ទម្លាប់នៃការថែរក្សាមាត់ធ្មេញគឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សទូទៅ ជាពិសេសការសម្អាត និងថែទាំធ្មេញឱ្យមានពណ៌សភ្លឺថ្លា។ ជាការពិតនៅពេលធ្មេញសភ្លឺចែងចាំងវាកាន់តែបង្កើនទំនុកចិត្តទ្វេរដង រាល់ពេលបញ្ចេញស្នាមញញឹមម្ដងៗ។ ដូច្នេះ អាថ៌កំបាំង ៥ យ៉ាងខាងក្រោមនេះនឹងជួយធ្វើឱ្យធ្មេញរបស់លោកអ្នកសស្អាតភ្លឺចែងចាំងបែបធម្មជាតិ។
សម្អាតធ្មេញ
ជំហានដំបូង ដែលធ្វើឱ្យធ្មេញសស្អាត និងរឹងមាំនោះគឺ ការសម្អាតឱ្យបានទៀងទាត់ជាប្រចាំថ្ងៃ ពោល នៅពេលព្រឹក ពេលថ្ងៃ និងពេលយប់មុនចូលគេង។ ចូរជ្រើសរើសប្រភេទថ្នាំដុសធ្មេញដែលមានសមាសធាតុ (Hydrogen peroxide) ធ្វើឱ្យធ្មេញស និងអាចជួយកាត់បន្ថយស្នាមស្រអាប់លើធ្មេញបានយ៉ាងល្អ។
ផ្លែស្ត្រូបឺរី
ប្រិយមិត្តបានដឹងហើយថា ផ្លែស្ត្រូបឺរីមានរសជាតិឆ្ងាញ់ថែមទាំងសម្បូរទៅដោយវីតាមីន C និងជំនួយដល់សុខភាពទៀតផង។ លើសពីនេះ វាក៏ផ្ទុកសារធាតុអាស៊ីតធម្មជាតិ Malic ដោយអាស៊ីតនេះមានឥទ្ធិពលខ្ពស់ក្នុងការសម្អាតធ្មេញ ដែលជួយធ្វើឱ្យធ្មេញរបស់អ្នកសភ្លឺថ្លា។ គ្រាន់តែចិតផ្លែស្រ្តូបឺរីជាពីរ រួចយកមកត្រដុសលើធ្មេញ ២ ទៅ ៣នាទី រួចសម្អាតជាមួយនឹងទឹកស្អាតជាការស្រេច។ ការធ្វើបែបនេះ ដើម្បីកម្ចាត់ជាតិកខ្វក់ពណ៌លឿងពីធ្មេញបានយ៉ាងមានប្រសិទ្ធភាព ដោយអនុវត្ត ១ ទៅ ២ដងក្នុងមួយសប្តាហ៍។
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោម គឺជាអង្គធាតុរាវមួយប្រភេទដែលមានឥទ្ធិពលខ្ពស់ក្នុងការសម្លាប់មេរោគ និងបាក់តេរីទាំងអស់នៅក្នុងមាត់ ថែមទាំងមានប្រសិទ្ធភាពក្នុងការជួយឱ្យធ្មេញសទៀតផង។ ដើម្បីទទួលបានប្រសិទ្ធភាពរបស់វា អ្នកគ្រាន់តែយកសំឡីមកផ្ដិតទឹកខ្មេះផ្លែប៉ោម បន្ទាប់មកជូតផ្ទាល់ទៅលើធ្មេញ ទុករយៈពេល ៥នាទី រួចលាងសម្អាតធ្មេញដោយទឹកស្អាតជាការស្រេច។
ម្សៅសូដា
ម្សៅសូដា គឺជាសមាសធាតុអាល់កាឡាំង ដែលបំប្លែងទៅជាម្សៅពណ៌ស ផ្ទុកទៅដោយសារធាតុប្រឆាំងការហើមរលាក ដែលមនុស្សភាគច្រើនបានស្គាល់ផងដែរថា វាមានប្រសិទ្ធភាពក្នុងការសម្អាតជាតិកខ្វក់បានយ៉ាងល្អ។ លាយម្សៅសូដា ១ស្លាព្រាកាហ្វេ ជាមួយថ្នាំដុសធ្មេញ ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ៤ស្លាបព្រាកាហ្វេ រួចកូរឱ្យសព្វ បន្ទាប់មកយកច្រាសដុសធ្មេញមកផ្ដិតនូវល្បាយទាំងនោះមកដុសធ្មេញរយៈពេល ៤ ទៅ ៥នាទី ហើយជម្រះជាមួយទឹកស្អាតគឺរួចរាល់។
អំបិល
សមាសធាតុដ៏អស្ចារ្យមួយទៀតសម្រាប់ដុសធ្មេញឱ្យសស្អាត ហើយវាពិតជាងាយស្រួលក្នុងការរកទិញ និងមានតម្លៃធូរថ្លៃនោះគឺអំបិល។ អំបិលផ្ទុកនូវសារធាតុរ៉ែ និងសារធាតុសំខាន់ៗដូចជា កាល់ស្យូម ម៉ាញេស្យូម និងជាតិដែកផងដែរ។ ជាពិសេស វាថែមទាំងមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលធ្វើឱ្យខ្យល់ដង្ហើមរបស់អ្នកស្រស់ថ្លា និងការពារស្រទាប់ខាងក្នុងនៃធ្មេញ។ លាយអំបិលកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ និងថ្នាំដុសធ្មេញកន្លះស្លាបព្រាកាហ្វេទៅក្នុងចានមួយ រួចលាបល្បាយទាំងនោះលើធ្មេញ ទុករយៈពេល ១នាទី សឹមលាងសម្អាត។ អនុវត្តវិធីនេះ ២ដងក្នុងមួយសប្ដាហ៍ អ្នកនឹងទទួលបានធ្មេញសភ្លឺថ្លាលើសពីការរំពឹងទុក៕
Article by NI CHANNIKA