ចម្អិនមុខម្ហូប៤មុខនេះនៅផ្ទះដោយខ្លួនឯងជាមួយវិធីធ្វើងាយៗ រសជាតិឆ្ងាញ់ប្លែកមាត់
TRAVEL & LIVING one year agoនៅពេលដែលយើងចង់ទទួលទានអាហារបែបជប៉ុន ឬមុខម្ហូបពិសេសណាមួយដែលយើងធ្លាប់ទៅបរិភោគនៅភោជនីយដ្ឋាន យើងក៏តែងតែចង់សាកល្បងចម្អិននូវមុខម្ហូបទាំងនោះនៅផ្ទះដោយខ្លួនឯង ដើម្បីផ្លាស់ប្តូរបរិយាកាស ក៏ដូចជាចង់បញ្ចេញស្នាដៃធ្វើម្ហូបដោយខ្លួនឯងទទួលទានជុំគ្រួសារ ឬការជួបជុំនានា។ ដូច្នេះ សូវរីន សូមណែនាំមុខម្ហូបពិសេសចំនួន៤មុខ ដែលមានឱជារសឆ្ងាញ់មិនចាញ់រសជាតិនៅភោជនីយដ្ឋានប៉ុន្មានឡើយ ជូនដល់ប្រិយមិត្ត ជាពិសេសអាចជាជំនួយដល់ស្រ្តីមេផ្ទះទាំងឡាយផងដែរ។
1. Fried Salmon Sushi Roll
គ្រឿងផ្សំ៖ ត្រីសាម៉ុន ២០០ក្រាម, សារ៉ាយ ២បន្ទះ, ម្ទេសខៀវ (តាមចំណូលចិត្ត), ប្រេងល្ង ១ស្លាបព្រាបាយ, មៃយ៉ូណេស, ទឹកម្ទេស, ទឹកប៉េងប៉ោះ, ផ្លែប័រ, បាយស (អង្ករជប៉ុន), ប្រេងអូលីវ, ជ្រក់ខ្ញី, វ៉ាសាបិ (Wasabi) តាមចំណូលចិត្ត, ពងមាន់៣គ្រាប់ និងកម្ទេចនំបុ័ង។
វិធីធ្វើ៖ ដំបូងយើងត្រូវយកត្រីសាម៉ុនពាក់កណ្តាលមកកាត់ជាដុំតូចៗ រួចយកទៅលាយជាមួយម៉ាយ៉ូណេស ទឹកម្ទេស និងទឹកប៉េងប៉ោះ រួចច្របល់ចូលគ្នាទុកមួយឡែកសិន។ ចំណែកឯត្រីសាម៉ុនដែលនៅសល់ត្រូវយកមកកាត់ជារាងចង្វាមូលឱ្យមានប្រវែងស្មើនឹងបន្ទះសារ៉ាយ ហើយផ្លែប័រត្រូវចិតជាចំណិតវែងៗ។ បន្ទាប់មកត្រូវយកបាយសមកលាយជាមួយប្រេងល្ង សឹមយកបាយទៅដាក់លើបន្ទះសារ៉ាយ រួចដាក់ត្រីសាម៉ុន និងផ្លែប័រពីលើ (ធ្វើជាស្នូល) ទើបចាប់ផ្តើមមូរសារ៉ាយថ្នមៗឱ្យណែនល្អ។ យកពងមាន់មកគោះដាក់ចានធំល្មម រួចយកសារ៉ាយដែលរុំរួចមុននេះមកជ្រលក់ពងមាន់ឱ្យសព្វ ហើយយកទៅប្រឡាក់ជាមួយកម្ទេចនំបុ័ងឱ្យស្អិតជាប់ល្អ។ ដាក់ដាំខ្ទះចាក់ប្រេងឆាចូលទុកឱ្យក្តៅបន្តិច ដាក់សារ៉ាយចូលបំពងដោយប្រើភ្លើងល្មមរហូតដល់ឆ្អិន។ ចុងក្រោយឃើញថាឆ្អិនល្អហើយ យកមកកាត់ជាដុំៗ និងយកត្រីសាម៉ុនដែលបានលាយគ្រឿងរួចនោះមកបន្ថែមពីលើជាការស្រេច។
2. Smoked Salmon
