លោក ឌុក ដេត ជ័យលាភីចុងភៅលេខ១ ផ្នែកចម្អិន «ហហ្មុក» អាហារតំណាងជាតិ
NEWS 3 weeks ago«ហហ្មុក» គឺជាមុខម្ហូបដែលប្រជាជនខ្មែរយើងតែងនិយមប្រាប់ទៅកាន់បរទេសថាជាម្ហូបតំណាងជាតិ។ តាមការសង្កេត យើងឃើញថា មុខម្ហូបនេះត្រូវបានគេលើកតម្កើងជាងគេក្នុងចំណោមមុខម្ហូបនានាក្នុងសង្គមខ្មែរ។ ជាក់ស្តែង យើងមិនសូវឃើញមានគេធ្វើលក់នៅតាមទីសាធារណៈ ឬតាមតូបបាយតូចតាចនោះទេ ភាគច្រើនមានលក់តែក្នុងអាហារដ្ឋាន ឬភោជនីយដ្ឋានធំៗលក្ខណៈជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ហហ្មុក ក៏ជាមុខម្ហូបមួយដែលជួយទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវបរទេសតែម្តង ដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ ដោយឡែក កម្មវិធីពិព័រណ៍អាហារជុំវិញបឹងទន្លេសាប ត្រូវបានប្រារព្ធធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលរៀបចំឲ្យមានការប្រកួតប្រជែងថ្វីដៃចម្អិនម្ហូប ជ្រើសរើសបេក្ខជនមកពីបណ្តាខេត្តដែលនៅជុំវិញបឹងទន្លេ សាបផ្ទាល់តែម្តង។ ជាលទ្ធផល កម្មវិធីខាងលើនេះបានរកឃើញម្ចាស់ជ័យលាភីលេខ១ តំណាងឲ្យខេត្តសៀមរាប ដែលចម្អិនមុខម្ហូបហហ្មុកឆ្ងាញ់ជាងគេ។
ក្នុងទឹកមុខស្រស់ញញឹម គ្រងឈុតឯកសណ្ឋានចុងភៅ លោក ឌុក ដេត ម្ចាស់ជ័យលាភីលេខ១លើការចម្អិនហហ្មុក បានបង្ហើបពីអារម្មណ៍រំភើបមិនទាន់បាត់នៅឡើយថា “បើនិយាយពីអារម្មណ៍ ពេលដឹងថាខ្ញុំជាអ្នកឈ្នះគឺសប្បាយចិត្តណាស់ មិននឹកស្មានថាខ្ញុំអាចឈ្នះក្នុងការប្រកួតនោះទេ ព្រោះបេក្ខជនដទៃគឺមានជំនាញក្នុងការចម្អិន ហើយការរៀបចំតុបតែងម្ហូបរបស់ពួកគាត់ក៏មើលទៅល្អរៀងៗខ្លួន”។ ជាការពិត បើនិយាយពីបេក្ខជនដែលចូលរួមប្រកួតច្បាស់ណាស់ថា ពួកគាត់សុទ្ធសឹងតែមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការចម្អិនម្ហូប និងមានការខំប្រឹងរៀងៗខ្លួន។ ហើយការប្រកួតនេះទៀតសោត គឺមានរយៈពេលត្រឹម១ម៉ោងតែប៉ុណ្ណោះសម្រាប់បេក្ខជនរៀបចំគ្រឿងផ្សំនិងចម្អិន។ ពាក់ព័ន្ធនឹងការប្រកួតនេះទៀតសោត ម្ចាស់ជ័យលាភីរូបនេះបានបង្ហើបថា “សម្រាប់ខ្ញុំផ្ទាល់ កត្តាដែលនាំឲ្យខ្ញុំឈ្នះការប្រកួត ព្រោះគណៈកម្មការថាហហ្មុកខ្ញុំមានរសជាតិឆ្ងាញ់ សាច់ត្រីទន់ មិនរឹង មិនខ្សោះ ហើយខ្ញុំចម្អិនដោយយកទៅចំហុយ។”
