×

​លឿម​ ​ឡ​ន​ ​វិចិត្រករ​ទទួល​បាន​ពានរង្វាន់​ប្រាក់​ថ្នាក់​ជាតិ​ពី​មហោស្រព​សិល្បៈ​ជាតិ​គំនូរ​វិចិត្រកម្ម​ពណ៌​ទឹក​

NEWS 9 months ago
 
 

          ​នេះ​ជា​លើកទីមួយ​ហើយ​នៅ​ប្រទេស​កម្ពុជា​ដែល​កម្មវិធី​មហោស្រព​សិល្បៈ​ជាតិ​គំនូរ​វិចិត្រកម្ម​ពណ៌​ទឹក​ត្រូវ​បាន​ប្រារព្ធ​ឡើង​ ​និង​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​តាមរយៈ​នាយកដ្ឋាន​សិល្បៈ​សូនរូប​ ​និង​សិល្បៈ​សិប្បកម្ម​ ​ក្នុង​គោលបំណង​ដើម្បី​លើក​ក​ម្ពស់​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ប្រភេទ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ ​ក៏ដូចជា​ដើម្បី​បំផុស​បំផុល​លើកទឹកចិត្ត​វិចិត្រករ​គំនូរ​ពណ៌​ទឹក​ក្នុងស្រុក​ឱ្យ​ចូល​រួមចំណែក​បញ្ចេញស្នាដៃ​ ​និង​អភិវឌ្ឍ​គំនូរ​ប្រភេទ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​។​ ​កម្មវិធី​មហោស្រព​នេះ​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​ ​ហើយ​រក​ឃើញ​នូវ​ម្ចាស់​ពាន​ជ័យ​លា​ភី​ទាំង​៣​រូប​ ​ដែល​មាន​ស្នាដៃ​ពោរពេញ​ដោយ​ ​ទេពកោសល្យ​ ​និង​គំនិត​ច្នៃ​ប្រតិដ្ឋ​គួរ​ឱ្យស្ញើ​ច​សរសើរ​។​ ​ក្នុងចំណោម​បេក្ខជន​ជ័យ​លា​ភី​ទាំងនោះ​ ​លោក​ ​លឿម​ ​ឡ​ន​ ​បានជា​ប់​ជា​ម្ចាស់​ពានរង្វាន់​ប្រាក់​ ​ដែល​ចូលរួម​ប្រគល់​ដោយ​ ​ឯកឧត្តម​ ​សោម​ ​សុគន្ធ​ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​យ៉ាង​មហោឡារិក​នៅ​ទីតាំង​សាលសន្និសីទ​ចតុម្មុខ​។​

          ​ចំពោះ​ស្នាដៃ​របស់​លោក​ដែល​បាន​ដាក់​ចូលរួម​ប្រកួត​ ​ក្រោម​ប្រធាន​បទ​ដែល​គណៈកម្មការ​កំណត់​ ​«​ជីវិត​ ​និង​ធម្មជាតិ​»​ ​វិចិត្រករ​រូប​នេះ​ ​បាន​គូរ​គំនូរ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ខេត្ត​កោះ​កុង​ ​ទាក់ទង​នឹង​ទូក​នេសាទ​នៅ​លើទឹក​ក្បែរ​កំពង់ផែ​ ​បាន​ទាក់ចិត្ត​គណៈកម្មការ​ ​រហូត​ជា​លទ្ធផល​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ពានរង្វាន់​ប្រាក់​មួយ​គ្រឿង​យ៉ាង​ត្រចះត្រចង់​។​ ​បើ​និយាយ​ពី​អត្ថរូប​វិញ​ ​វា​បាន​បង្ហាញ​ភាព​រស់រវើក​នៃ​ការ​ប្រើ​ពណ៌​ធ្វើ​ឱ្យ​អ្នកទស្សនា​ហាក់​បានឃើញ​ទិដ្ឋភាព​ពិតៗ​នៃ​កំពង់ផែ​ ​ដែល​មាន​ទូក​នេសាទ​តូច​ធំ​ ​និង​មាន​ស្ពាន​ដែល​សម្គាល់​បាន​ថា​ជា​ខេត្ត​កោះ​កុង​។​ ​គំនូរ​ជ័យ​លា​ភី​សម្រាប់​មហោស្រព​ថ្នាក់​ជាតិ​របស់​លោក​ត្រូវការ​ចំណាយ​ពេល​៣​ថ្ងៃ​ទើប​គូរ​រួចរាល់​ជាស្ថាពរ​។​