គ្រឿងផ្សំ៖ ត្រីសាម៉ុន១០០ក្រាម, គ្រីមឈីស១/២ពែង, ផ្លែអូលីវជ្រក់២ផ្លែ, ជីរវ៉ាន់ស៊ុយ, ឆៃថាវក្រហម (ចិតជាបន្ទះស្តើងៗ), ប្រេងអូលីវ ១ស្លាបព្រាបាយ, នំបុ័ងចំណិត, មៃយ៉ូណេស៣ស្លាបព្រាបាយ និងទំពាំងបារំាង៥០ក្រាម (ស្រុសបន្តិច)។
វិធីធ្វើ៖ ចាប់ផ្តើមដោយយកគ្រីមឈីស និងមៃយ៉ូណេសមកលាយបញ្ចូលគ្នាឱ្យសព្វល្អ។ បន្ទាប់មកយកគ្រីមឈីសដែលលាយរួចនេះមកបៀកលើបន្ទះនំបុ័ង រួចយកឆៃថាវក្រហម ទំពាំងបារាំង និងត្រីសាម៉ុនដែលហាន់ជាបន្ទះស្តើងៗមកដាក់ពីលើដូចក្នុងរូប។ ចុងក្រោយបន្ថែមជីរវ៉ាន់ស៊ុយ និងផ្លែអូលីវជ្រក់ជាការស្រេច។
3. Nori Cracker Poke
គ្រឿងផ្សំម្ហូប៖ ត្រីធូណា១០០ក្រាម, ឆៃថាវបណ្តុះ១០ក្រាម, ឆៃថាវក្រហម(ហាន់ជាបន្ទះស្តើងៗ), សារ៉ាយ ៣បន្ទះ (កាត់បួនជ្រុងតូចល្មម), ម្សៅអង្ករ៦ស្លាបព្រាបាយ (លាយទឹកមួយកូនចានចង្កឹះ), ល្ងខ្មៅ (សំរាប់រោយពីលើ), មៃយ៉ូណេសហឹរ៥ស្លាបព្រាបាយ និងទឹកម្ទេស២ស្លាបព្រាបាយ។
វិធីធ្វើ៖ មុនដំបូងយកត្រីធូណាមកកាត់ជាកូនដុំតូចៗទុកមួយអន្លើ។ បន្ទាប់មកត្រូវធ្វើទឹកជ្រលក់ដោយយកមៃយ៉ូណេសហឹរមកលាយជាមួយទឹកម្ទេសឱ្យសព្វទុកមួយឡែកសិន។ ក្រោយមកទៀតយកសារ៉ាយមកប្រឡាក់ជាមួយម្សៅដែលលាយរួចនោះ ទៅបំពងឱ្យស្រួយល្អ។ ចុងក្រោយត្រូវរៀបដាក់ចាន ដោយយកបន្ទះឆៃថាវក្រហម ឆៃថាវបណ្តុះ និងត្រីធូណាមកដាក់លើសារ៉ាយដូចក្នុងរូប ហើយរោយល្ងខ្មៅពីលើ និងស្រោចទឹកជ្រលក់ជាការស្រេច។
4. Bacon And Eggs Cup
គ្រឿងផ្សំម្ហូប៖ សាច់ Bacon៦ចំណិត, អំបិលមួយចុងស្លាបព្រាកាហ្វេ, ម្រេចបន្តិច, នំបុ័ង២បន្ទះ, ស្លឹកខ្ទឹមបន្តិច (ហាន់ល្អិតៗ) និងពងមាន់ ២គ្រាប់។
វិធីធ្វើ៖ ជាដំបូងយើងត្រូវយកសាច់ Bacon មករៀបដាក់កូនចានចង្កឹះ រួចយកបន្ទះនំបុ័ងដាក់ចូលក្នុងចានចង្កឹះនោះ។ បន្ទាប់មកទៀតគោះពងមាន់យកតែផ្នែកស លាយជាមួយអំបិលកូរបញ្ចូលគ្នា រួចយកទៅចាក់ពីលើបន្ទះនំបុ័ង ហើយត្រូវយកបន្ទះនំបុ័ងមួយទៀតមកដាក់ពីលើ។ យកពងមាន់ផ្នែកក្រហមបន្ថែមពីលើ រោយស្លឹកខ្ទឹម និងម្រេចពីលើ។ ចុងក្រោយត្រូវដាក់ដុតក្នុងអូវិនរយៈពេល៥នាទីដោយប្រើកម្តៅ២០០អង្សាជាការស្រេច៕
Article by SOUNG SOKSAN