×

ស្វែងយល់ពីអត្ថប្រយោជន៍របស់ម៉ាសចេកដែលជួយការពារគ្រប់បញ្ហាស្បែកមុខ​

TRAVEL & LIVING one year ago
 
 

ស្រ​្តី​គ្រប់រូប​សុទ្ធតែ​ចង់ឲ្យ​សម្រស់​នៅតែ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​។​ ​ក្រៅពី​ប្រភេទ​គ្រឿង​ស​ម្អា​ង​ថែរក្សា​សម្រស់​ប្រចាំថ្ងៃ​ដូចជា​ ​ម៉ា​ស​បិត​មុខ​ ​ឡេ​ ​និង​សេរ៉ូម​ ​ដែល​ជួយ​ថែ​បំប៉ន​ស្បែក​ខាងក្រៅ​។​ ​ទន្ទឹមគ្នា​នេះ​ ​ផ្លែចេក​បាន​ក្លាយ​ជា​ម៉ា​ស​ដ៏​ពេញ​និយម​មួយ​ ​ដែល​មិន​ត្រឹមតែ​ផ្ដោ​ត​សំខាន់​ទៅលើ​មុខងារ​ប្រឆាំង​ភាព​ចាស់​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជួយ​ដល់​សុខភាព​ផង​ដែរ​។​ ​ម៉ា​ស​ចេក​ត្រូវ​បាន​គេ​ប្រើ​ក្នុង​វិធី​ផ្សេងៗ​គ្នា​ដោយ​ផ្អែក​ទៅតាម​ប្រភេទ​ស្បែក​មុខ​ ​ដើម្បី​ដោះស្រាយបញ្ហា​ដែល​ទាក់ទង​នឹង​ស្បែក​។​ ​តើ​ម៉ា​ស​ចេក​ពិតជា​មានប្រយោជន៍​ដល់​សម្រស់​ពិតមែន​ដែរ​ឬទេ​? ​ដើម្បី​ជ្រាប​ច្បាស់​យើង​មក​ស្វែងយល់​អំពី​វា​ឲ្យបាន​លម្អិត​ទាំងអស់គ្នា​។​

          ​អ្វី​ទៅជា​ម៉ា​ស​ចេក​?
          ​ម៉ា​ស​ចេក​ ​គឺជា​ម៉ា​ស​ធម្មជាតិ​សម្បូរទៅដោយ​វីតាមីន​ជាច្រើន​ ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ​។​ ​សមាសធាតុ​នៅ​ក្នុង​ផ្លែចេក​ ​ដូចជា​ ​វីតាមីន​ ​និង​ប៉ូ​តា​ស្យូ​ម​ ​មាន​តួនាទី​ផ្តល់​សំណើម​ដល់​កោសិកា​ស្បែក​ ​និង​ធ្វើឲ្យ​ស្បែក​ទន់​រលោង​។​ ​ជាតិ​សរសៃ​ក្នុង​ផ្លែចេក​អាច​ជួយ​បង្កើន​ការ​ផលិត​កូឡា​ជែ​ន​ ​ដែល​ជា​ប្រូតេអ៊ីន​ធម្មជាតិ​ ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​រឹង​មាំ​ ​និង​ភ្លឺ​ថ្លា​ ​ហើយ​មើល​ទៅកាន់​តែ​ក្មេង​ជាង​វ័យ​។​ ​អ្នក​គប្បី​ថែទាំ​ស្បែក​មុខ​ឲ្យបាន​ដិតដល់​ដោយ​ការ​បិត​ម៉ា​ស​មុខ​ជាប្រចាំ​។​

