×

លោកស្រី​ នុ​ន​ ​ចាន់នី​ ​ជ័យ​លា​ភី​សហគ្រិន​ស្រ្តី​ឆ្នើម​វ័យក្មេង​កម្ពុជា​

NEWS 3 years ago
 
 

           ​ក្នុងចំណោម​ផ្នែក​សហគ្រិន​វ័យក្មេង​ឆ្នើម​នៃ​កម្ពុជា​ទាំងអស់​ ​លោកស្រី​ នុ​ន​ ​ចាន់នី​ ​ជា​បេ​ក្ខ​នារី​ជ័យ​លា​ភី​ពានរង្វាន់​«​សហគ្រិន​ស្រ្តី​ឆ្នើម​វ័យក្មេង​»​ ​ហើយក៏​ជា​ស្រ្តី​តែមួយ​រូប​គត់​ដែល​ទទួល​បាន​ពានរង្វាន់​ផ្នែក​នេះ​កម្មវិធី​ ​«​ ​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ ​២​០​២​១​ ​»​ ​ហៅ​កាត់​ថា​ C​Y​E​A​ 2021 ​សហ​ការរៀបចំ​ដោយ​សហគ្រិន​វ័យក្មេង​កម្ពុជា​ (​Y​E​A​C) ​និង​អង្គការ​បណ្តាញ​សហគ្រិន​ភាព​សកល​កម្ពុជា​ (​G​E​N ​CAM​BO​D​I​A​) ​ក្រោម​ការឧបត្ថម្ភ​ធំ​ដោយ​សហគ្រិន​ខ្មែរ​ (​Khmer​ ​Enterprise​) ​ខណៈ​ដែល​ពានរង្វាន់​៤​ផ្សេងទៀត​បាន​ទៅ​បេ​ក្ខ​បុរស​ទាំងអស់​។

​​លោកស្រី​ នុ​ន​ ​ចាន់នី

          ជ័យ​លា​ភី​ពានរង្វាន់​ខាងលើ​នេះ​ជា​ស្ថាបនិក​សិប្បកម្ម​ ​«​រាជិនី​បា​ណា​ណា​សំឡូត​»​ ​ឯកទេស​ផលិត​អាហារសម្រន់​ធ្វើ​ពី​ចេក​ក្នុងស្រុក​បានឲ្យ​ដឹង​ថា​សិប្បកម្ម​របស់​លោកស្រី​មាន​ទីតាំង​ផលិត​ស្ថិតនៅ​ភូមិ​កញ្ចាំង​ ​ឃុំ​ស៊ុ​ង​ ​ស្រុក​សំឡូត​ ​ខេត្ត​បាត់​ដំបង​។​ ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៨​ដោយសារតែ​កសិករ​នៅ​តំបន់​នោះ​ប្រឈមមុខនឹង​កង្វះ​ទី​ផ្សារ​កសិផល​ចេក​ទើប​លោកស្រី​ផុស​ឡើង​នូវ​គំនិត​យក​ចេក​ដែល​សេសសល់​នោះ​មក​ច្នៃ​ជា​ចេក​ឆាប​បែប​ប្រពៃណី​ទុក​ទទួលទាន​ហើយ​ចែករំលែក​ខ្លះ​ដល់​អ្នកជិតខាង​រហូត​ចេះតែ​ល្បី​ត​ៗ​គ្នា​ដល់​មាន​គេ​កុម្ម៉ង់​ដាក់ជា​បង្អែម​ក្នុង​កម្មវិធី​បុណ្យទាន​ក្នុង​តំបន់​។​ ​បន្ទាប់មក​ ​ក្នុង​ឆ្នាំ​២​០​១​៩​ ​លោកស្រី​បាន​ចូលរួម​ទទួលការ​បណ្តុះបណ្តាល​ជំនាញ​អាជីវកម្ម​ជាមួយ​ស្ថាប័ន​ជំនាញ​មួយ​ចំនួន​ ​ជាអាទិ៍​រួម​មាន​ ​SHE​ ​Investment​s, ​Impact​ ​Hub​ ​និង​ ​Khmer​ ​Enterprise​ (K​E​) ​រហូតដល់​បាន​យក​ផលិតផល​នោះ​ទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​ក្លាយ​ជា​សិប្បកម្ម​ពេញ​សិទ្ធិ​ត្រឹមត្រូវ​ ​។​ ​បច្ចុប្បន្ន​ ​អាជីវកម្ម​ចេក​ឆាប​ជំនាន់​ថ្មី​នេះ​កាន់តែ​រីក​ចម្រើន​ទទួល​បាន​នូវ​ចំណាប់អារម្មណ៍​ពី​បណ្តា​អតិថិជន​ ​បណ្តាញ​សហគ្រិន​នានា​ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ផ្សេងៗ​។​ ​ដោយសារតែ​បែប​នេះ​ហើយ​ ​ទើប​សព្វថ្ងៃ​សង្វាក់​ផលិតកម្ម​មាន​កំណើន​ដែល​តម្រូវ​ឲ្យ​លោកស្រី​ត្រូវ​បន្ថែម​បុគ្គលិក​អ​ចិន្រ្តៃយ៍​ដែល​សុទ្ធ​សឹង​ជា​ប្រជា​សហគមន៍​ក្នុងស្រុក​សំឡូត​រហូតដល់​១​២​នាក់​ខុស​ពី​គ្រាដំបូង​ដែល​លោកស្រី​ផ្តួចផ្តើម​ធ្វើការ​នេះ​តែម្នាក់ឯង​ប៉ុណ្ណោះ​។​

