រដូវភ្លៀងកំពុងតែខិតចូលបន្តិចម្ដងៗធ្វើឲ្យប្រិយមិត្តមួយចំនួនបានត្រៀមសម្លៀកបំពាក់ និងមមាញឹកក្នុងការកែប្រែទម្លាប់ថែរក្សាសម្រស់ សម្រាប់ស្វាគមន៍រដូវនេះរួចជាស្រេច។ ទន្ទឹមនឹងនេះ យើងតែងតែខកខានក្នុងការការពារ ឬសម្អាតក្រចកពីបាក់តេរី និងមេរោគផ្សេងៗដែលបង្កពីអាកាសធាតុសើម។ Paronychia គឺជាមេរោគស្បែកមួយប្រភេទដែលបង្កជាពពួកផ្សិតនៅជុំវិញក្រចកដែលធ្វើឲ្យមានការឈឺចាប់ឡើងក្រហម និងរលាក។ ការធ្វើអនាម័យរាងកាយ ជាចំណុចសំខាន់ដើម្បីសុខភាពល្អ ក្នុងនោះអ្នកក៏ត្រូវចាប់អារម្មណ៍ឲ្យបានច្រើននៅកន្លែងណាមួយលើរាងកាយដែលងាយបង្កផលប៉ះពាល់សុខភាព ក្នុងនោះមានដូចជាក្រចកដៃ និងក្រចកជើង ជាដើម។ ដូច្នេះហើយ ចៀសវាងធ្វេសប្រហែសក្នុងការថែរក្សាក្រចកក្នុងរដូវភ្លៀង។ ចំណុចខាងក្រោមនេះជារឿងដែលសំខាន់ៗដើម្បីថែរក្សាក្រចកក្នុងអំឡុងពេលរដូវភ្លៀង។
ការកាត់ក្រចក: មនុស្សមួយចំនួនហាក់មិនសូវយកចិត្តទុកដាក់សម្អាតក្រចក ឬកាត់ក្រចកឲ្យបានទៀងទាត់ ប៉ុន្តែតើអ្នកដឹងទេថាការទុកក្រចកវែងៗ មិនត្រឹមមើលទៅគ្មានអនាម័យទេ ថែមទាំងប៉ះពាល់សុខភាពទៀតផង។ អ្នកច្បាស់ជាដឹងច្បាស់ហើយនូវពពួកបាក់តេរី និងមេរោគដែលមានក្នុងរបស់កខ្វក់ ហើយពួកវាងាយតោងជាប់ក្នុងក្រចករបស់យើងបំផុត។ ដូច្នេះអ្នកគួរតែមានទម្លាប់តម្រឹមក្រចករបស់អ្នកជាប្រចាំក្នុងអំឡុងពេលរដូវវស្សា ដើម្បីកុំឲ្យមេរោកកកកុញនៅក្រោមក្រចក។ មួយវិញទៀត ការទុកក្រចកវែងក៏អាចបង្កជាការបាក់ និងរហែកក្រចកផងដែរ។
ការរក្សាអនាម័យឧបករណ៍: ការជ្រើសរើសកន្ត្រៃកាត់ ឬប្រភេទប្រដាប់រូសខាត់ក្រចក ក៏ជារឿងត្រូវពិចារណាដែរ។ ចៀសវាងការប្រើឧបករណ៍គ្មានអនា ម័យ ឬសំអាតមិនបានស្អាតល្អ ព្រោះការប្រហែសក្នុងការសម្អាតអាចផ្ដល់ភាគរយខ្ពស់ក្នុងការឆ្លងជំងឺផ្សេងៗពីអ្នកដទៃដែលបានប្រើប្រាស់ឧបករណ៍នោះមុន។ ដូច្នេះ អ្នកគួរតែលាងសម្អាត និងសម្ងួតវាជានិច្ច ដើម្បីកម្ចាត់ជាតិពុល និងបាក់តេរីដែលមាន។
