បើនិយាយពីការផាត់មុខ វាមានដំណាក់កាលជាច្រើន ដោយដំណាក់កាលនីមួយៗភាគច្រើនតែងតែប្រើជក់យកមកផាត់ ព្រោះការប្រើជក់ផាត់វាជាភាពងាយស្រួលម្យ៉ាងក្នុងការផាត់មុខផងដែរ។ ជាការពិតណាស់ មិនថាជក់ផាត់មុខប្រភេទណានោះទេ នៅពេលប្រើលើផ្ទៃមុខវានឹងជាប់មកវិញជាមួយប្រេង និងកោសិកាស្បែកចាស់ៗលាយឡំជាមួយម្សៅផាត់ដែលធ្វើឱ្យជក់ពោរពេញទៅដោយបាក់តេរី។ ដូច្នេះ ជក់ដែលមិនបានអនាម័យត្រឹមត្រូវវានឹងអាចបង្កបញ្ហាលើស្បែកដូចជាធ្វើឱ្យរោល រមាស់ ឡើងមុន និងបញ្ហាផ្សេងៗជាច្រើនទៀត។ អត្ថបទនេះ សូវរីននឹងរៀបរាប់អំពីវិធីសម្អាតជក់កខ្វក់ឱ្យមានអនាម័យត្រឹមត្រូវ។
សាប៊ូ និងប្រេងអូលីវ
សាប៊ូដែលមានសារធាតុ Antibacterial គឺជាសាប៊ូដែលអាចជួយសម្លាប់បាក់តេរីបានយ៉ាងល្អ ដោយមិនមានជាតិកាត់នោះទេ។ រីឯប្រេងអូលីវវិញ គឺជាសារធាតុរាវដែលមានប្រសិទ្ធភាពខ្ពស់ចំពោះការសម្អាតគ្រឿងសម្អាង ព្រមទាំងផ្ដល់សំណើមទៀតផង។ អនុវត្តតាមវិធីងាយៗដោយដំបូង លាយប្រភេទសាប៊ូ Antibacterial មួយស្លាបព្រាបាយ ជាមួយប្រេងអូលីវកន្លះស្លាបព្រាបាយ ហើយបន្ថែមទឹកក្ដៅឧណ្ហៗ៥០០មីលីលីត្រ បន្ទាប់មកយកជក់ដាក់ត្រាំនៅក្នុងទឹកដែលបានលាយនោះ ដោយប្រើម្រាមដៃច្របាច់ត្រដុសថ្នមៗរហូតឡើងពពុះរយៈពេលប្រមាណ២ ទៅ៣នាទី រួចលាងជម្រះទឹករហូតប្រាកដថាសរសៃជក់គ្មានសេសសល់ពពុះជាការស្រេច។
ទឹកខ្មេះស និងក្រូចឆ្មារ
ទឹកខ្មេះគឺជាផ្នែកមួយនៃសារធាតុលាងសម្អាតដែលមិនមានជាតិពុល ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងពេញនិយមបំផុតក្នុងការជូតសម្អាតបង្គន់ កញ្ចក់ និងបង្អួចជាដើម។ សូម្បីតែជក់ផាត់មុខ និងគ្រឿងសម្អាងផ្សេងៗក៏អាចប្រើទឹកខ្មេះមកសម្អាតបានផងដែរ។ ដើម្បីជម្រះជាតិកខ្វក់ គ្រាន់តែលាយទឹកខ្មេះពណ៌ស ២ស្លាបព្រាបាយ ជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវ។ ជ្រលក់សរសៃជក់ចូលក្នុងទឹកដែលបានលាយនោះ២ទៅ៣នាទី រួចយកមកជ្រលក់ក្នុងទឹកក្រូចឆ្មារ១នាទីបន្ថែមទៀត សឹមលាងជម្រះជាមួយទឹកស្អាតរហូតដល់ទឹកអស់ពណ៌កខ្វក់។
ប្រេងតែបៃតង
អ្នកអាចប្រើប្រេងតែបៃតងធ្វើជាថូន័រ ដើម្បីលាងជម្រះជាតិកខ្វក់នៅលើជក់ផាត់មុខបានផងដែរ។ យកប្រេងតែបៃតង ២ទៅ៣ដំណក់ ដាក់ក្នុងទឹកក្តៅឧណ្ហៗរយៈពេល១០នាទី។ បន្ទាប់មក ចាក់ចូលក្នុងដបស្ព្រៃយ៍ ហើយធ្វើការបាញ់ទៅលើសរសៃជក់ឱ្យជោក រួចលាងជម្រះជាមួយទឹកស្អាតជាការស្រេច។ តែបៃតងមិនត្រឹមតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ វាថែមទាំងប្រមូលផ្តុំទៅដោយសារធាតុប្រឆាំងបាក់តេរី ព្រមទាំងមានតួនាទីជួយសម្រួលការហើមរលាកទៀតផង។
ប្រេងដូង និងក្រូចឆ្មារ
ប្រេងដូងជាឱសថបែបធម្មជាតិដែលត្រូវបានប្រជាជនជាច្រើនប្រើសម្រាប់ធ្វើជាគ្រឿងសម្អាងជំនួយសម្រស់។ ដោយសារមានគុណសម្បត្តិផ្នែកផ្ដល់សំណើម និងប្រឆាំងបាក់តេរីខ្ពស់ ប្រេងដូងត្រូវបានគេប្រើធ្វើជាសាប៊ូធម្មជាតិសម្រាប់សម្អាតជាតិកខ្វក់នៃជក់ផាត់មុខផងដែរ ព្រោះសំណើមរបស់ប្រេងអាចជួយឱ្យសរសៃជក់ទន់ និងមានក្លិនឈ្ងុយ។ វិធីប្រើ ផ្សំប្រេងដូងមួយស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់មួយស្លាបព្រាបាយក្នុងចានស្អាតមួយ រួចយកជក់មកត្រាំ២ទៅ៣នាទី សឹមលាងជម្រះដោយប្រើសាប៉ូកក់សក់ធម្មតាជាការស្រេច។
ម្សៅសូដា ( Baking soda )
ម្សៅសូដា ផ្ទុកទៅដោយសារធាតុប្រឆាំងការហើមរលាក និងមានប្រសិទ្ធភាពក្នុងការសម្អាតជាតិកខ្វក់បានយ៉ាងល្អ។ លាយម្សៅសូដា មួយស្លាព្រាកាហ្វេ ជាមួយទឹកស្អាតមួយកែវ ឬទឹក៣០០មីលីលីត្រ រួចយកជក់ដាក់ត្រាំនៅក្នុងទឹកដែលលាយហើយនោះ រយៈពេល២០នាទីរួចលាងជម្រះជាមួយទឹកស្អាត។ ធ្វើការលាងជម្រះ រហូតប្រាកដថាសរសៃជក់គ្មានសេសសល់ពពុះ និងមើលទៅភ្លឺរលោងស្អាតល្អ។ ក្រោយមកពូតទឹកចេញពីជក់រួចដាក់លើកន្សែងស្អាតហើយយកទៅសម្ងួតដោយដាក់ក្រោមម៉ាស៊ីនសម្ងួត ឬប្រើម៉ាស៊ីនផ្លុំ(ផ្លុំត្រជាក់កុំឱ្យបែករោមជក់) ឬដាក់បញ្ឈរហាលចោលកន្លែងមានខ្យល់ចេញចូលល្អជាការស្រេច។ ករណីសម្ងួតជក់មិនបានត្រឹមត្រូវអាចបង្កឱ្យជក់មានក្លិនមិនល្អផងដែរ៕
Article by NI CHANNIKA