ក្រោយកម្មវិធីប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តរដូវកាលទី៤បានបញ្ចប់ទៅជាស្ថាពរ យើងរកឃើញថាជ័យលាភីលេខ១បានទៅលើបេក្ខនារីដែលតំណាងឲ្យខេត្តសៀមរាបគឺកញ្ញា អ៊ិន ម៉ូលីកា។ តំណែងជាធីតាឯកសង្រ្កាន្តរដូវកាលទី៤នេះ កញ្ញាមានកាតព្វកិច្ចគ្រងឈុតទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាមកិមិរាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម គង់លើមហឹសា(ក្របី) ជាជំនិះ ដែលនឹងមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ទទក នាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំថ្មីនេះ។ ដើម្បីជាការអបអក្នុងឱកាសដ៏នក្ខតឫក្សនេះផងដែរ ក្រុមការងារ សូវរីន បានធ្វើកិច្ចសម្ភាសន៍ជាមួយកញ្ញា អំពីចំណាប់អារម្មណ៍ ក៏ដូចជាគោលបំណងនៃការចូលរួមប្រកួតជូនដល់ប្រិយមិត្តឲ្យបានជ្រាប។
ក្នុងទឹកមុខញញឹមសម្តីស្រទន់មានដោយមន្តស្នេហ៍ ម្ចាស់តំណែងធីតាឯកសង្រ្កាន្តរដូវកាលទី៤រូបនេះបានបង្ហាញពីអារម្មណ៍រំភើបមិនទាន់បាត់នៅឡើយថា “បើនិយាយពីអារម្មណ៍ពេលនោះវិញ ខ្ញុំរំភើបស្ទើរតែរកអ្វីនិយាយពុំបាន គឺសប្បាយចិត្តខ្លាំងមែនទែន មិននឹកស្មានថាខ្លួនធ្វើបានល្អនៅរាត្រីប្រកួតផ្តាច់ព្រ័ត្រនោះឡើយ។ នេះជាក្តីស្រមៃរបស់ខ្ញុំជាយូរមកហើយដែលចង់សម្តែងជាតួអង្គទេវតាឆ្នាំថ្មី។” បើនិយាយពីការប្រកួតប្រជែងវិញ ច្បាស់ណាស់ថាបេក្ខជនដែលចូលរួមសុទ្ធសឹងតែមានសមត្ថភាព ហើយប្រឹងប្រែងដើម្បីគោលដៅតែមួយដូចគ្នាគឺឈោងចាប់យកជ័យជម្នះ។ “បេក្ខនារីផ្សេងៗពួកគាត់សុទ្ធសឹងតែមានសមត្ថភាព ទេពកោសល្យ ចំណេះដឹង រួមទាំងរូបសម្រស់ស្រស់ស្អាតដោយឡែកពីគ្នា ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ អ្វីដែលជាចំណុចខ្លាំងដែលអាចឲ្យខ្ញុំទទួលបានជ័យលាភីនោះគឺ ការមានភាពជឿជាក់លើខ្លួនឯង ភាពក្លាហាន ហើយតាំងចិត្តថាខ្ញុំមិនភ័យខ្លាចឡើយពេលនៅលើឆាក។ មួយវិញទៀត ថ្ងៃដែលបោះជំហានចូលក្នុងកម្មវិធីនេះ គឺខ្ញុំបានត្រៀមខ្លួនរួចជាស្រេចទៅហើយដើម្បីចូលរួមប្រកួត សូម្បីតែថ្ងៃត្រូវបង្ហាញខ្លួនដំបូងគឺ ខ្ញុំក្រោកតាំងពីម៉ោង៤ភ្លឺម្ល៉េះដើម្បីត្រៀមខ្លួន” ម្ចាស់មកុដរូបនេះបានលើកឡើង។
ទន្ទឹមនឹងទទួលបានតំណែងធីតាឯកនេះ កញ្ញា អ៊ិន ម៉ូលីកា ក៏បានជួបផលលំបាកមួយចំនួនដែរ គឺការហាត់រាំរបាំបុរាណ។ ជាក់ស្តែង ដោយហេតុមិនធ្លាប់បានហាត់រៀនពីមុន ទើបធ្វើឲ្យដៃនៅរឹង ហើយពេលខ្លះក៏រាំតាមក្បាច់មិនទាន់ផងដែរ។ ម្យ៉ាងវិញទៀត ចំពោះរយៈពេលនៃការហាត់វិញ មានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ តែយ៉ាងណា កញ្ញាក៏សប្បាយចិត្តនៅពេលបានរាំរបាំបុរាណខ្មែរបង្ហាញនៅលើឆាកជូនទស្សនិកជនទស្សនា។ ក្រោយបញ្ចប់ការប្រកួត តាមរយៈកម្មវិធីធីតាឯកសង្រ្កាន្ត កញ្ញាទទួលបានបទពិសោធន៍ជាច្រើនដូចជា ការហាត់រៀនបន្ថែមពីការដើរម៉ូដទាំងបុរាណ និងសម័យ ការហាត់រាំរបាំបុរាណខ្មែរ និងការចេះអត់ធ្មត់ ប្រឹងប្រែងធ្វើអ្វីមួយឲ្យបានល្អបំផុត។