ការប្រើថ្នាំលាបក្រចក: ស្រ្តីចូលចិត្តប្រើថ្នាំលាបក្រចកខុសៗគ្នា មិនមានអ្វីខុសជាមួយការប្រើថ្នាំលាបក្រចកអំឡុងពេលរដូវវស្សានោះទេ។ គ្រាន់តែសូមព្យាយាមប្រើថ្នាំក្រចកដែលគ្មានជាតិគីមីខ្លាំង ហើយកុំលាបក្រចកញឹកញាប់ពេក ព្រោះរដូវនេះតែងតែមានភ្លៀងធ្លាក់ ដែលធ្វើឲ្យក្រចករបស់អ្នកឧស្សាហ៍ត្រូវសំណើម ដូច្នេះវាអាចធ្វើឲ្យក្រចករបស់អ្នកទន់ និងឆាប់បាក់។ ប្រសិនបើអាចធ្វើទៅបាន ចូរជ្រើសរើសថ្នាំលាបក្រចកដែលមានវីតាមីន A, C និង E ដើម្បីទ្រទ្រង់សុខភាពក្រចក។
ការគ្រប់គ្រងរបបអាហារ: ការដែលក្រចកមានសុខភាពល្អ មិនមែនពឹងផ្អែកតែលើផលិតផលដែលថែរក្សាក្រចកមួយមុខនោះទេ។ កត្តាសុខភាពរាងកាយក៏មានសារៈសំខាន់ តាមរយៈរបបអាហារដែលអ្នកបរិភោគប្រចាំថ្ងៃ។ អ្នកសិក្សាបានណែនាំឲ្យបរិភោគអាហារ ឬផ្លែឈើដែលមានវីតាដូចជា A, B, C, E និងអាស៊ីតខ្លាញ់អូមេហ្គា៣ និងអូមេហ្គា៦ឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានក្រចកដែលរឹងមាំចេញពីខាងក្នុង។ ក្រៅពីវីតាមីន អ្នកគួរតែបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជា ត្រី សាច់ និងគ្រាប់ធញ្ញជាតិ ជាដើម។
ការត្រាំក្រចក: វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការត្រាំដៃ និងជើងក្នុងទឹកក្ដៅឧណ្ហៗ ឬបន្ថែមអំបិលក្នុងអំឡុងពេលរដូវវស្សា ព្រោះវាអាចកម្ចាត់មេរោគ និងភាពកខ្វក់ទាំងអស់ចេញពីក្រចក។ ជាពិសេស វាអាចសម្អាតបាក់តេរីដែលបង្កគ្រោះថ្នាក់ ដូចជាពពួកផ្សិតបានយ៉ាងល្អ។ ការត្រាំក្រចកក៏ជួយធ្វើឲ្យស្បែកមានសភាពទន់ និងធ្វើឲ្យក្រចករលោងផងដែរ។ បន្ទាប់ពីត្រាំរួច ត្រូវលាងសម្អាតក្រចករបស់អ្នកជាមួយទឹកស្អាត រួចជូតឲ្យស្ងួតល្អ។ បន្ថែមឡេផ្ដល់សំណើម ដើម្បីឲ្យស្បែកនិងក្រចកមានសំណើមគ្រប់គ្រាន់ដែលមិនងាយបណ្ដាលឲ្យរបកស្បែកនោះទេ។
យើងមិនគួរមើលរំលងអំពីសុខភាពរបស់ក្រចកនៅរដូវភ្លៀងឡើយ ព្រោះវាជាផ្នែកមួយនៃរាងកាយដែលមានសារៈប្រយោជន៍ និងជួយលើកសម្រស់មិនចាញ់ផ្នែកដទៃទៀតនៃសារពាង្គកាយយើងនោះទេ។ ដរាបណាបើយើងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំវានោះ យើងនឹងទទួលបានក្រចកដែលមានសុខភាពល្អជាក់ជាពុំខាន៕