          ​ងាក​មក​កម្មវិធី​ពានរង្វាន់​ខាងលើ​នេះ​វិញ​ ​ពេល​នោះ​លោកស្រី​បាន​ប្រឹង​ព្យាយាម​យ៉ាង​ស្វិតស្វាញ​ទម្រាំ​ទទួល​បាន​ជ័យ​លា​ភី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​លោកស្រី​យល់ថា​កត្តា​ដែល​ធ្វើឲ្យ​លោកស្រី​ស័ក្តិសម​នឹង​ទទួល​បាន​ពាន​មួយ​នេះ​គឺ​ដោយសារ​លោកស្រី​ជា​ស្ថាបនិក​សំខាន់​ដែល​ជួយ​រក​ទី​ផ្សារ​ឲ្យ​កសិផល​ចេក​ក្នុង​តំបន់​ផ្តល់​អាទិភាព​ដល់​សហគមន៍​ហើយក៏​ជា​ស្រ្តី​ដែល​ដើរ​តួនាទី​តែម្នាក់ឯង​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​អាជីវកម្ម​នេះ​តាំងពី​បាតដៃ​ទទេ​ផលិត​បានតែ​៥​គីឡូក្រាម​ក្នុងមួយថ្ងៃ​តស៊ូ​អាច​ផលិត​លក់​បាន​ដល់​២​០​០​គីឡូក្រាម​ក្នុងមួយថ្ងៃ​។​ “​ខ្ញុំ​មិន​គិតថា​ដើម្បី​ប្រកួតប្រជែង​បាន​ពាន​ទេ​ ​តែ​យើង​សង្ឃឹម​ថា​ ​នៅ​ពេល​យើង​ចូលរួម​កម្មវិធី​មួយ​ ​វា​ជា​marketing​មួយ​សម្រាប់​អាជីវកម្ម​យើង​។​ ​ទោះបី​យើង​មិន​ជាប់​ក៏ដោយ​ ​មានន័យ​ថា​យើង​ធ្វើខ្លួន​ឲ្យ​គេ​ស្គាល់​។​ ​ហ្នឹង​ជា​ការ​ប្រូ​ម៉ូត​ដែល​យើង​អត់​ត្រូវ​ការផ្សាយពាណិជ្ជកម្ម​ឲ្យអស់​លុយ​ទេ​ ” ​លោកស្រី​បាន​ថ្លែង​។​

