ភ្លេចខ្លួនតែមួយភ្លែត រដូវក្ដៅក៏ឈានចូលមកដល់ជាថ្មីម្ដងទៀត ហើយឆ្នាំនេះមើលទំនងដូចជារាងក្ដៅជាងឆ្នាំមុនៗទៀតផង។ រដូវក្ដៅបែបនេះ អ្នកដែលចូលចិត្តទេសចរផ្សងព្រេងភាគច្រើន និយមទៅកម្សាន្តតាមតំបន់នានា ព្រោះងាយស្រួលធ្វើដំណើរ ឬបោះតង់ជាដើម។ ថ្វីត្បិតតែការធ្វើដំណើរកម្សាន្តផ្ដល់ឲ្យយើងនូវអារម្មណ៍រីករាយ និងស្រស់ថ្លាក៏ពិតមែន ប៉ុន្តែចំហាយក្ដៅរបស់ព្រះអាទិត្យអាចធ្វើអោយខូចស្បែក សក់ និងបង្កើនភាពប្រថុយប្រថានដល់រោគមហារីកស្បែកផងដែរ។ សម្លៀកបំពាក់គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយការពារកម្ដៅព្រះអាទិត្យមកកាន់រាងកាយ។ ទន្ទឹមនឹងនេះ មួកក៏ជារបាំងការពារស្បែក និងសក់ពីកម្ដៅព្រះអាទិត្យបានយ៉ាងល្អ។ ហេតុដូច្នេះហើយ ថ្ងៃនេះសូវរីននឹងបង្ហាញពីការជ្រើសរើសមួកមួយចំនួនឲ្យស័ក្តសមនឹងរដូវក្ដៅ៖
Floppy Reversible Hat
មួកដែលមានហាមធំ គឺជាប្រភេទមួកដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងដំណើរកម្សាន្តតាមតំបន់ឆ្នេរ ការនេសាទ ការជិះទូក និងសកម្មភាពក្រៅផ្សេងទៀតសម្រាប់ការប្រើប្រាស់គ្រប់រដូវកាល។ មួកខ្នាតធំនេះ ពេញនិយមបំផុតសម្រាប់ពាក់ជាមួយឈុតប៊ីគីនី និងខោខ្លី ហើយថែមទាំងជួយការពារផ្ទៃមុខ និងករបស់អ្នកបានយ៉ាងប្រសើរក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តទៀតផង។ បើក្រឡេកមកមើលអំពីរការរចនាម៉ូដវិញ មិត្តអ្នកអាននឹងឃើញភាពអស្ចារ្យរបស់វា ដោយអាចពន្លាត់ពាក់ផ្នែកខាងក្រៅ ឬខាងក្នុងបានទាំងសងខាងតាមចំណង់ចំណូលចិត្តរបស់អ្នក។ ជាពិសេស វាធ្វើពីសាច់ក្រណាត់ទន់ ដែលអាចបត់បាន ងាយស្រួលក្នុងការយកតាមខ្លួន។ គួរបញ្ជាក់ថា មួកប្រភេទនេះមានតែមួយទំហំ(Free Size)នោះទេ ដែលរង្វង់មួកគឺប្រហែល ២២.១សម ទៅ ២២.៨សម។
Packable Visor
មួកហាមធំចំហខាងលើ ដែលមើលទៅស្រស់ស្អាតសមជាមួយនឹងទម្រង់មុខមនុស្សភាគច្រើននោះ គឺជាប្រភេទមួកដែលមានទម្រង់ធំល្មម។ Packable Visor ជាមួកដែលមានភាពទាន់សម័យ ស័ក្តិសមជាមួយសម្លៀកបំពាក់ស្ទើរគ្រប់ប្រភេទ ហើយមិនឆាប់សាប ឬសាំភ្នែកនោះទេ។ មួកដ៏ប្រណិតនេះ ត្បាញដោយម៉ាស៊ីន និងមានទម្ងន់ស្រាល ផ្ដល់នូវផាសុកភាពសម្រាប់ការពាក់ពេញមួយថ្ងៃ ហើយវាក៏ងាយស្រួលក្នុងការដោះចេញផងដែរ។ ក្នុងអាកាសធាតុក្ដៅបែបនេះ មិនថាប្រិយមិត្តធ្វើដំណើរកម្សាន្តនៅតាមឆ្នេរសមុទ្រ ឬតាមបណ្ដាឧទ្យានទេ បើបានលេងស្ទីលមួកហាមធំចំហខាងលើនេះ ធានាថាមានអារម្មណ៍ល្អ ដោយមិនរតេរតាយ ឬស្អុះស្អាប់ឡើយ។