          ម៉ា​ស​ចេកទុំ​ ​និង​ទឹកឃ្មុំ​ (​ស្បែក​ស្ងួត​)
          ​ផ្លែចេក​ទុំ​ ​និង​ទឹកឃ្មុំ​ ​មិន​ត្រឹមតែ​អាច​ទទួលទាន​ដោយ​ផ្ទាល់​ដែល​ជំនួយ​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ផ្លែចេក​ត្រូវ​បាន​គេ​យកមក​កែច្នៃ​ជា​ម៉ា​ស​លាប​លើ​ផ្ទៃមុខ​ ​ដើម្បី​ថែរក្សា​ការពារ​ផ្ទៃមុខ​ឲ្យ​តឹង​ណែន​ក្មេង​ជាង​វ័យ​ផង​ដែរ​។​ ​ជាពិសេស​ចេកទុំ​មិន​ត្រឹមតែ​ជួយ​នៅ​ក្នុង​ការ​ផ្តល់​សំណើម​លើ​ស្បែក​មុខ​ប៉ុណ្ណោះ​ទេ​ ​វា​ថែមទាំង​អាច​ជួយការ​ពារ​ស្បែក​មុខ​របស់​អ្នក​ពី​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី​ទៀត​ផង​។​ ​វា​អាច​ជួយ​បន្ថយ​ភាព​ចាស់​ពោល​គឺ​ស្នាម​ជ្រីវជ្រួញ​ ​និង​ស្ងួត​បាន​យ៉ាងល្អ​។​ ​រីឯ​ទឹកឃ្មុំ​ ​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ដែល​អាច​ជួសជុល​កោសិកា​ស្បែក​ដែល​ខូច​ឲ្យ​រស់​ឡើងវិញ​។​ ​ដើម្បី​ទទួល​បាន​ល្បាយ​ខាប់​ល្អ​ ​អ្នក​គ្រាន់តែ​យក​ចេកទុំ​ពាក់កណ្តាល​ផ្លែ​កិន​ឲ្យ​ម៉ដ្ឋ​ ​ហើយ​បន្ថែម​ទឹកឃ្មុំ​ចូល​ ​ច្របល់​ឲ្យ​ចូលគ្នា​ឲ្យ​សព្វ​។​ ​បន្ទាប់មក​ ​យក​ល្បាយ​ខាប់​នេះ​ ​លាប​លើ​ផ្ទៃមុខ​និង​ក​ ​រក្សាទុក​១​៥​នាទី​សឹម​លាង​ជម្រះ​ចេញ​ជាមួយ​ទឹកក្តៅ​ឧ​ណ្ណ​ៗ​ ​ដើម្បី​បង្រួម​រន្ធញើស​។​

          ​ម៉ា​ស​ចេកទុំ​ ​ត្រសក់​ ​និង​ល្ហុង​ (​ស្បែក​ប្រេង​)
          ​លាយ​ផ្លែចេក​ទុំ​ ​ត្រសក់​ ​និង​ល្ហុង​ធ្វើជា​ម៉ា​ស​ ​វា​នឹង​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ ​និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​មុខ​ ​ជាពិសេស​បំប៉ន​ស្បែក​ឱ្យ​តឹង​ណែន​តាម​បែប​ធម្មជាតិ​ទៀត​ផង​។​ ​ផ្លែចេក​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​ជួយ​ដល់​ស្បែក​ស្រអាប់​ ​និង​ខ្វះ​ជាតិទឹក​ឱ្យ​ត្រលប់​មក​ទន់​រលោង​ភ្លាម​ៗ​។​ ​រីឯ​ផ្លែ​ត្រសក់​វិញ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជាច្រើន​រួម​មាន​ ​សារធាតុ​រ៉ែ​ ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ដែល​ជួយ​ដល់​ស្បែក​ដែល​ស្ទះ​រន្ធញើស​។​ ​ចំណែក​ផ្លែ​ល្ហុង​វិញ​ ​វា​អាច​ជួយ​កាត់បន្ថយ​ស្នាម​មុន​ ​និង​មុន​ក្បាល​ខ្មៅ​។​ ​លើស​ពី​នេះ​ ​ផ្លែ​ល្ហុង​ក៏មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់បន្ថយ​ការ​រលាក​ ​ធ្វើ​អោយ​ស្បែក​ទន់​រលោង​ ​និង​បង្រួម​រន្ធញើស​ផង​ដែរ​។​ ​ចំពោះ​វិធី​ប្រើ​ ​អ្នក​គ្រាន់តែ​លាយ​ល្ហុង​ ​ត្រសក់​ ​និង​ចេក​ពាក់កណ្តាល​មួយ​ផ្លែ​ចូលគ្នា​ក្នុង​ម៉ាស៊ីន​រួច​កិន​ឱ្យ​ម៉ត់​។​ ​លាប​វា​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ ​និង​ក​ ​រួច​ទុកចោល​១​៥​ ​ទៅ​ ​២​០​នាទី​ ​ហើយ​លាង​ជម្រះ​ជាមួយ​ទឹកក្តៅ​ឧណ្ហ​ៗ​ចេញ​ជាការស្រេច​។​

