បច្ចុប្បន្ន បើនិយាយពីហាងកាហ្វេយើងសង្កេតឃើញថា មានការកកើតឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការផ្តួចផ្តើមឡើងពីសហគ្រិនជាច្រើនរូប មានគោលបំណង និងគំនិតច្នៃប្រតិដ្ឋផ្សេងៗពីគ្នា ដែលមានភាពទាក់ទាញមិនធម្មតា ស្របតាមភាពរីកចម្រើននៃសង្គមបច្ចុប្បន្ន។ មួយក្នុងចំណោមនោះ វត្តមានហាងកាហ្វេដែលទើបបង្កើតថ្មីនៅក្រុងសៀមរាប ដែលមិនត្រឹមតែសម្រិតសម្រាំងទៅលើរសជាតិភេសជ្ជៈតែម្យ៉ាងនោះទេ តែក៏ផ្តោតទៅលើបរិយាកាស ជាពិសេសការតុបតែងដេគ័រយ៉ាងប្លែកភ្នែកដើម្បីទទួលស្វាគមន៍ភ្ញៀវដែលអញ្ជើញមកសម្រាកលម្ហែនៅទីនោះ។
ហាងកាហ្វេដែលបានរៀបរាប់ខាងលើនេះមានឈ្មោះជាផ្លូវការថា «Teasha Tea» ជាហាងកាហ្វេស្ទាយ៍បែបជប៉ុន និងអូស្រ្តាលី ហើយត្រូវបានរៀបចំតុបតែងលក្ខណៈតិចនិយម (minimalism) ដែលមើលទៅលាតស្រឡះត្រជាក់ភ្នែក។ មុនបោះជំហានឈានចូលដល់បរិវេណខាងក្នុង គយគន់ពីខាងក្រៅ ហាងកាហ្វេដែលគ្របដណ្តប់ទៅដោយផ្ទៃពណ៌ស អមជាមួយស្លាកយីហោ «Teasha Tea» យើងនឹងសង្កេតឃើញថា គ្រប់ជ្រុងនៃបរិវេណខាងក្រៅនៃហាងគឺសុទ្ធសឹងតែអាចថតផ្តិតយករូបភាពបានស្អាតៗ មិនថានៅខាងមុខ ខាងក្រោយ ឬសងខាងហាងនោះទេ។
បន្តដំណើរចូលទៅខាងក្នុង គ្រប់ជ្រុងនៃហាងដេគ័រមិនស្អេកស្កះ មានភាពស្រឡះល្អ មិនស្មុគស្មាញ ស្របនឹងការទទួលស្វាគមន៍ពីបុគ្គលិកយ៉ាងរួសរាយរាក់ទាក់ ហាក់ធ្វើឱ្យអារម្មណ៍រំសាយរាល់ភាពតានតឹងបានមួយកម្រិត។ មិនបង្អង់យូរ ដើម្បីបានក្រេបរសជាតិភេសជ្ជៈ យើងក៏បានកុម្ម៉ង់ចំនួន៦មុខមានដូចជា តែក្យូតូម៉ាត់ឆាទឹកដោះគោ កាហ្វេថ្នល់ទឹកដោះគោទឹកកក តែផ្កាម្លិះទឹកកក តែផ្កាម្លិះម៉ាឈីអាតូ និងតែទឹកដោះគោគុជតៃប៉ិ ដែលសុទ្ធសឹងជាភេសជ្ជៈពេញនិយម និងល្បីប្រចាំហាង។
សម្រាកលម្ហែ និងថតរូបលេងបានមួយស្របក់ មិនយូរប៉ុន្មានភេសជ្ជៈដែលបានកុម្ម៉ង់ក៏បានហើយរួចរាល់។ ភេសជ្ជៈនៅទីនេះសុទ្ធសឹងតែមានឱជារសឆ្ងាញ់ ជាពិសេសគឺរសជាតិតែក្យូតូម៉ាត់ឆាទឹកដោះគោ ព្រោះតាមការឱ្យដឹងពីសហស្ថាបនិកហាងផ្ទាល់ តែម៉ាត់ឆាដែលយកមកប្រើប្រាស់នេះគឺត្រូវបានសម្រិតសម្រាំងយ៉ាងលម្អិត និងបច្ចេកទេសរូបមន្តសម្ងាត់ពីទីក្រុងក្យូតូ(Kyoto) ប្រទេសជប៉ុនផ្ទាល់តែម្តង។ ដែលទាំងនេះ អាចជាបទពិសោធន៍ថ្មី សម្រាប់អ្នកនិយមចូលចិត្តពិសាកាហ្វេ និងតែ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តការថតរូបលេងកម្សាន្តនៅកន្លែងថ្មីប្លែក ស្អាតៗតែម្តង។ ក្រេបរសជាតិកាហ្វេតែបណ្តើរ ជជែកគ្នាលេងបណ្តើរ អមដោយសំឡេងតន្រ្តីបន្លឺឡើងរងំៗ ពិតជាធ្វើឱ្យការសម្រាកលម្ហែកាន់តែមានអត្ថន័យ។
ងាកមកជ្រាបអំពីទីតាំងវិញ ប្រសិនបើយើងធ្វើដំណើរពីផ្សារហ៊ុយឡេងថ្មី(ជិតផ្សារញ៉ែ) មកទិសខាងលិចតាមបណ្តោយផ្លូវបាក់ខែង បន្តដំណើរមកជិតដល់ផ្លូវក្រវ៉ាត់ក្រុងហួសសាលាបារាំងចាស់ប្រមាណ១៥០ម៉ែត្រ យើងនឹងមកដល់ទីតាំងនៃហាងនេះនៅខាងឆ្វេងដៃ។
គួរបញ្ជាក់ដែរថា ហាងកាហ្វេ «Teasha Tea» បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់៕
Article by SOUNG SOKSAN