          ​តាំងពី​ជាប់​ជ័យ​លា​ភី​នេះ​មក​ ​អាជីវកម្ម​នេះ​កាន់តែ​ត្រូវ​បាន​គេ​ទទួលស្គាល់​ទូលំទូលាយ​ជាង​មុន​។​ ​ជាក់ស្តែង​ផលិតផល​របស់​លោកស្រី​ត្រូវ​បាន​គេ​ទទួល​តាំង​លក់​នៅ​តាម​ហាង​កាហ្វេ​៤​០​កន្លែងនៅ​ភ្នំពេញ​ ​បាត់​ដំបង​ ​ព្រះ​សី​ហ​នុ ​និង​ព្រៃវែង​។​ ​សព្វថ្ងៃ​ផលិតផល​ត្រូវ​បាន​បែងចែក​ជា​បួន​រសជាតិ​ ​រសជាតិ​ដើម​ ​ផ្អែម​ ​ជូរ​ហិ​រ​ ​និង​ប្រៃ​ស្លឹក​ក្រូច​ ​រួម​មាន​ចំណុះ​ ​២​៥​ក្រាម​ (​សំបក​ប្លាស្ទិក​ខ្ចប់​ដោយ​ម៉ាស៊ីន​) ​១​២​០​ ​ក្រាម​ (​កញ្ចប់​ក្រដាស​) ​និង​ ​៣​០​០​ក្រាម​ (​កញ្ចប់​ប្លាស្ទិក​អ៊ុត​ដោយដៃ​)​។​ ​ប្រភេទ​ទីមួយ​ ​មាន​តម្លៃ​ ​៥​០​០​រៀល​។​ ​ប្រភេទ​ទីពីរ​ ​មាន​តម្លៃ​ ​៥​០​០​០​រៀល​ ​និង​ប្រភេទ​ទីបី​ ​មាន​តម្លៃ​ ​៧​០​០​០​-​៨​០​០​០​រៀល​។​ ​លក្ខណៈ​ពិសេស​របស់​វា​គឺ​ ​ញ៉ាំ​ច្រើន​មិន​ក្តៅ​ក​ ​មិន​មាន​សារធាតុ​រក្សាទុក​ ​និង​សាច់​ចេក​ស្ងួត​មិន​ឡើង​ប្រេង​ ​ខុស​ពី​ចេក​ឆាប​ដែល​នាំចូល​ ​ឬ​ចេក​ឆាប​ធម្មតា​ដែ​លលក់​តាម​ទី​ផ្សារ​។​

          ទៅ​ថ្ងៃ​អនាគត​ ​លោកស្រី​ នុ​ន​ ​ចាន់នី​ ​មាន​គោលដៅ​សម្រាប់​អាជីវកម្ម​នេះ​គឺ​បង្កើន​ផលិតកម្ម​ឲ្យបាន​ ​៥​តោន​ ​ក្នុងរយៈពេល​៥​ឆ្នាំទៅ​មុខ​ ​បន្ថែម​ម៉ាស៊ីន​ក្នុង​សង្វាក់​ផលិតកម្ម​ ​និង​កែច្នៃ​ផលិតផល​ផ្សេងៗ​ទៀត​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ត្រូវ​ផ្តោត​ជានិច្ច​នោះ​គឺ​រក្សា​គុណភាព​និង​អនាម័យ​ផលិតផល​ទើប​អាច​​​រក្សា​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​បាន​គង់វង្ស​យូរអង្វែង​ ​។​ ​ជាចុងក្រោយ​ ​លោកស្រី​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​ស្រ្តី​គ្រប់រូប​ដែល​មានបំណង​ចង់​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ថាត្រូវ​មាន​គោលដៅ​និង​ជំហរ​ដោយខ្លួនឯង​ ​និង​សូមឲ្យ​មហាជន​ងាក​មក​គាំទ្រ​ផលិត​ ​ផល​ក្នុងស្រុក​ដែល​ជា​ស្នាដៃ​ស្រ្តី​ខ្មែរ​ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ពួកគេ​៕

Atricle by SRINSOKMEAN​


SUGGESTIONS