មានអាហារជាច្រើនដែលជួយប្រឆាំងនឹងភាពតានតឹង ហើយភាគច្រើននៃអាហារទាំងនោះប្រហែលជាអ្នកបានញ៉ាំរួចហើយ ទាំងមិនដឹងខ្លួនទៀតផង។ ការញ៉ាំអាហារគឺជារឿងងាយស្រួលមួយដែលអ្នកអាចធ្វើវាយ៉ាងតិចបីដងក្នុងមួយថ្ងៃ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា តើប្រភេទអាហារមួយណាដែលអាចបំបាត់អារម្មណ៏តានតឹង ឬតប់ប្រមល់នោះទេ។ ដូច្នេះខាងក្រោមនេះគឺជាអាហារដ៏ឆ្ងាញ់ទាំង ៧មុខ ដើម្បីជួយកាត់បន្ថយភាពតានតឹង និងបំពេញចំណង់អាហាររបស់អ្នកផងដែរ។
១. ទំពាំងបារាំង(Asparagus)
បន្លែប្រភេទនេះមិនត្រឹមតែមានជាតិដែកខ្ពស់ប៉ុណ្ណោះទេ វាក៏សម្បូរទៅដោយសារធាតុ ហ្វូឡាត(Folate) ដែលជាវីតាមីន B មួយក្នុងចំណោមវីតាមីនច្រើនផងដែរ។ ទំពាំងបារាំងអាចធ្វើឱ្យអារម្មណ៍របស់អ្នកមានស្ថេរភាព ដែលជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត និងការថប់បារម្ភបានយ៉ាងឆាប់រហ័ស។
២. សូកូឡាខ្មៅ (Dark Chocolate)
សូកូឡាខ្មៅ មិនត្រឹមតែជាបង្អែមលាងមាត់ ឬអាចបំពេញនូវរសជាតិដ៏ផ្អែមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកាត់បន្ថយភាពតានតឹងដោយបញ្ចុះកម្រិតនៃអរម៉ូន កូរឌីសូល(Cortisol) នៅក្នុងខ្លួនរបស់អ្នកទៀតផង។ សូកូឡាខ្មៅត្រូវបានផលិតចេញពីដើមកាកាវដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារជំងឺបេះដូងផងដែរ។ អ្នកអាចបរិភោគវាក្នុងកម្រិតដែលសមល្មម ដើម្បីចៀសវាងបញ្ហាឈឺបំពង់ក។
៣. គ្រាប់ផ្កាឈូករ័ត្ន (Sunflower Seeds)
សារធាតុដែលមាននៅក្នុងគ្រាប់ផ្កាឈូករ័ត្ន ត្រូវបានផ្សារភ្ជាប់ទៅបេះដូង ដែលអាចសម្រួលដល់សរសៃឈាមឲ្យមានអត្រាទាប នៃកូលេស្តេរ៉ុលខ្ពស់ និងសម្ពាធឈាមខ្ពស់។ គ្រាប់ផ្កាឈូករ័ត្ន គឺជាប្រភពនៃវីតាមុីន និងសារធាតុរ៉ែជាច្រើន ដែលអាចទ្រទ្រង់ប្រព័ន្ធការពាររាងកាយរបស់អ្នក និងបង្កើនសមត្ថភាពនៃរាងកាយរបស់អ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ។ គ្រាប់ផ្កាឈូករ័ត្នក៏ជាប្រភេទគ្រាប់ធញ្ញជាតិដ៏ល្អ ហើយសម្បូរទៅដោយសារធាតុស័ង្កសី ដែលមានឥទ្ធិពលគ្រប់គ្រងអារម្មណ៍ និងប្រឆាំងនឹងការថប់បារម្ភ។
៤. ត្រីសាម៉ុន និងត្រីធូណា (Salmon and Tuna)
