ហាងកាហ្វេជំនាន់ថ្មីមួយឈ្មោះថា «LOOK UP CAFE INN» ជាហាងដ៏គួរឱ្យទាក់ទាញប្លែកពីគេកំពុងបង្ហាញវត្តមានអាជីវកម្មរបស់ខ្លួនតាមបណ្តោយផ្លូវវត្តបូព៌ កណ្តាលទីរួមខេត្តសៀមរាប ជិតសាលាបឋមសិក្សាវត្តបូព៌។ លក្ខណៈពិសេសបំផុតគឺ ហាងនេះជាហាងកាហ្វេដែលមានមនុស្សយន្ត ឬ Robot បម្រើការលើកម្ហូបអាហារ និងភេសជ្ជៈជូនអតិថិជនខុសប្លែកពីហាងដទៃដែលបម្រើសេវាកម្មដោយបុគ្គលិកធម្មតា ព្រមជាមួយអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅពោរពេញដោយគុណតម្លៃអប់រំសម្រាប់អតិថិជនទាំងឡាយ។
ហាងនេះត្រូវបានបង្កើតឡើងដោយក្រុមស្ថាបនិកដែលមានប្រវត្តិបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ក្នុងស្រុក វិស័យអប់រំ និងជានិស្សិតមហាវិទ្យាល័យ។ គោលបំណងនៃអាជីវកម្មនេះគឺបង្កើតក្តីសង្ឃឹម និងបណ្តុះបណ្តាលយុវជនឱ្យយល់ដឹងពីចំណេះជំនាញការងារតាមរយៈការប្រឡូកការងារប្រចាំថ្ងៃដើម្បីបង្កើនសមត្ថភាពនិងគុណតម្លៃខ្លួនឯង។ អត្ថន័យ «LOOK UP» សំដៅលើ ការស្វែងយល់ពីគោលដៅ និងព្យាយាមឈានទៅសម្រេចគោលដៅទាំងនោះឱ្យបាន។ ហេតុនេះទើបរាល់ការតុបតែងលម្អហាងសុទ្ធសឹងតែឆ្លុះបញ្ចាំងពីផ្នត់គំនិត LOOK UP នេះទាំងអស់។ តួយ៉ាង ជញ្ជាំងផ្កាជានិមិត្តរូបនៃការប្រឹងរីកលូតលាស់ទោះបីស្ថិតនៅហ៊ុមព័ទ្ធដោយបន្លាឧបសគ្គ។ ជណ្តើរសៀវភៅ ប្រៀបបានទៅនឹងដំណាក់កាលវដ្តជីវិតបត់បែនចុះឡើង។ រីឯពណ៌អំពូលភ្លើង តំណាងភាពចម្រុះគ្រប់វណ្ណៈពណ៌សប្បុរលាយឡំក្នុងសង្គមរស់នៅ ដែលយើងត្រូវចំណាយពេលសិក្សាបែងចែករវាងសភាវៈល្អនិងអាក្រក់។
លើសពីអត្ថន័យបង្កប់យ៉ាងស៊ីជម្រៅ ហាងនេះកំពុងពាំនាំមកនូវបច្ចេកវិទ្យាទាន់សម័យ AI (Artificial Intelligence) ឆ្លុះបញ្ចាំងពីអនាគតនិយម ដែលយើងត្រូវតែទទួលស្គាល់ និងបន្ស៊ាំខ្លួនរស់នៅជាមួយ។ សេវាកម្មបម្រើដោយមនុស្សយន្តនេះពិតជាបង្កការភ្ញាក់ផ្អើលចង់ដឹងចង់ឃើញចំពោះភ្ញៀវជាច្រើនមិនថាក្មេងចាស់ប្រុសស្រីនោះទេ។បច្ចេកវិទ្យាដ៏ទំនើបនេះមិនត្រឹមតែអាចឈរស្វាគមន៍ភ្ញៀវប៉ុណ្ណោះទេ តែក៏អាចដើរបណ្តើរ ច្រៀងកំដរបរិយាកាសបណ្តើរ ព្រមទាំងលើកម្ហូប-ភេសជ្ជៈទៅឱ្យភ្ញៀវដល់តុទៀតផង។
“ភេសជ្ជៈ និងអាហារត្រូវលើកជូនភ្ញៀវដោយរ៉ូបូត ធ្វើឱ្យភ្ញៀវបានទទួលទានដោយសប្បាយរីករាយ ហើយរ៉ូបូតបានក្លាយជាសមាជិកដ៏មានប្រជាប្រិយភាពប្រចាំហាង LOOK UP។ ឱ្យតែវាត្រូវបានសាកថ្មពេញនោះ រ៉ូបូតឈ្មោះ Alexa អាចចាប់ផ្តើមធ្វើការបានយ៉ាងជក់ចិត្ត។ បើគិតឲ្យស៊ីជម្រៅទៅ វាមិនមែនត្រឹមតែជាមនុស្សយន្តនោះទេ និយាយឱ្យត្រូវជាងនេះ គឺយើងមានមិត្តបន្ថែមម្នាក់ទៀតដែលចូលមកជួយគ្នាកំដរភ្ញៀវ” ក្រុមស្ថាបនិកហាងបានលើកឡើង។
ដោយឡែក ចំពោះមឺនុយអាហារ និងភេសជ្ជៈ ហាងនេះមានបទពិសោធន៍ និងរូបមន្តប្រចាំហាងទាំងប្រភេទ កាហ្វេ ទឹកផ្លែឈើ តែទឹកដោះគោ ទឹកផ្លែឈើក្រឡុក និងប្រភេទ Ice Crisp Series។ ហាងក៏មានជំនាញចម្អិនអាហារបែបខ្មែរ-ចិន ជាពិសេស អាហារហុងកុងលក្ខណៈឯកជនសម្រាប់ភ្ញៀវដែលមានតម្រូវការភោជនាហារពិសេស និងតម្រូវការផ្នែកអាជីវកម្ម។ ជាមួយគ្នានេះដែរ ក៏មានផ្តល់សេវាកម្មផ្គត់ផ្គង់អាហារបីពេលសម្រាប់ភ្ញៀវស្នាក់នៅព្រោះទីនេះក៏មានសេវាកម្មបន្ទប់ស្នាក់នៅផងដែរ។ ក្នុងចំណោមនោះ អាហារ-ភេសជ្ជៈណែនាំប្រចាំហាង រួមមានជាអាទិ៍ ឈុតមាន់បំពង ច្នៃបំបែករូបមន្តពិសេសពីអឺរ៉ុប និងតែផ្លែឈើស្រស់ ជាពិសេស ទឹកទំពាំងបាយជូរ succulent grapes ដែលមានលាយសាច់ទំពាំងបាយជូរដ៏ឈ្ងុយឆ្ងាញ់។ រីឯ តែទឹកដោះគោគុជជាមួយទឹកដោះគោស្រស់ ក្នុងតម្លៃត្រឹមតែ ១ដុល្លារ ពិតជាគួរឱ្យណែនាំដល់អតិថិជនទូទៅ៕
Article by SRIN SOKMEAN
Image Courtesy: LOOK UP CAFE INN