×

ជម្រើស​ឈុត​ដ៏​ស័ក្តិសម​សម្រាប់​ដំណើរ​ក​ម្សាន្ត​ទៅកាន់​ប្រាសាទ​

TRAVEL & LIVING 2 years ago
 
 

            នៅ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ ​ក្រៅពី​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្តអារាម​ ​គ្រប់គ្នា​តែង​ចំណាយ​ពេល​ធ្វើដំណើរ​ក​ម្សាន្ត​ទី​ជិត​ទី​ឆ្ងាយ​ ​ដើម្បី​សម្រាក​លម្ហែ​នា​ឱកាស​ថ្ងៃឈប់​សម្រាក​។​ ​ក្រៅពី​ទៅ​ដើរលេង​នៅ​តាម​រម​ណ​នី​យ​ដ្ឋា​ន​ធម្មជាតិ​ដូចជា​ ​តំបន់​ទឹកធ្លាក់​ ​ព្រៃ​ភ្នំ​ ​សមុទ្រ​ ​ក៏ដូចជា​រមណីយដ្ឋាន​បែប​កែច្នៃ​ ​យើង​ក៏​នឹកឃើញ​ដល់​ប្រភេទ​រមណី​ដ្ឋា​ន​វប្បធម៌​បែប​ប្រវត្តិ​សា​ស្រ្ត ​ដូចជា​តំបន់​ប្រាសាទ​ជាដើម​។​ ​ដូច្នេះ​តើ​ការ​ដើរ​ទស្សនាចរ​តំបន់​ប្រាសាទ​ ​គួរ​ជ្រើសរើស​ការរៀបចំ​តុប​តែងខ្លួន​បែប​ណា​ទើបសម​នឹង​បរិយាកាស​ ​និង​មាន​ភាព​ងាយស្រួល​? ​ថ្ងៃនេះ​ ​សូវ​រី​ន​ ​បាន​ជ្រើសរើស​ឈុត​ដ៏​សក្តិ​សម​សម្រាប់​ដំណើរ​ក​ម្សាន្ត​នេះ​ ​ដើម្បី​ជា​យោបល់​ដល់​សុភាព​នារី​ទាំងឡាយ​។​

            មួក​
​            ការ​ទៅ​ទស្សនាចរ​នៅ​តំបន់​ប្រាសាទ​ ​ធ្វើឲ្យ​សុភាព​នារី​ទាំងឡាយ​ងាយ​ទទួលរង​ក​ម្តៅ​ថ្ងៃ​ ​ដែល​បណ្តាលឲ្យ​ប៉ះពាល់​ដល់​ស្បែក​មុខ​ ​និង​ផ្នែក​ក្បាល​។​ ​វា​មិន​ត្រឹមតែ​ជួយ​បិទបាំង​ក​ម្តៅ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​បង្កើន​ជា​ស្ទា​យ៍​លេងខ្លួន​កាន់តែ​ឡូយ​ឆាយ​ផង​ដែរ​។​ ​ដើម្បី​ជួយ​បិទបាំង​ផ្ទៃមុខ​ពី​ក​ម្តៅ​ថ្ងៃ​ ​មិត្ត​នារី​អាច​ជ្រើសរើស​ប្រភេទ​មួក​ក្រណាត់​ដែល​មាន​ហាម​ធំ​ ​ឬ​ជ្រើសរើស​ម៉ូដ​ទៅ​តាមចំណូលចិត្ត​។​ ​តែ​យ៉ាងណា​ ​ចូរ​ចងចាំ​ថា​ ​កុំ​ភ្លេច​ដោះ​មួក​ពេល​ចូល​ទី​សក្ការបូជា​ ​ក្នុង​បរិវេណ​ប្រាសាទ​កុំបីខាន​។​

            វែ​ន​តា​
​            ចំពោះ​វែ​ន​តា​វិញ​កាន់តែ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​ដំណើរ​ក​ម្សាន្ត​។​ ​មាន​វែ​ន​តា​ជាប់​ខ្លួន​ដូចជា​មាន​រនាំង​ការពារ​ភ្នែក​ដ៏​ពូកែ​ពី​ក​ម្តៅ​ថ្ងៃ​ ​មិនតែប៉ុណ្ណោះ​វា​ជួយការ​ពារ​ភ្នែក​ពី​លម្អង​ធូលី​ ​ក៏ដូចជា​សត្វល្អិត​ ​និង​ត្រជាក់​ភ្នែក​ ​មិន​ធ្វើ​ឲ្យភ្នែក​ស្ងួត​ទោះ​នៅ​ក្រោម​ក​ម្តៅ​ថ្ងៃ​រយៈពេល​យូរ​ក៏ដោយ​។​ វែ​ន​តា​រ៉ៃ​បាន់​(​Ray​ban​)​ជា​ប្រភេទ​វែ​ន​តា​ដែល​មាន​ភាព​ពេញ​និយម​ស័ក្តិសម​បំផុត​សម្រាប់​វិស្សមកាល​រដូវក្តៅ​។​ ​លើស​ពីនេះទៅ​ទៀត​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ការ​ថតរូប​ ​អាច​ស្ទា​យ៍​ជាមួយ​វែ​ន​តាខ្មៅ​ទៀត​កាន់តែ​មើលទៅ​ហំ​ហាន​។​ ​ដូច្នេះ​កុំ​ភ្លេច​ដាក់​វែ​ន​តា​ការពារ​ក​ម្តៅ​ថ្ងៃ​តាម​ខ្លួន​ណា​ ​ពេល​មានដំណើរ​ក​ម្សាន្ត​។​

