទៅវិញ។ មិនតែប៉ុណ្ណោះនៅពេលអង្គុយជិតដៃគូអ្នកអាចនឹងមានអារម្មណ៍ថាអ្នកមានក្លិនក្រអូបខ្លាំងជ្រុលហួសប្រមាណ។ ដូចនេះអាចប្រើត្រឹម២ទៅ៣ឆីតគឺគ្រប់គ្រាន់ ហើយវានឹងផ្តល់នូវក្លិនក្រអូបប្រហើរភាយតិចៗដែលគួរឲ្យចង់ស្រង់ក្លិន និងធ្វើឲ្យបរិយាកាសកាន់តែផ្អែមល្ហែម។
3. កន្លែងដែលត្រូវបាញ់ទឹកអប់៖ វាជារឿងមួយដែលយើងមិនគួរមើលរំលងផងដែរក្នុងការបាញ់ទឹកអប់នៅកន្លែងដែលត្រឹមត្រូវ ជៀសវាងបាញ់ខុសកន្លែងដែលនាំឲ្យមិនខាតបង់ទឹកអប់ទៅវិញ។ កន្លែងដែលគប្បីគួរប្រើទឹកអប់មានដូចជា លើកញ្ចឹងក ក និងកដៃជាដើម។ គួរចំណាំថានៅពេលបាញ់ទឹកអប់គួរទុកឲ្យវាស្ងួតតាមសម្រួល ចៀសវាងយកដៃទៅញីពីលើ ព្រោះវាអាចធ្វើឲ្យបែកក្លិនទឹកអប់ និងឆាប់ហើរក្លិន។
4. ដាក់ទឹកអប់ដបតូចតាមខ្លួន៖ ទោះបីជាអ្នកបានបាញ់ទឹកអប់រួចហើយក៏ដោយ ប៉ុន្តែបន្ទាប់ពីញ៉ាំអាហាររួច ឬពីរបីម៉ោងក្រោយក្លិនទឹកអប់អាចនឹងថយចុះ។ សម្រាប់ពេលវេលាដ៏ពិសេសបែបនេះ មិត្តៗនារីអាចដាក់ដបទឹកអប់តូច ឬទឹកអប់ដែលអាចដាក់ក្នុងកាបូប ឬហោប៉ៅបាន ដើម្បីងាយស្រួលអាចបាញ់បន្ថែមតាមក្រោយ។
យ៉ាងណាដែរ? បន្ទាប់បានអានតិកនិកដែលបានរៀបរាប់ខាងលើនេះ តើសុភាពនារីទាំងឡាយធ្លាប់បានអនុវត្តហើយឬនៅ? បើនៅទេ កុំភ្លេចសាកល្បងទាំងអស់គ្នាណា ដើម្បីឲ្យថ្ងៃណាត់ជួបដ៏ពិសេសរបស់អ្នកកាន់តែមានរសនិយមបំភ្លេចមិនបាន និងពោរពេញទៅដោយស្នាមញញឹម។ តែទោះយ៉ាងណា សូមកុំមើលរំលងការជ្រើសរើសទឹកអប់ដែលមានគុណភាពជាប់បានយូរ ជាមួយនឹងក្លិនដ៏ក្រអូបត្រូវចិត្ត៕
Article by SOUNG SOKSAN