ស្រ្តីគ្រប់រូបសុទ្ធតែចង់ឲ្យសម្រស់នៅតែស្រស់ស្អាតក្មេងជាងវ័យ។ ក្រៅពីប្រភេទគ្រឿងសម្អាងថែរក្សាសម្រស់ប្រចាំថ្ងៃដូចជា ម៉ាសបិតមុខ ឡេ និងសេរ៉ូម ដែលជួយថែបំប៉នស្បែកខាងក្រៅ។ ទន្ទឹមគ្នានេះ ផ្លែចេកបានក្លាយជាម៉ាសដ៏ពេញនិយមមួយ ដែលមិនត្រឹមតែផ្ដោតសំខាន់ទៅលើមុខងារប្រឆាំងភាពចាស់ប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពផងដែរ។ ម៉ាសចេកត្រូវបានគេប្រើក្នុងវិធីផ្សេងៗគ្នាដោយផ្អែកទៅតាមប្រភេទស្បែកមុខ ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងស្បែក។ តើម៉ាសចេកពិតជាមានប្រយោជន៍ដល់សម្រស់ពិតមែនដែរឬទេ? ដើម្បីជ្រាបច្បាស់យើងមកស្វែងយល់អំពីវាឲ្យបានលម្អិតទាំងអស់គ្នា។
អ្វីទៅជាម៉ាសចេក?
ម៉ាសចេក គឺជាម៉ាសធម្មជាតិសម្បូរទៅដោយវីតាមីនជាច្រើន ដែលប្រយុទ្ធប្រឆាំងនឹងស្នាមជ្រីវជ្រួញ។ សមាសធាតុនៅក្នុងផ្លែចេក ដូចជា វីតាមីន និងប៉ូតាស្យូម មានតួនាទីផ្តល់សំណើមដល់កោសិកាស្បែក និងធ្វើឲ្យស្បែកទន់រលោង។ ជាតិសរសៃក្នុងផ្លែចេកអាចជួយបង្កើនការផលិតកូឡាជែន ដែលជាប្រូតេអ៊ីនធម្មជាតិ ដែលអាចធ្វើឱ្យស្បែករបស់អ្នករឹងមាំ និងភ្លឺថ្លា ហើយមើលទៅកាន់តែក្មេងជាងវ័យ។ អ្នកគប្បីថែទាំស្បែកមុខឲ្យបានដិតដល់ដោយការបិតម៉ាសមុខជាប្រចាំ។
ម៉ាសចេកទុំ និងទឹកឃ្មុំ (ស្បែកស្ងួត)
ផ្លែចេកទុំ និងទឹកឃ្មុំ មិនត្រឹមតែអាចទទួលទានដោយផ្ទាល់ដែលជំនួយដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែផ្លែចេកត្រូវបានគេយកមកកែច្នៃជាម៉ាសលាបលើផ្ទៃមុខ ដើម្បីថែរក្សាការពារផ្ទៃមុខឲ្យតឹងណែនក្មេងជាងវ័យផងដែរ។ ជាពិសេសចេកទុំមិនត្រឹមតែជួយនៅក្នុងការផ្តល់សំណើមលើស្បែកមុខប៉ុណ្ណោះទេ វាថែមទាំងអាចជួយការពារស្បែកមុខរបស់អ្នកពីការបំផ្លាញដោយរ៉ាឌីកាល់សេរីទៀតផង។ វាអាចជួយបន្ថយភាពចាស់ពោលគឺស្នាមជ្រីវជ្រួញ និងស្ងួតបានយ៉ាងល្អ។ រីឯទឹកឃ្មុំ ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួសជុលកោសិកាស្បែកដែលខូចឲ្យរស់ឡើងវិញ។ ដើម្បីទទួលបានល្បាយខាប់ល្អ អ្នកគ្រាន់តែយកចេកទុំពាក់កណ្តាលផ្លែកិនឲ្យម៉ដ្ឋ ហើយបន្ថែមទឹកឃ្មុំចូល ច្របល់ឲ្យចូលគ្នាឲ្យសព្វ។ បន្ទាប់មក យកល្បាយខាប់នេះ លាបលើផ្ទៃមុខនិងក រក្សាទុក១៥នាទីសឹមលាងជម្រះចេញជាមួយទឹកក្តៅឧណ្ណៗ ដើម្បីបង្រួមរន្ធញើស។
ម៉ាសចេកទុំ ត្រសក់ និងល្ហុង (ស្បែកប្រេង)
លាយផ្លែចេកទុំ ត្រសក់ និងល្ហុងធ្វើជាម៉ាស វានឹងជួយឱ្យស្បែកភ្លឺថ្លា និងកាត់បន្ថយជាតិខ្លាញ់នៅលើស្បែកមុខ ជាពិសេសបំប៉នស្បែកឱ្យតឹងណែនតាមបែបធម្មជាតិទៀតផង។ ផ្លែចេកមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់ស្បែកស្រអាប់ និងខ្វះជាតិទឹកឱ្យត្រលប់មកទន់រលោងភ្លាមៗ។ រីឯផ្លែត្រសក់វិញសម្បូរដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនរួមមាន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ស្បែកដែលស្ទះរន្ធញើស។ ចំណែកផ្លែល្ហុងវិញ វាអាចជួយកាត់បន្ថយស្នាមមុន និងមុនក្បាលខ្មៅ។ លើសពីនេះ ផ្លែល្ហុងក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរលាក ធ្វើអោយស្បែកទន់រលោង និងបង្រួមរន្ធញើសផងដែរ។ ចំពោះវិធីប្រើ អ្នកគ្រាន់តែលាយល្ហុង ត្រសក់ និងចេកពាក់កណ្តាលមួយផ្លែចូលគ្នាក្នុងម៉ាស៊ីនរួចកិនឱ្យម៉ត់។ លាបវាឱ្យសព្វលើផ្ទៃមុខ និងក រួចទុកចោល១៥ ទៅ ២០នាទី ហើយលាងជម្រះជាមួយទឹកក្តៅឧណ្ហៗចេញជាការស្រេច។