          ​ម៉ា​ស​ចេកទុំ​ ​និង​ម្សៅរមៀត​ (​ស្បែក​មាន​មុន​ ​និង​ស្នាម​ជាំ​)
          ​ផ្លែចេក​មាន​វីតាមីន​ ​A​ ​និង​C ​ដែល​វីតាមីន​ទាំងពីរ​ប្រភេទ​នេះ​ ​គឺជា​សារធាតុ​ប្រឆាំង​ភាព​ចាស់​នៃ​ស្បែក​ ​ដែល​ផ្តល់​ថាមពល​ឲ្យ​ស្បែក​ដែល​ខូច​រស់​ឡើងវិញ​។​ ​ម​ម្សៅរមៀត​គឺជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដ៏​មាន​ឥទ្ធិពល​ ​ដែល​ធ្វើ​ឱ្យ​ស្បែក​ដែល​ងាយ​កើតមុន​ ​ឬ​ស្នាម​ជាំ​ប្រែ​មក​រឹង​មាំ​វិញ​ ​និង​ជួយ​កាត់បន្ថយ​ការ​រលាក​នៅ​លើ​ស្បែក​។​ ​អ្នក​គ្រាន់តែ​កិន​ផ្លែចេក​ទុំ​ទាំង​សំបក​កន្លះ​ផ្លែ​ ​រួច​បន្ថែម​ម្សៅរមៀត​ ​១​ស្លាបព្រា​កាហ្វេ​ ​ហើយ​យក​វា​ទៅ​កិន​ឲ្យ​ម៉ត់​។​ ​លាប​វា​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ ​និង​ក​របស់​អ្នក​ ​បន្ទាប់មក​រង់ចាំ​១​៥​ ​ទៅ​ ​២​០​នាទី​ ​រួច​លាង​ជម្រះ​ជាមួយ​ទឹកក្តៅ​ឧណ្ហ​ៗ​។​ ​ម៉ា​ស​បិទមុខ​នេះ​មាន​តួនាទី​ជួយ​ក​ម្ចាត់​មុន​ ​និង​កាត់បន្ថយ​ស្នាម​មុន​ ​ឬ​ស្នាម​ជាំ​គ្រប់​ប្រភេទ​។​

