ហាងកាហ្វេ «Bo Bo Café» លាក់ខ្លួនកណ្ដាលសួនផ្កាអមដោយរុក្ខជាតិច្រើនប្រភេទ
TRAVEL & LIVING one year agoស្ថិតនៅក្នុងភូមិសាស្រ្ត ខណ្ឌជ្រោយចង្វា សង្កាត់ជ្រោយចង្វា ក្រុងភ្នំពេញ ស្របតាមបណ្ដោយផ្លូវជាតិលេខ៦ ហាងកាហ្វេមួយឈ្មោះថា «Bo Bo Café» កំពុងល្បីកក្រើកលើបណ្ដាញសង្គមហ្វេសប៊ុកទាក់ទាញចិត្តអតិថិជនប្រុសស្រីជិតឆ្ងាយក្នុងរយៈពេញប៉ុន្មានខែចុងក្រោយនេះ ដោយសារតែទីតាំងនេះមានការរចនាស្ថាបត្យកម្មលក្ខណៈជាសួនរុក្ខជាតិបែប Rainforest ប្លែកពីហាងដទៃទៀតក្នុងរាជធានីភ្នំពេញ។ ដើម្បីទៅដល់ទីនេះ បើយើងជិះចេញពីភ្នំពេញដល់រង្វង់មូលព្រហ្មមុខបួនប្រមាណ ៥០០ម៉ែត្រ ខាងស្ដាំដៃអ្នកនឹងប្រទះឃើញហាងមួយដែលមានលក់រុក្ខជាតិយ៉ាងច្រើនអមជាមួយស្លាកយីហោ «Bo Bo Café»។
ចេញពីមាត់ផ្លូវជាតិប្រមាណត្រឹមតែ២០០ម៉ែត្រ លោកអ្នកនឹងឃើញផ្លូវមួយបែបព្រៃភ្នំដោយម្លប់ឈើបែកមែកសាខាត្រសុំត្រសាយជាប់នឹងច្រកទ្វារចូល។ ប៉ុន្តែអ្វីដែលកាន់តែពិសេសបំផុតនោះគឺបរិយាកាសខាងក្នុងដែលរៀបចំឡើងតាមបែបព្រៃភ្នំត្រជាក់ភ្នែកតែម្ដង ដោយមានខ្យល់ត្រជាក់ល្ហឹមទោះពេលថ្ងៃត្រង់ក៏ដោយ ព្រោះទីនេះសម្បូរដើមឈើតូចធំបែកមែកសាខាជាច្រើនដើម ថែមទាំងមានបង្កប់ទៅដោយប្រព័ន្ធចំហាយទឹកយ៉ាងទំនើបដែលរណ្ដំចិត្តអតិថិជនផ្សារភ្ជាប់នឹងសម្រស់ធម្មជាតិទឹកជ្រោះពិតៗមិនចាញ់សម្រស់ទឹកជ្រោះតាមបណ្ដាខេត្តក្នុងប្រទេសប៉ុន្មានឡើយ។ ថ្វីដ្បិតតែទីនេះមានទំហំតូចល្មមក៏ពិតមែន ប៉ុន្តែការរៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវមានជម្រើសជាច្រើនប្រភេទខុសប្លែកគ្នា ដោយភ្ញៀវអាចអង្គុយនៅតុក្រោមដើមឈើ ក្នុងហាងម៉ាស៊ីនត្រជាក់ ឬនៅជាន់ខាងលើនៃហាងដែលមានរុក្ខជាតិយ៉ាងស្រស់ស្អាតផងដែរ។
ហាងកាហ្វេនេះ ត្រូវបានស្ថាបនាឡើងដោយលោក លន់ ចំណាន អាយុ ៤៣ឆ្នាំ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅប្រទេសឥណ្ឌា។ បើតាមការអះអាងរបស់ស្ថាបនិករូបនេះផ្ទាល់ ហាងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីរួមចំណែកជាផ្នែកមួយនៃទេសចរណ៍ប្រចាំតំបន់ ហើយក៏ចង់ផ្ដល់នូវភាពងាយស្រួលទៅដល់អតិថិជនដែលពិបាកក្នុងការស្វែងរកទីកន្លែងកម្សាន្តអារម្មណ៍ដែលពោលពេញទៅដោយរុក្ខជាតិជាច្រើនប្រភេទ ដោយមិនចាំបាច់ចំណាយពេលយូរក្នុងការធ្វើដំណើរឡើយ។ លើសពីនេះ លោកក៏បានលើកឡើងថា “មែនទែនទៅឈ្មោះថា «បូ» គឺជាឈ្មោះរបស់ប្រពន្ធរបស់ខ្ញុំ ហើយគាត់គឺជាអ្នកដែលនិយមទទួលទានកាហ្វេ ដោយមុននឹងគាត់ទទួលទានកាហ្វេម្ដងៗគឺគាត់សម្រិតសម្រាងនូវរសជាតិរបស់វាយ៉ាងខ្លាំង ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តជ្រើសរើសឈ្មោះ Bo Bo Café ជាឈ្មោះហាងតែម្ដង”។
ចំពោះភេសជ្ជនៅទីនេះ គឺមានកាហ្វេគ្រប់ប្រភេទ ទាំងកាហ្វេទឹកដោះគោទឹកកកបែបធម្មតា និងប្រភេទកាហ្វេម៉ាស៊ីនដូចជា ឡាតេ (Latte) កាពូឈីណូ (Cappuccino) ម៉ូកា (Mocha) ព្រមទាំងភេសជ្ជមិនមែនកាហ្វេជាច្រើនមុខទៀតដូចហាងកាហ្វេទូទៅដែរ ប៉ុន្តែអ្វីដែលពិសេសជាងគេហើយមិត្តអ្នកអានគួរតែសាកល្បងទៅភ្លក់នោះគឺ BoBo Coffee ដែលជាកាហ្វេល្បីប្រចាំហាងតែម្ដង។
តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ភ្ញៀវបានមកទស្សនា និងភ្លក្សរសជាតិភេសជ្ជនៅទីនេះកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ម្ចាស់ហាងបានបង្ហើបថាប្រសិនបើភ្ញៀវនៅតែបន្តគាំទ្រក្នុងចំនួនច្រើនបែបនេះ លោកគ្រោងនឹងពង្រីកទីតាំងនេះឱ្យកាន់តែធំទូលាយ និងដាក់តុកៅអីបន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ម្ចាស់ហាងឆ្លៀតក្នុងខណៈនេះសូមអភ័យទោសទុកជាមុនចំពោះរាល់បញ្ហាខ្វះខាត ជាពិសេសភ្ញៀវដែលបានរង់ចាំយូរ ដោយសារចំនួនបុគ្គលិកនៅមានតិចតួច ហើយភ្ញៀវចេះតែមកច្រើនឡើងៗហួសពីការរំពឹងទុក។ គួរបញ្ជាក់ថា «Bo Bo Café» ចាប់ផ្តើមបើកដំណើរការជារៀងរាល់ថ្ងៃពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៧យប់ផងដែរ៕
Article by NI CHANNIKA