ទទួលយកមន្តស្នេហ៍សក់ភ្លឺរលោងដូចសរសៃសូត្រជាមួយរូបមន្តម៉ាសពីផ្កាកុលាប
TRAVEL & LIVING 2 years agoក្រៅពីមានរូបឆោមពោរពេញដោយមន្តស្នេហ៍ កុលាបត្រូវបានគេចាត់ទុកជាផ្កាមួយប្រភេទដែលតំណាងឲ្យក្តីស្រលាញ់។ ដើមស្រោបដោយបន្លាផ្កាចាយដោយសម្រស់មានច្រើនពណ៌នេះ ត្រូវបានគេនិយមយកមកតុបតែងតាំងលម្អ ពិសេសស័ក្តិសមឥតខ្ចោះសម្រាប់ធ្វើជាកាដូជូនទៅកាន់មនុស្សជាទីស្រឡាញ់។ មិនត្រឹមតែជាបុប្ផាត្រូវបានគេឲ្យតម្លៃនោះទេ កុលាបក៏ជារុក្ខជាតិផ្កាមួយប្រភេទដែលគេអាចយកមកចម្រាញ់ធ្វើជាគ្រឿងសម្អាង និងគ្រឿងរក្សាសម្រស់ រាប់តាំង ឡេ ប្រេង សេរ៉ូម រហូតទឹកអប់ផងដែរ។ ម្យ៉ាងត្របកផ្កាកុលាបមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះស្បែកក្បាល និងសក់ផងនោះ សូវរីន បានស្រាវជ្រាវ និងលើកយកគន្លឹះក្នុងការប្រើផ្កាកុលាបដើម្បីធ្វើជារូបមន្តរក្សាសម្រស់សក់ប្រកបដោយអត្ថប្រយោជន៍ច្រើនយ៉ាងដូចខាងក្រោម។
ខែនេះស្ថិតក្នុងរដូវប្រាំងដែលពោពេញទៅដោយកម្តៅ ជាទូទៅមកដល់ខែនេះស្ត្រីដែលចេញក្រៅភាគច្រើនរមែងជួបបញ្ហាសក់ដូចជា ងាយដាច់ ស្ងួត ផុយស្រួយ ជ្រុះ និងស្បែកក្បាលឡើងអង្គែជាដើម។ ដើម្បីកម្ចាត់រាល់បញ្ហាទាំងប៉ុន្មាន អ្នកអាចប្រើផ្កាកុលាបមកធ្វើជារូបមន្តថែទាំដោយលាយនឹងគ្រឿងផ្សំធម្មជាតិដទៃទៀតតិចតួចដែលនឹងអាចជំនួសការប្រើផលិតផលគីមីបានមួយកម្រិត។ យើងដឹងហើយថាម៉ាសសក់ បានដើរបានតួយ៉ាងសំខាន់ជួយឲ្យសក់មានសុខភាពល្អ រឹងមាំ ភ្លឺរលោង និងជួយដល់សុខភាពស្បែកក្បាល។ ជាក់ស្តែង ការធ្វើម៉ាសដោយជ្រើសប្រើស្រទាប់ផ្កាកុលាបដែលមានផ្ទុកសារធាតុសំខាន់ៗពីធម្មជាតិអាចមានសមត្ថភាពដោះស្រាយ និងថែទាំមិនចាញ់ផលិតផលនៅលើទីផ្សារប៉ុន្មានឡើយ។
ដើម្បីធ្វើម៉ាស អ្នកអាចចាប់ផ្តើមពីការយកស្រទាប់ផ្កាកុលាបស្រស់ទៅហាលក្រោមពន្លឺថ្ងៃឲ្យស្ងួត។ បន្ទាប់មកយកផ្កាកុលាដែលបានហាលស្ងួតទៅបុកឬកិនឲ្យម៉ដ្ឋក្លាយជាម្សៅ។ ចំណែកឯគ្រឿងផ្សំបន្ទាប់ដែលអ្នកត្រូវមានទៀតនោះគឺ ប្រេងដូង និងប្រេងផ្កាកុលាប។ យកប្រេងដូង និងប្រេងផ្កាកុលាប មកលាយបញ្ចូលគ្នាជាមួយនឹងម៉្សៅផ្កាកុលាបពីរស្លាបព្រាបាយ រួចកូរឲ្យសព្វទៅជាល្បាយតែមួយ។ អ្នកក៏អាចបន្ថែមប្រេង rosemary ពីរបីតំណក់ទៅក្នុងល្បាយខាងលើផងដែរ។ ប្រេងដូងគឺជាអាហារដ៏ល្អសម្រាប់សក់ ខណៈផ្កាកុលាបមានផ្ទុកសារធាតុចិញ្ចឹមច្រើន ជួយបំប៉នដល់សុខភាពសក់ និងស្បែកក្បាល។ រីឯប្រេង rosemary មានប្រយោជន៍ជួយបណ្តុះសក់លឿនរហ័ស។
ចំពោះការប្រើប្រាស់វិញ មុនដំបូងត្រូវកក់សក់ឲ្យបានស្អាត ហើយយកល្បាយខាងលើមកលាបលើស្បែកក្បាល និងសក់ឲ្យបានសព្វល្អ។ បន្ទាប់មកម៉ាស្សាស្បែកក្បាលដើម្បីឲ្យម៉ាសជ្រាបចូលទៅដល់ខាងក្នុងឫសនៃសក់ រួចទុកចោលរយៈពេល៤៥នាទី។ ចុងក្រោយកក់សក់ជាមួយសាប៊ូឲ្យបានស្អាត និងជូតសក់ឲ្យស្ងួត ហើយលាបវីតាមីនចិញ្ចឹមសក់ ឬប្រេង argan ២ទៅ៣តំណក់ជាការស្រេច។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស គួរអនុវត្តប្រើម៉ាសធម្មជាតិនេះយ៉ាងហោចណាស់ម្តងឬពីរដងក្នុងមួយសប្តាហ៍។ ម៉ាសធម្មជាតិនេះអ្នកក៏អាចលាយជាមួយនឹងគ្រឿងផ្សំដទៃទៀតទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដូចជាការប្រើប្រេងអូលីវជំនួសប្រេងដូងជាដើម។ ចំណែកឯប្រេង rosemary អាចដាក់ក៏បានមិនដាក់ក៏បាន ប៉ុន្តែអ្វីដែលសំខាន់គឺកុំភ្លេចម្សៅផ្កាកុលាបដែលជាគ្រឿងផ្សំដ៏សំខាន់ក្នុងការបំប៉នដល់សក់។
ជាការពិតណាស់មិនថាផ្កាកុលាបប្រភេទណានោះទេ អ្នកអាចយកវាមកប្រើប្រាស់បាន ព្រោះវាសុទ្ធសឹងជាល្បាយធម្មជាតិដែលជាឱសថដ៏អស្ចារ្យក្នុងការជួយថែរក្សាសក់ និងស្បែកក្បាល។ ហើយវាកាន់តែសំខាន់ទៀតនោះប្រសិនបើយើងអាចយកផ្កាកុលាបដែលមានស្រាប់មកប្រើដើម្បីជាប្រយោជន៍ជាជាងទុកឲ្យវាក្រៀមចោល និងសន្សំការចាយវាយដូចជាការប្រើតាមរយៈរូបមន្តដូចដែលសូវរីនបានលើកឡើងនេះ៕
Article by SOUNG SOKSAN