ងាកមកជជីកសួរអំពីការបោះជំហានចូលវិស័យសិល្បៈវិញ យើងបានដឹងថា ម្ចាស់មកុដដែលមានកម្ពស់១,៧២ ម៉ែត្រ ទម្ងន់ ៤៩ គីឡូ រូបនេះបានផ្តើមចេញពីការចាប់ចិត្តប្រតិព័ទ្ធលើវិស័យសិល្បៈតាំងពីក្មេងមកម្ល៉េះ។ កម្មវិធីធីតាឯកសង្រ្កាន្តនេះ គឺជាលើកទី៣ទៅហើយសម្រាប់កញ្ញាក្នុងការចូលរួមកម្មវិធីប្រកួតសម្រស់ ពោលគឺ នៅឆ្នាំ២០១៦ កញ្ញាធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Freshie ទទួលបានជ័យលាភីលេខ៣។ បន្ទាប់មក នៅឆ្នាំ២០១៩ កញ្ញាបានតំណាងឲ្យកម្ពុជាទៅប្រកួតនៅប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី Face of Asia មុននឹងឈានចូលមកប្រកួតកម្មវិធីខាងលើនេះ។
ក្រោយឆ្លងកាត់ការប្រកួត៣លើករួច ថែមទាំងទទួលបានជ័យជម្នះកាលពីពេលថ្មីៗនេះ តើកញ្ញាធ្លាប់ទទួលរងការបង្អាក់ទឹកចិត្តដែរ ឬទេ? ឆ្លើយទាំងមិនលាក់លៀម រំលឹកប្រាប់មកកាន់សូវរីន “គេធ្លាប់និយាយមកកាន់ខ្ញុំថា ចូលរួមប្រកួតធ្វើអី អ្ហែងអត់ស្អាតទេ ប្រកួតទៅដឹងតែអត់ឈ្នះគេហើយ។ ហេតុតែចិត្តស្រលាញ់ ខ្ញុំបានប្តេជ្ញាចិត្តហើយប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែធ្វើឲ្យបាន មិនត្រូវយកសម្តីរិះគន់អស់ហ្នឹងមកគិត ហើយបោះបង់ក្តីស្រមៃរបស់ខ្លួនឯងឡើយ។ ម្យ៉ាងខ្ញុំទទួលបានការលើកទឹកចិត្តពីគ្រួសារផង ចុងក្រោយខ្ញុំក៏ធ្វើវាបានពិតមែន។” បង្ហើបពីគោលបំណងទៅថ្ងៃមុខ ម្ចាស់ជ័យលាភីដែលអាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងអង់គ្លេស រូបនេះ ថាចង់អភិវឌ្ឍខ្លួនឲ្យប្រសើរឡើងមួយកម្រិតទៀត ពង្រឹងសមត្ថភាពបន្ថែមក្នុងវិស័យសិល្បៈ និងចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យមួយរូបផងដែរ។
ជាចុងក្រោយ តាមរយៈសូវរីន កញ្ញា អ៊ិន ម៉ូលីកា ធីតាឯកសង្រ្កាន្តរដូវកាលទី៤ មានពាក្យពេចន៍ផ្តាំផ្ញើដែរថា “មិនថាយើងចង់ធ្វើអ្វីក៏ដោយឲ្យតែមិនប៉ះពាល់ដល់អ្នកដទៃ និងសង្គម យើងកុំខ្វល់ពីសម្តីគេដែលនាំឲ្យយើងបាក់ទឹកចិត្ត ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ផ្តោតលើគោលដៅរបស់យើងជាធំ។” ឆ្លៀតឱកាសនេះកញ្ញាក៏សូមថ្លែងអំណរអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានជួយគាំទ្រ និងសូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ឲ្យជួបប្រទះតែសេចក្តីសុខ និងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារ៕
Article by SOUNG SOKSAN