          ​ម៉ា​ស​ចេក​ ​និង​ក្រូចឆ្មារ​(​ស្បែក​ស្រអាប់​)
          ​នៅ​ពេល​ស្បែក​មុខ​ចាប់ផ្ដើម​ខ្មៅ​ស្រអាប់​ ​សុទ្ធសឹងតែ​បង្ហាញ​ពី​ភាពទ្រុឌទ្រោម​នៃ​ស្បែក​។​ ​ម៉ា​ស​ចេក​ ​និង​ក្រូចឆ្មារ​គឺជា​ម៉ា​ស​ដែល​មាន​ឥទ្ធិពល​ខ្ពស់​ក្នុង​ការ​ជម្រុះ​កោសិកា​ចាស់ៗ​ដែល​ធ្វើឲ្យ​ផ្ទៃមុខ​ស្រអាប់​ប្រែ​មក​ជា​ស្រស់​ថ្លា​ ​និង​ជួយ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ទន់​ហើយ​កាន់តែ​ក្មេង​ជាង​វ័យ​។​ ​វីតាមីន​ C ​ដែល​មាននៅ​ក្នុង​ផ្លែចេក​អាច​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ ​និង​បង្កើន​កូឡា​ជែ​ន​ ​ខណៈ​ដែល​វីតាមីន​ B ​គ្រប់គ្រង​ជាតិ​ខ្លាញ់​ ​និង​ធ្វើ​ឱ្យ​ស្បែក​មាន​ភាព​ប្រសើរ​ឡើង​។​ ​រីឯ​ក្រូចឆ្មារ​វិញ​មាន​ផ្ទុក​អាស៊ី​ត​ដែល​មាន​សមត្ថភាព​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​តាម​បែប​ធម្មជាតិ​ ​ជាពិសេស​វា​អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ ​និង​ស្នាម​មុន​ផង​ដែរ​។​ ​លាយ​ចេកទុំ​ពាក់កណ្ដាល​នៃ​មួយ​ផ្លែ​ជាមួយ​និង​ទឹក​ក្រូចឆ្មារ​ ​១​ស្លាបព្រា​កាហ្វេ​។​ ​ចំណាំ​៖​ ​កុំ​ប្រើ​ទឹក​ក្រូចឆ្មារ​ច្រើនពេក​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​រលាក​ ​ឬ​ស្ងួត​ថែមទៀត​។​ ​បន្ថែម​ទឹក​ស្អាត​ពីរ​ទៅ​បី​តំណក់​ ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ល្បាយ​ស្ងួត​ពេក​។​ ​លាប​ម៉ា​ស​ដែល​បាន​លាយ​ហើយ​ទៅលើ​មុខ​ ​និង​ក​របស់​អ្នក​ ​ហើយ​ទុក​រយៈពេល​ ​១​០​ ​ទៅ​១​៥​ ​នាទី​ ​រួច​លាង​ជម្រះ​វា​ចេញ​ជាការស្រេច​។​

          ​ម៉ា​ស​ចេក​ ​និង​ទឹកដោះគោ​យ៉ា​អួ​(​ប្រឆាំង​ភាព​ចាស់​)
          ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ប្រើ​ម៉ា​ស​ចេក​ ​និង​ទឹកដោះគោ​យ៉ា​អួ​ ​នៅ​លើ​ស្បែក​មុខ​ពិតជា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ធ្វើឲ្យ​ស្បែក​មុខ​ត្រជាក់​ ​និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ ​ដោយ​សារធាតុ​ប្រូ​បាយ​អូ​ទិ​ក​(​Pro​b​i​o​tic​s) ​ដែល​អាច​កាត់បន្ថយ​បាក់តេរី​មិន​ល្អ​នៅ​លើ​ស្បែក​ ​និង​ស្នាម​ជាំ​បាន​យ៉ាងល្អ​។​ ​អាស៊ី​ត​ឡាក់​ទិ​ក​(​Lactic​) ​ដែល​មាននៅ​ក្នុង​ទឹកដោះគោ​យ៉ា​អួ​ ​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​ ​ថែមទាំង​ជួយ​បង្រួម​រន្ធញើស​ ​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ ​និង​ក្មេង​ជាង​វ័យ​។​ ​អ្នក​គ្រាន់តែ​កិន​ចេកទុំ​កន្លះ​ផ្លែ​ជាមួយ​ទឹកដោះគោ​យ៉ា​អួ​ ​២​ស្លាបព្រា​បាយ​។​ ​លាប​ល្បាយ​នេះ​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ ​ក​ ​និង​ដងខ្លួន​ ​ប្រសិន​ជាចាំបាច់​។​ ​បន្ទាប់មក​ទុកចោល​ ​១​៥​ ​នាទី​ ​សឹម​លាង​ចេញ​ដោយ​ទឹកក្តៅ​ឧណ្ហ​ៗ​។​ ​ប្រើ​ម៉ា​ស​ប្រភេទ​ទាំងនេះ​មួយ​ស​ប្តាហ៍​ពីរដង​ ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ជា​ទីគាប់ចិត្ត​។​

Article by NI CHANNIKA


SUGGESTIONS