តើការស្ប៉ាភក់សមុទ្រមានគុណប្រយោជន៍ដែលមិននឹកស្មានដល់អ្វីខ្លះចំពោះសម្រស់និងសុខភាពរបស់មនុស្សយើង?
TRAVEL & LIVING one year agoអ្នកប្រហែលជាធ្លាប់ឮមកហើយនូវការ “ស្ប៉ាភក់សមុទ្រ” ប៉ុន្តែមានប្រិយមិត្តជាច្រើនបានយល់ច្រឡំបន្តិចទៅលើអត្ថន័យរបស់វា។ តើវាជាការស្ប៉ាដែលពោរពេញដោយភាពកខ្វក់ឬ? មិនប្រាកដទេ ស្ប៉ាភក់សមុទ្រ គឺជាការស្ប៉ារបស់រាជវង្ស និងតារាល្បីជាច្រើនកាលពីសតវត្សរ៍មុន ហើយនៅតែបន្តរហូតមកដល់បច្ចុប្បន្ន។ Cleopatra គឺជាឈ្មោះរបស់ម្ចាស់ក្សត្រីរបស់ប្រទេសអេហ្សីបក្នុងឆ្នាំ ៦៩ មុនគ្រិស្តសករាជ បានធ្វើដំណើរទៅកាន់ The Dead Sea ដែលជាបឹងមួយស្ថិតនៅចន្លោះប្រទេស អ៊ីស្រាអែលនិងហ្ស៊កដានី ដើម្បីស្រង់ព្រះកាយទ្រង់ជាមួយនឹងភក់ដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ដែលជំនួយដល់ស្បែកឲ្យមានសំណើមភ្លឺរលោង។ ដោយមិនគិតពីទំហំ បឹងនោះមានលក្ខណៈពិសេសខុសពីគេ ដោយសារតែវាជាកន្លែងដែលទាបបំផុតនៅលើផែនដីហើយវាមានរសជាតិប្រៃខ្លាំង ដែលអាចធ្វើឲ្យខ្លួនអ្នកអណ្ដែតដោយមិនដឹងខ្លួន។ ពេលដែលទឹកសមុទ្របោកមកលើឆ្នេរ វាបានបន្សល់នូវភក់ដែលផ្ទុកទៅដោយជីវជាតិធម្មជាតិដ៏ល្អប្រណិត ព្រោះទីនោះគឺជាប្រភពធនធានធម្មជាតិ។ ដើម្បីធ្វើជាចំណេះដឹងបន្ថែម ថ្ងៃនេះគេហទំព័រសូវរីនសូមលើកយកគុណប្រយោជន៍សំខាន់ៗរបស់ភក់សមុទ្រចំពោះស្បែកមកបកស្រាយដូចខាងក្រោម៖
សម្អាតស្បែកបានជ្រៅ
ការប្រើទឹកសម្អាត និងសាប៊ូ ដើម្បីកម្ចាត់ភាពកខ្វក់ ប្រេង និងគ្រឿងសម្អាងជារៀងរាល់ថ្ងៃ អាចជួយឲ្យស្បែករបស់អ្នកស្អាតមួយកម្រិត។ ទន្ទឹមនឹងនេះ ការស្ប៉ាភក់ក៏មានមុខងារអាចសម្អាតភាពកខ្វក់ចេញពីរន្ធញើស និងជួយកម្ចាត់ស្បែកចាស់ៗបានយ៉ាងល្អ។ ម៉្យាងវិញទៀត សារជាតិដែលមាននៅក្នុងភក់សមុទ្រអាចបណ្ដេញជាតិពុលដែលកប់ជ្រៅឲ្យចេញមកក្រោយ ហើយវាក៏ជាហេតុនៃការអនុញ្ញាតឲ្យពណ៌សម្បុរស្បែកមើលទៅថ្លា និងក្មេងជាងវ័យផងដែរ។ ជាពិសេស ភក់សមុទ្រអាចផ្ដល់នូវស្បែកដែលគ្មានសម្ពាធ និងជំនួយដល់ចលនាឈាមឲ្យហូរទៀងទាត់ទៀតផង។ វាក៏អាចជួយព្យាបាលបញ្ហាស្បែកមួយចំនួនដូចជា ត្រអក (Eczema) រលាកស្បែករុំារ៉ៃដែលមានលក្ខណៈបែកស្រកាហើយមានពណ៌ក្រហម (Psoriasis) និងជំងឺមុន។ លើសពីនេះ សារធាតុចិញ្ចឹមដែលមាននៅក្នុងភក់សមុទ្រអាចព្យាបាលជំងឺផ្សេងៗដូចជា ជំងឺរលាកសន្លាក់ ហើម និងអាលែកហ្ស៊ី។
ពន្យារភាពចាស់ និងរក្សាពណ៌សម្បុរស្បែក
