ការតាំងពិព័រណ៍គំនូរ «ធាតុនៃផ្កាឈូក» របស់វិចិត្រករខេត្តសៀមរាប ព្រហ្ម ពន្លឺ
NEWS 2 years agoផ្ទាំងគំនូរជីវចល ឬ Pastiche ចំនួន១៨ផ្ទាំងដាក់តាំងជាសាធារណៈរយៈពេល២ខែ ចាប់ពីថ្ងៃទី៦ ខែឧសភា រហូតទៅដល់ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះកម្មវិធីនេះ មហាជនអាចចូលរួមដោយសេរីចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ រហូតដល់ម៉ោង ៤:០០រសៀល ក្នុងវិចិត្រសាលសិល្បៈ ស្ថិតនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ (SOFITEL PHNOM PENH PHOKEETTRA) បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងអំពីវីរភាព ភាពឆ្លាតវៃ និងភាពប៉ិនប្រសប់របស់វិចិត្រករខ្មែរមួយរូបដែលសព្វថ្ងៃជាសិល្បករឯក រាជ្យ។
ក្រោមស្នាដៃដ៏ត្រចះត្រចង់របស់វិចិត្រករខ្មែរមានឈាមជ័រជាអ្នកខេត្តសៀមរាប លោក ព្រហ្ម ពន្លឺ ជាអតីតគ្រូបង្រៀនគំនូរ នៅសាលា “អង្គការពន្លឺធម្មជាតិនៃកម្ពុជា” បានឲ្យដឹងផងដែរថា គំនូរពីមួយផ្ទាំងទៅមួយផ្ទាំងទៀតជាការគូរឡើងដោយភាពស្រមើស្រមៃ ពោរពេញទៅដោយការច្នៃប្រតិដ្ឋខ្ពស់ ដោយបង្ហាញពីខ្សែជីវិតរបស់លោកផ្ទាល់តែម្ដង “រូបនីមួយៗពិតជាអស្ចារ្យខ្លាំងណាស់ ប្រសិនជាអ្នកស្វែងយល់អំពីបច្ចេកទេស និងអត្ថន័យរបស់រូបនីមួយៗ”។ ផ្ទាំងគំនូរនីមួយៗ មិនត្រឹមតែបានបង្ហើបពីប្រវត្តិរូបសង្ខេបមួយចំនួនដែលទាក់ទងទៅនឹងជីវភាពរបស់លោកតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានស្ដែងឲ្យឃើញនូវបច្ចេកទេសនៃការគូរដូចជា ការបៀកពណ៌ចេញជារូបផ្កាឈូក ដែលជាការបញ្ជាក់ពីអត្តសញ្ញាណរបស់លោក ព្រោះលោកគិតថា ផ្កាឈូកដុះចេញពី ដី ទឹក ខ្យល់ និងភ្លើង ដែលមានអត្ថន័យដូចទៅនឹងជីវិតរបស់លោកដែរ (ផ្អែម ល្វីង ជូរ ចត់)។ លោកបានបន្តទៀតថា ផ្កាឈូក ជាផ្កាដែលមានគុណប្រយោជន៍ខ្ពស់នៃប្រជាកសិករខ្មែរ មិនថាមើម ដើម ស្លឹក ផ្កា នោះទេ សូម្បីតែផ្លែរបស់វាក៏មានប្រយោជន៍ចំពោះរាងកាយផងដែរ។ មួយវិញទៀត លោកគិតថាសិល្បករនីមួយៗតែងតែមានអត្តសញ្ញាណរបស់ខ្លួនរៀងៗខ្លួន ទើបលោកបង្កើតវាឡើង។
ការតាំងពិព័រណ៍ថ្មីរបស់គាត់បង្ហាញពីធាតុទាំងបួននៃធម្មជាតិ ដែលយកលំនាំពីផ្កាឈូក នៅយុគសម័យសិល្បៈ “Water Lilies” របស់ Claude Monet។ គួរជម្រាបផងដែរថា រយៈពេល២ខែដែលនឹងដាក់តាំងបង្ហាញនូវផ្ទាំងគំនូរនេះនឹងមានកម្មវិធីជាច្រើនទៀតអមជាមួយ។ សូមរង់ចាំតាមដាននៅលើហ្វេសប៊ុកផេករបស់សណ្ឋាគារ Sofitel Phnom Penh Phokeethra និងTRIBE Cambodia ទាំងអស់គ្នា៕
Article Ni Channika