ចាប់ផ្តើមព្រឹកថ្ងៃថ្មីជាមួយរសជាតិកាហ្វេនៅ«Alarm Clock Coffee Shop»
TRAVEL & LIVING one year agoយើងដឹងហើយថា ការទទួលទានកាហ្វេក្នុងបរិមាណមួយសមរម្យ គឺជួយដាស់ស្មារតី និងរាងកាយ ក៏ដូចជាធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយពោរពេញដោយថាមពល។ ពិតណាស់ ជារៀងរាល់ថ្ងៃ ខ្ញុំក៏មិនភ្លេចឡើយនូវការផ្តល់ថាមពលដល់ខ្លួនឯងជារៀងរាល់ព្រឹកជាមួយកាហ្វេមួយកែវ ដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ និងចាប់ផ្តើមព្រឹកថ្ងៃថ្មីដ៏ស្រស់បំព្រង និងដើម្បីផ្តល់ជាទុនដល់ប្រាជ្ញាស្មារតីក្នុងការបំពេញកិច្ចការងារបន្តទៅមុខទៀត។
ដូចសព្វមួយដង ពេលកំពុងធ្វើដំណើរទៅធ្វើការខ្ញុំបានប្រទះនឹងហាងកាហ្វេមួយកន្លែងដែលស្ថិតលើបណ្តោយដងវិថីលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ហាងកាហ្វេតូចច្រឡឹងស្ថិតក្នុងសំណង់ផ្ទះដ៏ចំណាស់ ជាមួយនឹងស្លាកយីហោហាងកាហ្វេ «Alarm Clock Coffee Shop»ដែលត្រូវបានសរសេរឡើងដោយដៃរំលេចលើបន្ទះឈើក្តារ ហាក់ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ប្រៀបបីដូចខ្ញុំកំពុងតែឈរនៅមុខហាងកាហ្វេមួយស្ថិតក្នុងទសវត្សរ៍ទី៩០យ៉ាងអីចឹង។ អ្វីដែលកាន់តែទាក់ចិត្តខ្ញុំទៀតនោះ មិនទាន់នឹងបានបោះជំហានឈានចូលដល់ខាងក្នុងហាងផង ក្លិនដ៏ឈ្ងុយពីគ្រាប់កាហ្វេដែលបង្ហើរចេញពីក្នុងហាងមកប៉ះនឹងឃានវិញ្ញាណ ហាក់កាន់តែរុញច្រានឱ្យខ្ញុំអត់ទ្រាំពុំបាននឹងកុម្មង់កាហ្វេដើម្បីក្រេបឱជារសឱ្យខានតែបាន។
មិនបង្អង់យូរ ខ្ញុំក៏បានដើរសំដៅទៅរកកន្លែងកុម្មង់កាហ្វេ ដែលមានបុគ្គលិកឈរស្វាគមន៍ខ្ញុំជាមួយស្នាមញញឹមយ៉ាងពព្រាយ និងបានសួរមកកាន់ខ្ញុំដោយសម្តីស្រទន់ថា “សួស្តីបង តើបងត្រូវការកុម្មង់កាហ្វេអ្វីដែរ?” ហើយគាត់ក៏បានបន្តណែនាំភេសជ្ជៈល្បីប្រចាំហាងដែលផ្តោតលើកាហ្វេមានដូចជា កាហ្វេដឿងហែម កាហ្វេអាយឡាតេ រួមទាំងភេសជ្ជៈកាហ្វេជាច្រើនទៀត។ គ្រាន់តែលឺកាហ្វេដឿងហែម ខ្ញុំក៏ចាប់អារម្មណ៍ និងកុម្មង់ភ្លែត។ បុគ្គលិកហាងឆុងកាហ្វេបណ្តើរក៏និយាយប្រាប់មកកាន់ខ្ញុំបណ្តើរថា កាហ្វេនៅទីនេះមានលក្ខណៈពិសេសខុសប្លែកពីហាងកាហ្វេដទៃ ព្រោះថា គ្រាប់កាហ្វេដែលយកមកប្រើគឺលីងខ្លួនឯងផ្ទាល់ ហើយការលីងនេះទៀតសោតគឺមានបច្ចេកទេស ព្រមជាមួយការយល់ដឹងអំពីគ្រាប់កាហ្វេច្បាស់លាស់។
រង់ចាំកាហ្វេបណ្តើរ ខ្ញុំក៏គយគន់បណ្តើរនៃទិដ្ឋភាពខាងក្នុង គ្រប់ជ្រុងនៃហាងត្រូវបានតុបតែងបែបខ្មែរបុរាណ ដែលពិតជាស័ក្តិសមនឹងសំណង់អគារចំណាស់។ ខ្ញុំក៏កត់សម្គាល់បានថា នៅទីនេះក៏បានប្រើប្រាស់របស់របរមួយចំនួន ដូចជា ប៉ាន់តែ ថាសឫស្សី និងវត្ថុតាំងលម្អមួយចំនួនទៀតបែបបុរាណទាំងអស់ ជាពិសេសផ្ទាំងរូបភាពខ្លះៗរបស់តារាចម្រៀងជើងចាស់ជាច្រើនរូប តាំងព្យួរនៅជញ្ជាំង អមដោយសម្លេងតន្រ្តីបន្លឺឡើងរងំៗ ដែលកាន់តែធ្វើឱ្យខ្ញុំដូចបានទៅកាន់យុគសម័យនោះតែម្តង។
អស់មួយស្របក់ក្រោយមក កាហ្វេដែលកុម្មង់ក៏បានធ្វើរួចរាល់សម្រាប់ខ្ញុំ។ បុគ្គលិកហាងក៏បានហុចកាហ្វេជូនមកកាន់ខ្ញុំ ក៏មិនភ្លេចនិយាយពាក្យអរគុណទៅវិញទៅមក និងស្នាមញញឹមផងដែរ។ ខ្ញុំក៏បន្តដំណើរចេញទៅធ្វើការ ជាមួយកាហ្វេមួយកែវដែលកាន់នៅនឹងដៃ និងអារម្មណ៍ស្រស់ស្រាយ។ ការឈៀងចូលមកហាងកាហ្វេនេះ ពិតជាបានធ្វើឱ្យព្រឹកថ្ងៃថ្មីរបស់ខ្ញុំចាប់ផ្តើមដោយភាពស្រស់បំព្រង និងពោរពេញដោយអត្ថន័យ៕
Article by SOUNG SOKSAN