×

របៀប​ធ្វើ​ផ្កា​តំណក់ទឹកភ្លៀង​យ៉ាង​ស្រស់​ស្អាត​សម្រាប់​តុបតែង​លម្អ​

TRAVEL & LIVING one year ago
 
 

           តើ​អ្នក​នឹង​នឹកឃើញ​ដល់​អ្វី​មុនគេ​នៅពេលដែល​អ្នក​ចង់​ឱ្យ​ផ្ទះ​របស់​ខ្លួន​មើលទៅ​ស្អាត​ប្រកបដោយ​សោភណ​ភាព​? ​ជា​ធម្មតា​មនុស្ស​គ្រប់គ្នា​តែងតែ​គិត​ភ្លាម​ហើយក៏​ធ្វើ​ភ្លាម​ៗ​នូវ​រឿង​ដែល​អាច​ធ្វើ​ទៅ​បាន​ដូចជា​ ​ការ​ស​ម្អា​ត​ ​ការ​ដុសលាង​សម្ភារ​ ​ឬ​ជួសជុល​របស់របរ​ផ្សេងៗ​។​ ​យើង​ដឹង​ហើយ​ថា​ ​មាន​សម្ភារ​ជាច្រើន​ដែល​អាច​​​យកមក​លម្អ​គេហដ្ឋាន​ ​ក្នុង​នោះ​ផ្កា​ក៏​ជា​ផ្នែក​មួយ​ដ៏​លេចធ្លោ​នៃ​ការ​តុបតែង​ផ្ទះ​ផង​ដែរ​។​ ​អ្នក​អាច​ជ្រើសរើស​ផ្កា​ដែល​ធ្វើ​ពី​ក្រដាស​ ​ឬ​ក្រណាត់​ផ្សេងៗ​ ​មក​ប្រើ​សម្រាប់​ការ​តុបតែង​ផ្ទះ​ ​ព្រោះ​ផ្កា​ប្រភេទ​នេះ​មិន​មាន​ក្លិនអាក្រក់​ ​ដែល​នាំ​ឱ្យ​អ្នកមាន​អារម្មណ៍​មិន​ល្អ​ ​ឬ​បញ្ហា​ផ្លូវ​ដង្ហើម​ដូច​ការ​ប្រើ​ផ្កា​ស្រស់​មួយ​ចំនួន​នោះ​ឡើយ​។​ ​អត្ថបទ​នេះ​ ​គេហទំព័រ​សូវ​រី​ន​សូម​ណែនាំ​អំពី​ជំហាន​នីមួយៗ​ដែល​បង្ហាញ​ពី​វិធី​ក្នុង​ការ​ធ្វើ​ផ្កា​ដំណក់ទឹក​ភ្លៀង​ទៅកាន់​មិត្ត​អ្នកអាន​ ​ដោយ​ការ​យក​ក្រណាត់​ម៉ា​ស​ទៅ​ច្នៃ​ទៅជា​ផ្កា​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។​

          សម្ភារ​ដែល​ប្រិយ​មិត្ត​ត្រូវការ​ប្រើ​មាន​ដូចជា​ ​ម៉ា​ស​ ​កាវ​ធម្មតា​ ​ឬ​កាវ​ទៀន( ​Glue​ ​machine​) កន្ត្រៃ​ ដែកកាប់ ស្កុត​និងឆ្អឹងលួស។ សម្ភារទាំងអស់នេះងាយស្រួល​ក្នុងការស្វែងរកទិញ ដោយមានលក់តាមបណ្ដាទីផ្សារ និងដេប៉ូលក់គ្រឿងសំណង់នានា។

          ​ជំហាន​ដំបូង​ ​អ្នក​ត្រូវ​យក​ម៉ា​សម​ក​កាត់​ជា​ជ្រុង​តូច​ៗ​ល្មម​ ​រួច​ច្រឹប​តាម​គែម​ជ្រុង​នីមួយៗ​ឱ្យ​ចេញ​ជា​វាង​អដ្ឋកោណ​ ​ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​រាង​របស់​ផ្កា​កាន់តែ​មាន​សោភណ​ភាព​ (​អ្នក​អាច​ប្រើ​ម៉ា​ស​ពណ៌​ផ្សេងៗ​តាមចំណូលចិត្ត​)​។​