ម៉ាសចេកទុំ និងម្សៅរមៀត (ស្បែកមានមុន និងស្នាមជាំ)
ផ្លែចេកមានវីតាមីន A និងC ដែលវីតាមីនទាំងពីរប្រភេទនេះ គឺជាសារធាតុប្រឆាំងភាពចាស់នៃស្បែក ដែលផ្តល់ថាមពលឲ្យស្បែកដែលខូចរស់ឡើងវិញ។ មម្សៅរមៀតគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលធ្វើឱ្យស្បែកដែលងាយកើតមុន ឬស្នាមជាំប្រែមករឹងមាំវិញ និងជួយកាត់បន្ថយការរលាកនៅលើស្បែក។ អ្នកគ្រាន់តែកិនផ្លែចេកទុំទាំងសំបកកន្លះផ្លែ រួចបន្ថែមម្សៅរមៀត ១ស្លាបព្រាកាហ្វេ ហើយយកវាទៅកិនឲ្យម៉ត់។ លាបវាឱ្យសព្វលើផ្ទៃមុខ និងករបស់អ្នក បន្ទាប់មករង់ចាំ១៥ ទៅ ២០នាទី រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ ម៉ាសបិទមុខនេះមានតួនាទីជួយកម្ចាត់មុន និងកាត់បន្ថយស្នាមមុន ឬស្នាមជាំគ្រប់ប្រភេទ។
ម៉ាសចេក និងក្រូចឆ្មារ(ស្បែកស្រអាប់)
នៅពេលស្បែកមុខចាប់ផ្ដើមខ្មៅស្រអាប់ សុទ្ធសឹងតែបង្ហាញពីភាពទ្រុឌទ្រោមនៃស្បែក។ ម៉ាសចេក និងក្រូចឆ្មារគឺជាម៉ាសដែលមានឥទ្ធិពលខ្ពស់ក្នុងការជម្រុះកោសិកាចាស់ៗដែលធ្វើឲ្យផ្ទៃមុខស្រអាប់ប្រែមកជាស្រស់ថ្លា និងជួយឲ្យស្បែកមុខរបស់អ្នកទន់ហើយកាន់តែក្មេងជាងវ័យ។ វីតាមីន C ដែលមាននៅក្នុងផ្លែចេកអាចជួយឱ្យស្បែកភ្លឺថ្លា និងបង្កើនកូឡាជែន ខណៈដែលវីតាមីន B គ្រប់គ្រងជាតិខ្លាញ់ និងធ្វើឱ្យស្បែកមានភាពប្រសើរឡើង។ រីឯក្រូចឆ្មារវិញមានផ្ទុកអាស៊ីតដែលមានសមត្ថភាពធ្វើឱ្យស្បែកភ្លឺតាមបែបធម្មជាតិ ជាពិសេសវាអាចកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមមុនផងដែរ។ លាយចេកទុំពាក់កណ្ដាលនៃមួយផ្លែជាមួយនិងទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ។ ចំណាំ៖ កុំប្រើទឹកក្រូចឆ្មារច្រើនពេកព្រោះវាអាចធ្វើឱ្យស្បែករបស់អ្នករលាក ឬស្ងួតថែមទៀត។ បន្ថែមទឹកស្អាតពីរទៅបីតំណក់ ប្រសិនបើអ្នកមានអារម្មណ៍ថាល្បាយស្ងួតពេក។ លាបម៉ាសដែលបានលាយហើយទៅលើមុខ និងករបស់អ្នក ហើយទុករយៈពេល ១០ ទៅ១៥ នាទី រួចលាងជម្រះវាចេញជាការស្រេច។
ម៉ាសចេក និងទឹកដោះគោយ៉ាអួ(ប្រឆាំងភាពចាស់)
តាមការស្រាវជ្រាវបានបង្ហាញថាការប្រើម៉ាសចេក និងទឹកដោះគោយ៉ាអួ នៅលើស្បែកមុខពិតជាមានប្រសិទ្ធភាពខ្ពស់ធ្វើឲ្យស្បែកមុខត្រជាក់ និងកាត់បន្ថយស្នាមជ្រីវជ្រួញ ដោយសារធាតុប្រូបាយអូទិក(Probiotics) ដែលអាចកាត់បន្ថយបាក់តេរីមិនល្អនៅលើស្បែក និងស្នាមជាំបានយ៉ាងល្អ។ អាស៊ីតឡាក់ទិក(Lactic) ដែលមាននៅក្នុងទឹកដោះគោយ៉ាអួ ជួយឱ្យស្បែកតឹងណែន ថែមទាំងជួយបង្រួមរន្ធញើស ធ្វើឱ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។ អ្នកគ្រាន់តែកិនចេកទុំកន្លះផ្លែជាមួយទឹកដោះគោយ៉ាអួ ២ស្លាបព្រាបាយ។ លាបល្បាយនេះឱ្យសព្វលើផ្ទៃមុខ ក និងដងខ្លួន ប្រសិនជាចាំបាច់។ បន្ទាប់មកទុកចោល ១៥ នាទី សឹមលាងចេញដោយទឹកក្តៅឧណ្ហៗ។ ប្រើម៉ាសប្រភេទទាំងនេះមួយសប្តាហ៍ពីរដង អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
Article by NI CHANNIKA