ជាតិប្រូតេអុីនជាច្រើនត្រូវបានគេរកឃើញនៅក្នុងសាច់ត្រី ដែលយើងគួរតែបរិភោគឲ្យបានច្រើន ព្រោះត្រីជាប្រភេទសាច់ដែលស្អាត មិនសូវបង្កប់ទៅដោយបាក់តេរីនៅក្នុងខ្លួនវាឡើយ។ មួយវិញទៀត ត្រីសាម៉ុន និងធូណាសម្បូរទៅដោយប្រូតេអ៊ីន ហើយក៏ផ្តល់ឱ្យអ្នកនូវ អាស៊ីតខ្លាញ់អូមេហ្គាបី(Omega3) ដែលអាចជួយការពារអ្នកឲ្យចៀសឆ្ងាយពីជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធភាព។ វាក៏អាចបង្កើនការផលិត សារធាតុ សេរ៉ូតូនីន(serotonin) និងបន្ថយអរម៉ូនស្ត្រេសដូចជាអរម៉ូន កូរឌីសូល(cortisol) ។ អ្នកអាចញ៉ាំត្រីសាម៉ុន និងធូណាបានញឹកញាប់តាមដែលអ្នកចូលចិត្ត ដោយសារអាហារទាំងនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកទទួលបានអារម្មណ៏ស្រស់ស្រាយ និងរីករាយភ្លាមៗផងដែរ។
៥. ស្រូវសាលី (Oatmeal)
អាហារសម្រន់ប្រភេទនេះគឺជាម៉ូលេគុលជាតិស្ករ កាបូអ៊ីដ្រាត(carbohydrate)។ វាធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកមានស្ថេរភាព និងកាត់បន្ថយកម្រិតនៃអរម៉ូនស្ត្រេសនៅក្នុងខួរក្បាលបានយ៉ាងឆាប់រហ័សទៀតផង។ ស្រូវសាលីជួយកាត់បន្ថយភាពតានតឹងដោយការបញ្ចេញសារធាតុ សេរ៉ូតូនីន(Serotonin) ដែលអាចបង្កើនការគិតវិជ្ជមាន ដែលជួយសម្រួលដ៏ការគិត។
៦. ស្ពៃពួយឡេង (spinach)
ស្ពៃពួយឡេង គឺជាបន្លែមួយប្រភេទដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងអាហារប្រចាំថ្ងៃ ហើយត្រូវបានគេស្គាល់ថាជាបន្លែដែលសម្បូរទៅដោយវីតាមីន ដែលជំនួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នៅក្នុងការសិក្សាបច្ចុប្បន្ន អ្នកស្រាវជ្រាវបានបង្ហើបឲ្យដឹងថាសារធាតុដែលចម្រាញ់ចេញពីស្ពៃពួយឡេង មានលក្ខណៈសម្បត្តិប្រឆាំងនឹងភាពតានតឹង និងប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដោយបន្ថយ CORT និងបង្កើនកម្រិត គ្លូតាមេត(glutamate) រួមទាំង គ្លូតាមីន(glutamine) ដែលមាននៅក្នុងស្រោមខួរ(mPFC) ។
៧. រមៀត
បន្ថែមរមៀតទៅក្នុងមុខម្ហូបរបស់អ្នក ដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែមជាច្រើន។ ការទទួលទានរមៀតមិនត្រឹមតែអាចព្យាបាលរបួសដែលមាននៅលើរាងកាយរបស់អ្នកឲ្យសះស្បើយប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយព្យាបាលដល់ជំងឺផ្លូវចិត្តផងដែរ។ គ្រឿងទេសប្រភេទនេះត្រូវបានគេស្គាល់ថាជាគ្រឿងទេសដែលមានផ្ទុកសារធាតុ Curcumin ដែលប្រឆាំងនឹងការរលាក។ សារធាតុ Curcumin ត្រូវបានគេដឹងថាជាសារធាតុដែលអាចជំរុញអ័រម៉ូនម្យ៉ាង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងស្រស់ស្រាយ។ ហើយវាគឺជាសារធាតុ សេរ៉ូតូនីន(serotonin) និង ដូប៉ាមីន(dopamine)។ មធ្យោបាយដ៏ល្អមួយនេះនឹងជួយអ្នកក្នុងការបំបាត់ការថប់បារម្ភ និងបង្កើនភាពស៊ាំ ដែលជាជំនួយដល់ការគេងលក់ស្រួលថែមទៀតផង៕
Article by NI CHANNIKA