          ជំហាន​បន្ទាប់​ ​ដើម្បី​ធ្វើជា​ទង​ផ្កា​ ​អ្នក​គ្រាន់តែ​យក​ដែក​កាប់​មក​កាត់​ឆ្អឹង​លួស​ឱ្យ​ខ្លី​ល្មម​ ​រួច​ពត់​ចុង​នៃ​ឆ្អឹ​ង​លួស​នោះ​ឱ្យ​កោង​ចូលក្នុង​ ​សឹម​យក​កាវ​មក​ដាក់​នៅ​ចំណុច​ដែល​បាន​ពត់​។​

          បន្ទាប់មក​យក​ម៉ា​ស​ដែល​កាត់​ហើយ​នោះ​ ​មក​ដោត​ពីក្រោម​ទៅលើ​ ​ហើយ​សង្កត់វា​ឱ្យ​ស្អិត​ជាមួយ​ចុង​ដែក​។​ ​បន្ត​ធ្វើ​បែប​នេះ​ ​៣​ទៅ​៤​ស្រទាប់​បន្ថែម​ទៀត​ ​ដើម្បី​ទទួល​បាន​ស្រទាប់ផ្កា​ដែល​មើលទៅ​ក្រាស់​ល្អ​។​

          ​ជំហាន​ចុងក្រោយ​ ​យក​ឆ្អឹង​លួស​វែង​ ​៣​ទៅ​៤​ទង​ ​មក​រុំ​បញ្ចូល​គ្នា​សម្រាប់​ធ្វើជា​ដើមផ្កា​។​ ​បន្ទាប់មក​ទៀត​ ​យក​ទង​ផ្កា​ដែល​បាន​ធ្វើ​ហើយ​នោះ​មក​រុំ​ជាមួយ​ដើម​ ​ពីលើ​មក​ក្រោម​ចំនួន​ ​១​២​ទៅ​១​៥​ទង​។​ ​បន្ត​ធ្វើ​បែប​នេះ​ ​៥​ទៅ​៦​ដើម​ (​អាច​ធ្វើ​ច្រើន​ ​ឬ​តិច​អាស្រ័យ​តាមចំណូលចិត្ត​) ​រួច​យក​វា​ទៅ​តុបតែង​តាម​ទីតាំង​ដែល​អ្នក​ពេញចិត្ត​។​ ​គួរ​បញ្ជាក់​ថា​ ​អ្នក​អាច​បាញ់​ទឹកអប់​ទៅលើ​ផ្កា​ទាំងនោះ​ ​ដើម្បី​ទទួល​បាន​ក្លិនក្រអូប​និង​អារម្មណ៍​ស្រស់​ថ្លា​។​

          បន្ទាប់ពី​បាន​បកស្រាយ​យ៉ាង​ក្បោះក្បាយ​អំពី​របៀប​នៃ​ការ​ធ្វើ​ផ្កា​ដំណក់ទឹក​ភ្លៀង​ខាងលើ​នេះ​ហើយ​ ​យើង​សង្ឃឹម​ថា​ប្រិយ​មិត្ត​នឹង​ចាប់អារម្មណ៍​ហើយ​អាច​​​យកមក​ធ្វើជា​ចំណេះ​ដឹង​មួយទៀត​ដើម្បី​ជា​តិចនិក​ក្នុង​ការ​តុបតែង​លម្អ​ផ្ទះ​ ​និង​បង្កើត​គំនិត​ច្នៃ​ប្រតិដ្ឋ​ឱ្យ​កាន់តែ​សម្បូរ​បែប​៕

Article​ ​by​ N​I​ C​H​AN​N​I​K​A​


SUGGESTIONS