ជាម្ចាស់ជ័យលាភីលេខ១ក្នុងការប្រកួត និងជាចុងភៅអាជីពមួយរូបដែលបានប្រឡូកក្នុងវិស័យម្ហូបអាហារអស់រយៈពេលជាង២០ឆ្នាំមកហើយ ដូច្នេះលោកអាចបង្ហើបបានទេថាហហ្មុកដែលឆ្ងាញ់ត្រូវតែជាហហ្មុកប្រភេទណា ឬមានរសជាតិបែបណា? ឆ្លើយទាំងមិនលាក់លៀម ចុងភៅដែលមានវ័យ៣៧ឆ្នាំរូបនេះតបថា “តាមបទពិសោធន៍ដែលខ្ញុំធ្លាប់មានកន្លងមកសម្រាប់ខ្ញុំផ្ទាល់ ហហ្មុកដែលឆ្ងាញ់គឺត្រូវតែមានរសជាតិល្មម មិនប្រៃ មិនផ្អែម មិនសាប ពេលចម្អិនឆ្អិនសាច់មិនរឹងហើយក៏មិនទន់ខ្លាំងពេកដែរ ហើយការចម្អិនគឺត្រូវយកទៅចំហុយ ព្រោះបើយកទៅឆាអាចនឹងគ្រឿងផ្សំមិនខាំចូលគ្នាល្អនោះទេ។”
តាមរយៈនេះ លោក ឌុក ដេត ក៏បានបង្ហើបពីអាថ៌កំបាំងនៃការចម្អិនហហ្មុកឲ្យឆ្ងាញ់តាមរូបមន្តផ្ទាល់ខ្លួនរបស់លោកដែរថា ការដាក់គ្រឿងផ្សំគឺលោកមានកំណត់បរិមាណច្បាស់លាស់។ ចំពោះគ្រឿងផ្សំនេះទៀតសោតគឺលោកបានបែងចែកជាពីរ ពោលគឺ មានគ្រឿងហហ្មុក និងគ្រឿងសម្រាប់ធ្វើហហ្មុកត្រី តួយ៉ាង គ្រឿងហហ្មុករួមមាន ស្លឹកគ្រៃហាន់១០០ក្រាម ខ្ទឹមស ២៥ក្រាម ខ្ទឹមក្រហម៤០ក្រាម រមៀត ១៥ក្រាម រំដេង ១៥ក្រាម ស្លឹកក្រូចសើច ៣ក្រាម ខ្ជាយ ៥ក្រាម ម្ទេសក្រៀម ៤៥ក្រាម សណ្តែកដីលីង ៤៥ក្រាម ប្រហុក ២៥ក្រាម ស្ករត្នោត ៥០ក្រាម និងប្រេងឆា ៥០ក្រាម ហើយត្រូវយកគ្រឿងទាំងអស់មកកិនចូលគ្នាឲ្យម៉ដ្តល្អ។ ចំណែកឯគ្រឿងសម្រាប់ហហ្មុកត្រីរួមមាន សាច់ត្រីអណ្តែង (សាច់សុទ្ធ) ១០០ក្រាម គ្រឿងហហ្មុក (ដែលបានកិនរួច) ២៥ក្រាម ផ្សិតចំបើង ៥០ក្រាម ស្លឹកញរ ២០ក្រាម ពងមាន់ ១គ្រាប់ ខ្ទិះដូង ១៦០ម.ល ទឹកត្រី ១០ម.ល ម្សៅស៊ុប ១០ក្រាម និងស្ករស ៥ក្រាម។ ចុងក្រោយ គ្រាន់តែយកគ្រឿងទាំងអស់ច្របល់ចូលគ្នា រួចយកទៅចំហុយរយៈពេល១៥នាទីជាការស្រេច។ លោកក៏បានបន្ថែមដែរថា ប្រសិនបើចង់ឲ្យហហ្មុកកាន់តែមានក្លិនឈ្ងុយ យើងក៏អាចយកគ្រឿងទាំងអស់ចំហុយដាក់ក្នុងផ្លែដូងក្រអូបក៏បាន។
យ៉ាងណាមិញ ក្រោយក្លាយជាម្ចាស់តំណែងចម្អិនហហ្មុកឆ្ងាញ់ក្នុងការប្រកួតរួចមក លោកក៏បានបញ្ចូលមុខម្ហូបហហ្មុកនេះជាមុខម្ហូបប្រចាំភោជនីយដ្ឋានរបស់លោកផ្ទាល់ផងដែរ។ ដូច្នេះ ប្រសិនបើបងប្អូនចង់ភ្លក់រសជាតិហហ្មុករបស់ម្ចាស់ជ័យលាភីលេខ១នេះផ្ទាល់ លោកអ្នកក៏អាចអញ្ជើញមកទទួលយករសជាតិដ៏ឈ្ងុយឆ្ងាញ់នេះនៅភោជនីយដ្ឋាន សួនមេអំបៅ ដែលស្ថិតនៅក្រុងសៀមរាប ឬមួយសាខាទៀតនៅបរិវេណរមណីយដ្ឋានបន្ទាយជ័យ៨០២ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង៕
Article by SOUNG SOKSAN