រឿងសំខាន់៥យ៉ាងស្រ្តីគ្រប់រូបគួរតែធ្វើជាប្រចាំក្រោយពេលអស់រដូវ
TRAVEL & LIVING 9 months agoជាទូទៅស្រ្តីនឹងអស់រដូវជាមធ្យមនៅអាយុចាប់ពី៥០ឆ្នាំឡើងទៅ ហើយសុខភាពក៏ងាយប្រឈមនឹងបញ្ហាផ្សេងៗដូចគ្នា ប្រសិនបើមិនបានថែទាំឲ្យបានត្រឹមត្រូវទៅតាមវ័យ។ នៅពេលវ័យកាន់តែវិវឌ្ឍ សុខភាពផ្លូវចិត្ត និងសុខភាពរាងកាយតែងមានការផ្លាស់ប្តូរ ដូច្នេះការថែទាំសុខភាព រាប់តាំងពីទម្លាប់រស់នៅប្រចាំថ្ងៃ ការផ្តល់អាហាររូបត្ថម្ភក៏ត្រូវផ្លាស់ប្តូរដូចគ្នា។ ខាងក្រោមនេះជារឿងចាំបាច់មួយចំនួនដែលស្រ្តីក្រោយពេលអស់រដូវគួរគប្បីធ្វើជារៀងរាល់ថ្ងៃដើម្បីឲ្យសុខភាពរឹងមាំ មិនងាយទ្រុឌទ្រោម និងក្មេងជាងវ័យ។
1. ទទួលទានវីតាមីន B12 និង B6៖ ស្រ្តីដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅត្រូវការវីតាមីន B12 បន្ថែមទៀត ដើម្បីរក្សាសម្ពាធឈាម និងសរសៃប្រសាទ ចំណែកវីតាមីន B6 គឺជួយទៅបំបែកប្រតេអ៊ីននៅក្នុងរាងកាយ។ វីតាមីនទាំងពីរប្រភេទនេះមាននៅក្នុងស៊ុត គ្រាប់ធញ្ញជាតិ និងសាច់ក្រហម តែយ៉ាងណាមិនគួរទទួលទានសាច់ក្រហមច្រើនពេកនោះទេ យើងក៏អាចបរិភោគសាច់បក្សីជំនួសឲ្យសាច់ក្រហមបានដែរ។
2. ទទួលទានវីតាមីន D៖ វីតាមីន D មានសារៈសំខាន់ណាស់ក្នុងការស្រូបយកជាតិកាល់ស្យូម និងជួយឲ្យឆ្អឹងរឹងមាំ។ មិនតែប៉ុណ្ណោះវាអាចជួយកាត់បន្ថយពីហានិភ័យការពុកឆ្អឹងខ្នង។ យ៉ាងណា ការទទួលទានជាតិកាល់ស្យូម ឬវីតាមីន D ច្រើនពេកអាចបណ្តាលឲ្យកើតក្រួសក្នុងតម្រងនោម ទល់លាមក ឬឈឺពោះ ជាពិសេសប្រសិនបើអ្នកមានបញ្ហាតម្រងនោមគួរទទួលទានក្នុងបរិមាណសមរម្យ។ ជាដំបូន្មាន មិនគួរទទួលទានក្នុងបរិមាណច្រើនលើសលប់ពេកទើបជាការប្រសើរ។
3. ការទទួលទានរបបអាហារមេឌីទែរ៉ាណេ(Mediterranean diet)៖ ត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ប្រេងធម្មជាតិមួយចំនួនសុទ្ធសឹងតែស្ថិតក្នុងរបបអាហារមេឌីទែរ៉ាណេ។ ខ្លាញ់ល្អ និងអូមេហ្គា៣ដែលមាននៅក្នុងត្រីសាលម៉ុន ប្រតេអ៊ីន និងវីតាមីនដែលមានក្នុងបន្លែផ្លែឈើ ពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាព ជាពិសេសចំពោះស្រ្តីដែលអស់រដូវ។
4. ការធ្វើលំហាត់ប្រាណ៖ ភាគច្រើននៃស្រ្តីដែលអស់រដូវតែងលើសទម្ងន់ ព្រោះដោយសារតែការថយចុះកម្រិតអរម៉ូនអ៊ីស្រ្តូសែន។ ការហាត់ប្រាណបានទៀតទាត់ មិនត្រឹមតែជួយមិនឲ្យឡើងទម្ងន់នោះទេ វាក៏ជួយដល់បេះដូង ឆ្អឹង ប្រព័ន្ធការពាររាងកាយ ទប់ស្កាត់ជំងឺទឹកនោមផ្អែម លើសឈាម លើសទម្ងន់ និងជួយឲ្យអារម្មណ៍បានប្រសើរឡើងផងដែរ។ លំហាត់ប្រាណដែលល្អសម្រាប់ស្រ្តីក្រោយអស់រដូវរួមមាន ការដើរ ការរត់ ហែលទឹក ការរាំ និងជិះកង់ជាដើម។
5. សុខភាពផ្លូវភេទ៖ ស្រ្តីមួយចំនួនប្រហែលជាគិតថាពួកគេមិនចាំបាច់ព្រួយបារម្ភអំពីការការពារពេលរួមភេទនោះទេ ព្រោះមិនមានហានិភ័យនៃការមានផ្ទៃពោះទៀត។ ទោះយ៉ាងនេះក្តីស្រី្តចាប់ពីអាយុ៥០ឡើងនៅតែងាយឆ្លងនឹងជំងឺកាមរោគ មិនថាអ្នកមានដៃគូតែមួយ ឬមានដៃគូច្រើននោះទេ។ ដូចនេះគប្បីការពារឲ្យបានខ្ពស់បំផុត ជាជាងត្រូវព្យាបាលនៅពេលក្រោយ៕
Article by SOUNG SOKSAN