          ​ងាក​ទៅ​ជ្រាប​អំពី​សា្ន​ដៃ​កន្លងមក​ដែល​ធ្វើ​ឱ្យ​មហាជន​កាន់តែ​ស្គាល់​រូបលោក​វិញ​ ​មិន​ត្រឹមតែ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​គំនូរ​ជាច្រើន​ផ្ទាំង​នៅ​វិចិត្រសាល​ផ្ទាល់ខ្លួន​របស់​លោក​ដែល​មានឈ្មោះ​ថា​ ​«​ទេពកោសល្យ​»​ ​ឬ​ ​«​T​E​P​ K​A​O S​A​L​»​ ​នោះ​ទេ​ ​គំនូរ​របស់​លោក​ ​លឿម​ ​ឡ​ន​ ​ក៏​ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៍​នៅ​បណ្តាល​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ ​តួយ៉ាង​ ​ប្រទេស​បារាំង​ ​អាមេរិក​(​ទីក្រុង​ញូ​វ​យ៉​ក) ​និង​ថែមទាំង​មាន​ភ្ញៀវ​ទេសចរ​បរទេស​បានជា​វ​គំនូរ​របស់​លោក​យកទៅ​ដាក់​តាំងនៅ​ក្នុង​សារមន្ទីរ​ជាតិ​នៅ​ប្រទេស​សាំង​ហ្គា​ពួរ​ទៀត​ផង​។​ ​ទាំងអស់​នេះ​គឺ​ផ្តើម​ចេញពី​ឆន្ទៈ​ ​សេចក្តី​ស្រលាញ់​ចេញពី​បេះដូង​ ​និង​ភាព​ប៉ិនប្រសប់​ក្នុង​ការ​រំលេច​ឲ្យបាន​នូវ​គំនូរ​ទឹក​ដ៏​មាន​ភាព​រស់រវើក​។​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ការ​គូររូប​ដោយ​ប្រើ​ពណ៌​ទឹក​គឺ​សំខាន់​ ​ដែល​យើង​ចាំបាច់​ត្រូវ​ប្រើ​បច្ចេកទេស​ក្នុង​ការ​គូរ​ ​ត្រូវ​ចេះ​រើស​ប្លង់​ឱ្យ​ទាក់ទាញ​ ​និង​ជាពិសេស​ប្រើ​ពណ៌​ទៅលើ​រូប​នោះ​ ​ថា​តើ​ចំណុច​ណា​គួរ​ប្រើ​ពណ៌​អ្វី​ទើបសម​។​

          បច្ចុប្បន្ននេះ​ ​វិចិត្រករ​ ​លឿម​ ​ឡ​ន​ ​កំពុង​មមាញឹក​ទៅលើ​ការងារ​ក្នុង​វិចិត្រសាល​របស់​លោក​ ​ដោយធ្វើ​យ៉ាងណា​ឱ្យ​កាន់តែ​ល្អ​​​ជាង​នេះ​ ​រីក​ចម្រើន​ជាង​នេះ​ ​និង​បង្កើន​គុណភាព​ ​បន្ត​បង្កើត​ស្នាដៃ​គំនូរ​ជាច្រើន​ទៀត​សម្រាប់​ការ​តាំង​ពិព័រណ៍​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ឱកាស​ខាងមុខ​ពេលណា​មួយ​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​ ​ក្រៅពី​នេះ​លោក​ចង់​ផ្តោត​លើ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ក​ម្សាន្ត​ទៅ​ខេត្ត​បាត់​ដំបង​ ​និង​ចូល​ទស្សនា​នៅ​វិចិត្រសាល​របស់​លោក​ ​ក៏ដូចជា​ចង់​បង្ហាញ​ឱ្យ​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​បាន​ជ្រាប​ថា​ ​ស្នាដៃ​គំនូរ​ពណ៌​ទឹក​ដែល​គូរ​ឱ្យ​ដៃ​កូនខ្មែរ​យើង​ក៏​ល្អ​មិនចាញ់​បរទេស​ដែរ​។​

          ​ជាចុងក្រោយ​តាមរយៈ​សូវ​រី​ន​ ​លោក​ ​លឿម​ ​ឡ​ន​ ​ក៏មាន​ចំណាប់អារម្មណ៍​ដែរ​ថា​ “​ចំពោះ​វិ​ស័​យ​គំនូរ​នៅ​ប្រទេស​កម្ពុជា​យើង​ ​បើ​ធៀប​ទៅ​ឆ្នាំ​២​០​០​៥​ ​ដែល​ខ្ញុំ​ធ្លាប់​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​គំនូរ​ក្នុង​ពិព័រណ៍​ជាលើកដំបូង​ ​សម្រាប់​ខ្ញុំ​ផ្ទាល់​យល់ថា​ ​បច្ចុប្បន្ន​គឺ​មាន​ភាព​រីក​ចម្រើន​ជាង​ពីមុន​។​ ​ធនធាន​ក៏មាន​ច្រើន​ ​វិចិត្រសាល​ក៏មាន​ច្រើនជាង​ពីមុន​ ​ហើយ​ការ​តាំង​ពិព័រណ៍​ក៏​ត្រូវ​បាន​ធ្វើឡើង​ជាហូរហែ​រ​។​ ​ខ្ញុំ​ក៏​សង្កេតឃើញ​ថា​ ​យុវជន​ជំនាន់​ក្រោយ​ក៏​ងាក​មក​សិក្សា​រៀនសូត្រ​ ​និង​ចាប់​អាជីព​ខាង​ផ្នែក​គំនូរ​ក៏​ច្រើន​ដែរ​។​” ​មិនតែប៉ុណ្ណោះ​លោក​ក៏បាន​បន្ថែម​ថា​ ​សូម​ឱ្យ​ប្អូន​ៗ​ ​ក្មួយ​ៗ​ជំនាន់​ក្រោយ​ប្រសិនបើ​ស្រលាញ់​ផ្នែក​គំនូរ​ ​សូម​បន្ត​ធ្វើ​វា​កុំ​បោះបង់​ ​និង​សិក្សា​រៀនសូត្រ​លើ​ផ្នែក​គំនូរ​ណាមួយ​ដែល​ខ្លួន​ស្រលាញ់​ឱ្យ​បាន​ច្បាស់​ ​កុំ​រៀន​នេះ​បន្តិច​ ​នោះ​បន្តិច​ ​ត្រូវ​រៀន​ឱ្យ​មាន​ជំនាញ​ពិតប្រាកដ​ទើប​ប្រសើរ​៕

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS