×

ទម្លាប់​សាមញ្ញ​ៗ​នៃ​ការ​គេង​ដែល​មាន​សារៈសំខាន់​សម្រាប់​សម្រក​ទម្ងន់​

TRAVEL & LIVING one year ago
 
 

           ​អ្នក​សម្រក​ទម្ងន់​ភាគច្រើន​តែងតែ​មើល​រំលង​នូវ​សារៈសំខាន់​របស់​ការ​គេង​ ​ព្រោះ​មាន​មតិ​ជាច្រើន​បាន​លើក​ឡើង​​ថា​ ​វិធី​សម្រក​ទម្ងន់​គឺ​មានតែ​ការ​តម​អាហារ​ ​និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​តែ​ប៉ុណ្ណោះ​។​ ​ជា​ការពិត​ណាស់​ ​រាល់​ការ​បរិភោគ​របប​អាហារ​បាន​ត្រឹមត្រូវ​ ​និង​ហាត់ប្រាណ​បាន​ទៀងទាត់​វា​ពិតជា​អាច​ជួយ​អ្នក​ឱ្យ​ស្រក​គីឡូ​ ​និង​ទទួល​បាន​រាងកាយ​ស្អាត​ក៏​ពិតមែន​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនបាន​គេង​ពី​ ​៧​ម៉ោង​ ​ទៅ​៨​ម៉ោង​ក្នុងមួយថ្ងៃ​ទេ​ ​នោះ​អ័រម៉ូន​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ​ដែល​បណ្ដាល​ឱ្យ​ចំណង់​អាហារ​កើន​ឡើង​ ​ដោយសារ​ប្រព័ន្ធ​មេ​តា​ប៉ូលីស​ (​Metabolism​) ​ចុះ​ខ្សោយ​។​ ​ខាងក្រោម​នេះ​ ​គឺ​ជាហេតុ​ផល​ទាំង​៥​ ​ដែល​ការ​គេង​មាន​សារៈសំខាន់​សម្រាប់​ការ​សម្រក​ទម្ងន់​។​

​កាលវិភាគ​នៃ​ការ​គេង

           ​ការផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​ចូលគេង​យឺត​ ​មក​គេង​លឿន​វិញ​វា​ពិតជា​លំបាក​ ​ប៉ុន្តែ​បើ​អ្នក​មិន​ផ្លាស់ប្តូរ​ទម្លាប់​នេះ​នោះ​ទេ​ ​អ្នក​នឹង​ឡើង​ទម្ងន់​ដោយ​មិនដឹងខ្លួន​។​ ​ព្រោះ​ការដែល​ចូលគេង​យប់ជ្រៅ​វា​អាច​បណ្តាល​ឱ្យ​ក្រពះ​របស់​អ្នក​លំបាក​ក្នុង​ការរំលាយអាហារ​ ​និង​ប្រែប្រួល​អាំង​ស៊ុ​យ​លីន​ ​ដែល​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​។​ ​ដូចនេះ​ហើយ​ ​អ្នក​គួរតែ​មាន​កាល​​វិភាព​នៃ​ការ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​រយៈពេល​ដែល​ល្អ​បំផុត​ក្នុង​ការ​គេង​សម្រាប់​ក្មេង​ជំទង់​ (​១​៤​ឆ្នាំ​ ​ទៅ​ ​១​៧​ឆ្នាំ​) ​គឺ​ចាប់ពី​ ​៨​ម៉ោង​ ​ទៅ​១​០​ម៉ោង​ក្នុងមួយថ្ងៃ​។​ ​ចំពោះ​មនុស្ស​ពេញវ័យ​ (​១​៨​ឆ្នាំ​ ​ទៅ​ ​៦​៤​ឆ្នាំ​) ​គួរតែ​ជាមធ្យម​ ​៧​ម៉ោង​ ​ទៅ​ ​៩​ម៉ោង​ក្នុងមួយថ្ងៃ​។​ ​ចំណែក​ឯ​មនុស្សចាស់​វិញ​ ​ដែល​មាន​អាយុ​ ​៦​៥​ឆ្នាំ​ឡើង​ទៅ​ ​គួរតែ​គេង​ចាប់ពី​ ​៧​ម៉ោង​ ​ទៅ​ ​៨​ម៉ោង​ក្នុងមួយថ្ងៃ​ជាការល្អ​បំផុត​។​ ​ការដែល​ចូលគេង​បាន​គ្រប់គ្រាន់​តាមរយៈ​ពេលវេលា​នៃ​កាលវិភាគ​ទាំងអស់​នេះ​ ​នោះ​អ្នក​នឹង​ទទួល​បាន​ទម្ងន់​ថេរ​ដោយ​បញ្ចុះ​សារធាតុ​ខ្លាញ់​ដែល​មាន​លើស​នៅ​ក្នុង​រាងកាយ​។​

​គេង​ឱ្យ​បាន​គ្រប់គ្រាន់​

           ​ការ​គេង​គ្រប់គ្រាន់​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ ​និង​កាត់បន្ថយ​ស្រ្តេ​ស​។​ បង្កើត​កាលវិភាគ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​ ​ព្រមទាំង​ថែទាំ​កន្លែង​គេង​ឱ្យ​មាន​អនាម័យ​ ​និង​ផាសុកភាព​ ​ព្រោះ​វា​អាច​ជួយ​ឱ្យ​យើង​គេងលក់​បាន​ស្កប់ស្កល់​ ​និង​មាន​សុខភាព​ល្អ​។​ ​អ្នក​សិក្សា​បាន​ណែនាំ​ថា​ ​យើង​គួរតែ​គេង​ឱ្យ​បាន​ទៀងទាត់​ពេលវេលា​ ​ទើប​ជា​ការ​ប្រសើរ​។​ ​ទន្ទឹម​នឹង​នេះ​ ​យើង​ក៏​មិនគួរ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​រហូតដល់​ពេល​យប់ជ្រៅ​ពេក​ដែរ​ ​ព្រោះ​ពន្លឺ​នៃ​ឧបករណ៍​ទាំងនោះ​ ​អាច​កាត់បន្ថយ​ការ​បញ្ចេញ​អ័រម៉ូន​គេង​។​ ​ជំនួស​មកវិញ​ ​យើង​គួរតែ​ជ្រើសរើស​យក​ការ​ស្តាប់​តន្ត្រី​ឬ​អាន​សៀវភៅ​វិញ​ ​ដើម្បី​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ​ ​និង​គេងលក់​ស្រួល​។​

​គេង​នៅ​បន្ទប់​ដែល​ងងឹត​

           ​ការ​គេង​បិទភ្លើង​ ​ឬ​គេង​នៅកន្លែង​មាន​ពន្លឺ​តិច​បំផុត​អាច​ជួយ​ដល់​ការ​បញ្ចុះ​ទម្ងន់​ ​ព្រោះ​កន្លែង​ដែល​កាន់តែ​ងងឹត​ ​អ័រម៉ូន​មេ​ឡាតូ​នី​ន​ (​Me​lat​on​in​) ​កើន​ឡើង​ដែល​ធ្វើ​ឱ្យ​ដំណេក​លង់លក់​ស្រួល​ ​និង​មាន​សុខភាព​ល្អ​។​ ​ជា​ការពិត​តាម​ការ​សិក្សា​ថ្មីៗ​នេះ​ ​ស្ត្រី​ដែលគេ​ង​នៅកន្លែង​ងងឹត​មានឱកាស​តិច​បំផុត​នៃ​ការ​ប្រឈម​ឡើង​ទម្ងន់​ជាជាង​ស្ត្រី​គេង​បើកភ្លើង​។

កាត់បន្ថយ​ស្ត្រេ​ស​

​          សុខភាព​ផ្នែក​ខួរក្បាល​ ​និង​សេចក្តី​សុខ​ផ្លូវចិត្ត​ក៏​ជា​ផ្នែក​មួយ​ទាក់ទង​ទៅ​នឹង​ការ​បញ្ចុះ​ទម្ងន់​ផង​ដែរ​។​ ​ព្រោះ​ក​ម្រិ​ត​ស្ត្រេ​ស​ខ្ពស់​អាច​បង្អាក់​ដំណេក​ដោយ​ការ​គិត​ច្រើន​ ​ដែល​ពន្យារ​រយៈពេល​នៃ​ការ​ង​ងុយគេង​។​ ​ជា​ការពិត​ណាស់​ ​ប្រសិន​បើ​អារម្មណ៍​តប់ប្រមល់​កើតឡើង​ ​នោះ​ប្រព័ន្ធ​មេ​តា​ប៉ូលីស​ (​Metabolism​) ​ថយ​ចុះ​ ​ដែល​ជំរុញ​ដល់​ចំណង់​ឃ្លាន​ដោយធ្វើ​ឱ្យ​យើង​បរិភោគអាហារ​ផ្តេសផ្តាស​ពិសេស​អាហារ​ផ្ទុក​ជាតិ​ខ្លាញ់​ ​និង​ជាតិ​កាឡូ​រី​តែម្ដង​។​ ​មួយវិញទៀត​ ​នៅ​ពេល​យើង​ស្រ្តេ​ស​រាងកាយ​នឹង​ឆ្លើយតប​ដោយ​បញ្ចេញ​អ័រម៉ូន​ស្រ្តេ​ស​ (​a​d​renal​in​e​ ​and​ ​cor​t​i​so​l​) ​ទៅ​ក្នុង​សរសៃឈាម​ដែល​ធ្វើ​ឱ្យ​បេះដូង​​លោត​លឿន​ ​និង​ធ្វើ​ឱ្យ​សរសៃឈាម​រួម​តូច​។​ ​ដូច្នេះ​ប្រសិនជា​អ្នក​កំពុង​ប្រឈមមុខនឹង​បញ្ហា​ ​សូម​ផ្តោត​លើ​បញ្ហា​ដែល​អ្នក​អាច​គ្រប់គ្រង​ ​និង​រៀបចំផែនការ​ដើម្បី​ដោះស្រាយ​ពួកគេ​តាម​សម្រួល​។​

​បរិភោគអាហារ​មុនគេ​ង​

           ​ការ​បរិភោគអាហារ​បាន​ទៀងពេល​ ​គឺ​ធ្វើ​ឱ្យ​ដំណើរការ​នៃ​រំលាយអាហារ​ប្រព្រឹត្តទៅ​បាន​យ៉ាងល្អ​ ​និង​រក្សា​បាន​នូវ​ស្ថិរភាព​នៃ​ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ​។​ ​ផ្ទុយទៅវិញ​ ​ការ​បរិភោគអាហារ​ក្រោយ​ម៉ោង​៧​យប់​នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិនដឹងខ្លួន​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​ឃ្លាន​នៅ​ពេលយប់​អ្នក​អាច​បរិភោគអាហារ​សម្រន់​ដូចជា​ ​ចេក​ ​ផ្លែឈើ​រី​ ​គ្រាប់​អា​ល់ម៉ុ​ន​ ​ឬ​យ៉ា​អួ​រ​ជាដើម​។​ ​មួយវិញទៀត​ ​ចំពោះ​អ្នកចូលចិត្ត​ទម្រេត​ខ្លួន​ ​ឬ​ចូលគេង​ទាំង​ទើប​ញុំា​អាហារ​រួច​ ​ដោយសារតែ​រាងកាយ​មិន​អាច​រំលាយអាហារ​បាន​​ត្រឹមត្រូវ​ ​វា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​មេ​តា​ប៉ូលីស​ត្រូវ​បាន​បំផ្លាញ​យ៉ាងខ្លាំងក្លា​៕​

Article​ ​by​ N​I​ C​H​AN​N​I​K​A​


SUGGESTIONS