សារធាតុចិញ្ចឹមដ៏អស្ចារ្យដែលមានក្នុងម៉ាសភក់សមុទ្រជួយកាត់បន្ថយភាពជ្រីវជ្រួញ ស្នាម និងបង្រួមរន្ធញើស រួមទាំងកម្ចាត់ជាតិពុលចេញពីរន្ធញើសបានយ៉ាងរហ័ស។ វាក៏ជួយសម្អាតកោសិកាស្បែកចាស់ៗដែលធ្វើឲ្យស្បែករបស់អ្នកមើលទៅស្រស់ថ្លា និងមានសំណើម។ ភក់សមុទ្រមានសមត្ថភាពគ្រប់គ្រងពិសេសក្នុងការរឹតបន្តឹង និងធ្វើឲ្យស្ថានភាពស្បែកមានស្ថេរភាព (មិនយារធ្លាក់) ដោយសមាសធាតុក្នុងភក់នោះធ្វើឲ្យស្បែកធន់បានល្អ។ ដូច្នេះហើយ ស្បែករបស់អ្នកនឹងគ្មានផ្នត់ ឬស្នាមជ្រីវជ្រួញនោះទេ។ មួយវិញទៀត ការស្ប៉ាភក់សមុទ្រអាចកាត់បន្ថយការឈឺចុកចាប់ក្នុងសន្លាក់បានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេស សារធាតុរ៉ែដែលមាននៅក្នុងភក់សមុទ្រពិតជាអាចជំរុញឲ្យកោសិកាស្បែកកើនឡើង និងជួយសម្អាតកោសិកាចាស់ៗ។ ជាលទ្ធផល វាធ្វើឲ្យស្បែករបស់អ្នកមើលទៅស្រស់ថ្លាភ្លឺរលោងនិងមានសំណើមជាងមុនទ្វេឡើង។ យោងតាមស្ថិតិកន្លងមក ប្រសិទ្ធភាព និងអានុភាពរបស់ភក់សមុទ្រគឺទទួលបាននូវចំណាប់អារម្មណ៍ពីមនុស្សជាច្រើន ដែលធ្វើឲ្យការលក់ផលិតផលផ្សំពីភក់សមុទ្រ មានការកើនឡើងជាលំដាប់។
ទប់ស្កាត់ការជ្រុះសក់
ស្ប៉ាភក់ស័ក្តិសមនឹងប្រើលើស្បែក តែវាក៏មានឥទ្ធិពលសម្រាប់បង្ការការជ្រុះសក់ផងដែរ។ តំណពូជ ភាពធុញថប់ និងការឆ្លងរោគតាមស្បែកក្បាលអាចបណ្ដាលឲ្យជ្រុះសក់។ នៅពេលដែលសរសៃឈាមក្នុងរន្ធសក់រួម វីតាមីនដែលចេញពីអាហារ និងអុកស៊ីសែនត្រូវបានបញ្ឈប់ភ្លាមៗ។ បែបនេះអាចនឹងរារាំងប្រូតេអ៊ីនចាំបាច់សម្រាប់ការលូតលាស់របស់សក់។ ជាលទ្ធផលការលូតលាស់សក់មិនប្រក្រតី (មិនត្រូវខ្នាត) គឺជាមូលហេតុបណ្ដាលឲ្យជ្រុះសក់ផងដែរ។ ដើម្បីទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ស្ប៉ាភក់ឲ្យទៅបំប៉នសក់ ប្រិយមិត្តត្រូវម៉ាស្សាវាលើស្បែកក្បាល ហើយទុកវាចោលយ៉ាងហោចណាស់ឲ្យបាន១៥នាទី។ ក្រោយមកលាងសម្អាត និងកក់សក់ដូចធម្មតា។
ជាចុងក្រោយអ្វីដែលប្រិយមិត្តគួរតែយល់ដឹងគឺ គន្លឹះក្នុងការប្រើប្រាស់ភក់សមុទ្រជាទូទៅ។ លាបភក់សមុទ្រថ្នមៗទៅលើស្បែក រួចត្រូវប្រុងប្រយ័ត្ន និងចៀសវាងត្រង់បរិវេណភ្នែក ដោយប្រិយមិត្តអាចប្រើប្រេង ឬក្រែមការពារភ្នែករបស់អ្នកដើម្បីសុវត្ថិភាពភ្នែក។ ឧទាហរណ៍ ប្រិយមិត្តក៏អាចប្រើប្រេងសម្រាប់កូនក្មេងមកលាបនៅពេលដែលចង់បន្ធូរអារម្មណ៍ស្របពេលលាបភក់សមុទ្រ។ ការធ្វើបែបនេះនឹងធ្វើឲ្យមុខ និងសាច់ដុំភ្នែកធូរស្រាលក្នុងពេលតែមួយ។ ក្រោយមក ទុកវាចោលលើមុខ ២០នាទី សឹមលាងសម្អាតវាជាមួយទឹកក្តៅឧណ្ហៗ ដោយប្រើកន្សែង ឬក្រណាត់ទន់ដើម្បីជូតទឹកលើមុខថ្នមៗឲ្យស្ងួត ទើបយកទឹកឃ្មុំមកដុសតិចៗពេញផ្ទៃមុខ។ ក្រោយលាងជម្រះដោយទឹកស្អាតរួច ប្រិយមិត្តក៏អាចប្រើឡេ សេរ៉ូម ឬក្រេមផ្ដល់សំណើមដល់ស្បែក ដែលមានសារធាតុប្រឆាំងនឹងភាពចាស់មកលាបបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពទ្វេដង៕
Article by NI CHANNIKA