            ស​ម្លៀ​ក​បំពាក់​
​            ស​ម្លៀ​ក​បំពាក់​រឹត​តែ​សំខាន់​ទៅទៀត​ ​ព្រោះ​ជា​ផ្នែក​ស្នូល​នៃ​ការរៀបចំ​ខ្លួន​តែម្តង​។​ ​ក្រៅពី​ការ​ស្លៀកពាក់​សម្រាប់​ថតរូប​ទុកជា​អនុ​ស្សា​វ​រី​យ៍ ​យើង​គប្បី​គិតគូរ​ពី​បរិយាកាស​ ​ត្រូវ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ដែល​មិន​ក្រាស់​ពេក​ ​ព្រោះ​នាំឲ្យ​ស្អុះស្អាប់​ ​ហើយ​មិនគួរ​ស៊ិ​ច​ស៊ី​នោះ​ទេ​។​ ​ជាក់ស្តែង​ ​បើសិនជា​ដំណើរ​ក​ម្សាន្ត​ទៅ​សមុទ្រ​យើង​អាច​ស្ទា​យ៍​អាវ​វាល​ជាមួយ​ខោ​ខើច​ខ្លី​។​ ​ផ្ទុយទៅវិញ​ ​ចំពោះ​ការ​ដើរលេង​នៅ​ប្រាសាទ​យ៉ាងហោចណាស់​អាច​ជា​អាវ​ដៃ​ខ្លី​ ​តែ​បើ​ខោ​ ​ឬ​សំពត់​វិញ​អាច​ត្រឹម​ជង្គង់​ចុះ​ក្រោម​។​ ​យើង​ក៏​អាច​បន្ថែម​ជាមួយ​កន្សែង​ស្បៃ​ ​ឬ​ក្រ​ម៉ា​ខ្មែ​សម្រាប់​គ្រប​ពីលើ​សម្រាប់​អ្នក​ចង់បាន​ស្ទា​យ៍​មួយ​បែប​ទៀត​។​

            កាបូប​
​            ជា​ការពិត​ ​គ្រប់​ដំណើរ​ក​ម្សាន្ត​ចេញទៅ​ខាងក្រៅ​តែង​មាន​របស់របរ​ប្រើប្រាស់​សំខាន់​ៗ​មួយ​ចំនួន​សម្រាប់​ដាក់​តាម​ខ្លួន​។​ ​ដើម្បី​ងាយស្រួល​ទុកដាក់​ ​មិន​ឲ្យ​រ​ញ៉េ​រ​ញ៉ៃ ​មិន​សំពីង​សំពោង​តាម​ខ្លួន​ច្រើន​ ​យើង​គួរតែ​មានការ​បូ​ប​យួរ​ដៃ​ ​ឬ​ស្ពាយ​ស្មា​ ​ទំហំ​ធំ​ល្មម​មួយ​សម្រាប់​ដាក់​អីវ៉ាន់​ទាំងអស់​ចូល​ទើប​ជា​ការ​ប្រសើរ​។​ ​អាច​ជ្រើសរើស​ពណ៌​កាបូប​ទៅតាម​ពណ៌​ ​ឬ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដើម្បីឲ្យ​មើលទៅ​ស៊ីមេទ្រី​។​ ​ជាក់ស្តែង​ដូច​ក្នុង​រូប​ ​បើ​ស​ម្លៀ​ក​បំពាក់ពណ៌​ស្រាល​សាច់​លាត​ ​អាច​យួរ​កាបូប​ដែល​មាន​ពណ៌​ស្រាល​ស្រដៀងគ្នា​ ​ហើយ​បើ​ស្លៀក​រ៉ូប​ ​ឬ​សំពត់​ដែល​មាន​ពណ៌​ស្រស់​វិញ​ ​កាបូប​ស្ពាយ​ស្មា​ពណ៌​ក្រ​ម៉ៅ​ ​ឬ​ពណ៌​ខ្មៅ​គឺ​សម​បំផុត​។​

            ស្បែកជើង​
​            ការ​ជ្រើស​ស្បែកជើង​គឺជា​អ្វី​ដែល​យើង​គួរ​គិតគូរ​ឲ្យបាន​ត្រឹមត្រូវ​ផង​ដែរ​ ​ព្រោះ​ការ​ក​ម្សាន្ត​នៅ​តំបន់​ប្រាសាទ​ត្រូវ​ចំណាយ​ពេល​ដើរ​ច្រើន​ ​បើ​រើស​ស្បែកជើង​ដែល​ខុស​អាច​នឹង​ផ្តល់​ជា​ផល​លំបាក​ជាដើម​។​ ​ជាក់ស្តែង​ ​បើ​ពាក់​ស្បែកជើង​កែង​ ​ឬ​ស្បែកជើងផ្ទាត់​វា​អាច​នឹង​ភ្លាត់​ ​ឬ​ក្រឡាច់​បង្ក​ជា​គ្រោះថ្នាក់​បាន​។​ ​ផ្ទុយទៅវិញ​ស្បែកជើង​ប៉ា​តា​ ​និង​ស្បែកជើង​ស៊ក​ឃ្លុប​មុខនឹង​ផ្តល់​ភាព​ងាយស្រួល​ពេល​ដើរ​ ​តែ​ត្រូវ​ប្រាកដ​ថា​គួរ​ជ្រើសរើស​ស្បែកជើង​ដែល​មាន​លក្ខណៈ​ទន់​ ​និង​មិន​រឹប​ខ្លាំងពេក​ទើប​មិន​ធ្វើឲ្យ​ឈឺ​ជើង​៕​

Article by SOUNG SOKSAN


SUGGESTIONS