Bucket hat
បង្កើនភាពហ្វេហ្សិនជាមួយនឹងមួកដែលធ្វើពីកប្បាស ដែលជាជម្រើសដ៏ល្អសម្រាប់ការឡើងភ្នំ ការនេសាទ និងសកម្មភាពក្រៅផ្សេងទៀតក្នុងរដូវក្ដៅ។ មួកហាមតូច ជាប្រភេទមួកដែលមានផ្ទៃរង្វង់តូចល្មម ប៉ុន្តែមានសមត្ថភាពអស្ចារ្យក្នុងការការពារកម្ដៅព្រះអាទិត្យ។ ជាពិសេស វាមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាស្មុគស្មាញ ឬធុញថប់ដោយហប់ក្បាលនោះទេ ព្រោះវាជាប្រភេទក្រណាត់កប្បាសដែលមានសភាពទន់ និងត្រជាក់ ដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងជាចំណាប់អារម្មណ៍ដ៏លេចធ្លោមួយក្នុងទីសាធារណៈផងដែរ។
Straw Sahara hat
មួកចំបើងសាហារ៉ា ផ្ដល់នូវភាពស្រស់ស្អាត និងថ្លៃថ្នូរ ទាក់ទាញបំផុតសម្រាប់ប្រិយមិត្តដែលមានគម្រោងទៅកម្សាន្តនៅតាមបណ្ដាប្រាសាទនានា។ ព្រោះមួកដែលធ្វើពីចំបើងនេះ អាចការពារកំដៅថ្ងៃបានយ៉ាងអស្ចារ្យ (UPF 50+)។ ជាពិសេស វាមានទម្ងន់ស្រលដែលមិនធ្វើឲ្យធ្ងន់ ឬឈឺក្បាលនោះទេ ប៉ុន្តែវាពិបាកក្នុងការទុកដាក់តាមខ្លួនបន្តិច ដោយសារវាមានសភាពរឹង។ គួរបញ្ជាក់ថា អ្នកគួរតែប្រយ័ត្នបន្តិចនៅពេលដែលអ្នកលាងសម្អាតវា ព្រោះប្រភេទមួកចំបើងនេះ ងាយនឹងខូចនៅពេលដែលត្រូវទឹក។ សូមដុសផ្នែកខាងលើ និងខាងក្រោម ដោយប្រើអេប៉ុង ឬក្រណាត់សើម ចៀសវាងការប្រើច្រាសមកដុស។
Floppy safari hat
ស័ក្តិសមបំផុតសម្រាប់មិត្តអ្នកអាន ដែលមានគម្រោងទៅកម្សាន្តនៅតំបន់ភ្នំ ព្រោះវាធ្វើពីប្រភេទក្រណាត់ Polyester (ឬមានសារធាតុ polyester)។ គុណសម្បត្តិនៃមួកប្រភេទនេះ មានឥទ្ធិពលខ្ពស់ក្នុងការការពារសក់ក្បាលរបស់អ្នកពីកម្ដៅកាំរស្មី UV បានយ៉ាងល្អ និងងាយស្រួលក្នុងការពាក់ ដោយមិនធ្វើឲ្យស្អុះស្អាប់ ព្រោះវាងាយនឹងស្ងួតលឿននៅពេលដែលត្រូវទឹក។ មួកដែលមានតម្លៃសមរម្យប្រភេទនេះ មានច្រើនពណ៌ និងច្រើនខ្នាត់សម្រាប់ជ្រើសរើស ជាពិសេសគឺមានទម្ងន់ស្រាលតែម្ដង ហើយវាមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់នៃការការពារកម្តៅព្រះអាទិត្យនោះទេ វាក៏ជួយរំលេចរូបរាងរបស់អ្នកគ្រប់គ្នាដោយមិនរើសពណ៌សម្បុរឡើយ៕
Article by NI CHANNIKA