កញ្ញា ឡុង មរកត ម្ចាស់ពានរង្វាន់ «អ្នកដឹកនាំក្នុងអាជីពដំបូង» ប្រចាំឆ្នាំ២០២៣
NEWS 2 months agoការអភិរក្សជីវចម្រុះ គឺជាការងារថែរក្សាការពារធនធានធម្មជាតិ តាមរយៈការសិក្សាស្រាវជ្រាវ បង្កើតជាគោលនយោបាយ ឬយុទ្ធនាការនានា និងការផ្សព្វផ្សាយអប់រំអំពីជីវចម្រុះទាំងឡាយឱ្យជនរួមជាតិទាំងអស់បានដឹង ហើយក៏បានស្គាល់អំពីគុណសម្បត្តិ ព្រមទាំងគុណវិបត្តិរបស់វា។ ស្របទៅតាមមូលហេតុខាងលើនេះ បានទាក់ចិត្តឱ្យយុវនារីមួយរូបស្ម័គ្រចិត្តធ្វើការដោយប្រើបេះដូងក្នុងវិស័យអភិរក្សជីវចម្រុះ បរិស្ថាន និងសប្បុរសធម៌ រហូតទទួលបាននូវពានរង្វាន់ «Marsh Award» ក្នុងប្រភេទ ភាពជាអ្នកដឹកនាំក្នុងអាជីពដំបូង (អាជីពជាអ្នកអភិរក្ស)។
កញ្ញា ឡុង មរកត ដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់ Marsh Awards រូបនេះបានបង្ហើបប្រាប់មកកាន់សូវរីនថា “ពានរង្វាន់នេះ បានមកពីការប្ដេជ្ញាចិត្ត និងការតាំងចិត្តយ៉ាងមុតមាំទៅលើវិស័យជីវចម្រុះផ្ទាល់តែម្ដង។” យោងតាមសេចក្ដីស្រលាញ់ចំពោះសត្វ កញ្ញាចាប់ផ្ដើមមានចិត្តចង់ធ្វើការជាអ្នកអភិរក្សនៅពេលដែលកញ្ញាទៅលេងសួនសត្វភ្នំតាម៉ៅដំបូងនៅឆ្នាំ ២០១៣ ហើយពេលនោះកញ្ញាបានឃើញសត្វខ្លា និងសត្វផ្សេងៗទៀតដែលសុទ្ធសឹងជាសត្វដែលត្រូវបានគេជួយសង្រ្គោះពីការជួញដូរ សម្លាប់ និងយកទៅធ្វើសត្វចិញ្ចឹមជាដើម។ បន្ទាប់ពីពេលនោះមក កញ្ញាបានចូលរួមការងារស្ម័គ្រចិត្តឱ្យអង្គការមួយដែលធ្វើការនៅភ្នំតាម៉ៅស្ដីពី ការលូតលាស់របស់កូនខ្លាឃ្មុំនៅក្នុងសួនសត្វភ្នំតាម៉ៅផ្ទាល់តែម្ដង។ លុះដល់ឆ្នាំ ២០២០ ដោយទទួលរងនូវជំងឺបាក់ទឹកចិត្ត កញ្ញាចាប់ផ្តើមដើរលេងបោះតង់តាមព្រៃភ្នំជាមួយមិត្តភក្តិ ដើម្បីលម្ហែអារម្មណ៍។ ហើយក៏មានដំណើរកម្សាន្តទៅកោះមួយជាមួយនឹងអង្គការដែលធ្វើការស្ដីពីការអភិរក្សធនធានជលផលសមុទ្រនៅខេត្តកែប។ កញ្ញាបានលើកឡើងថា “វាជាលើកទីមួយដែលខ្ញុំរៀនហែលទឹក និងរៀនជ្រមុជទៅក្នុងសមុទ្រ។ គ្រានោះហើយដែលខ្ញុំបានឃើញផ្កាថ្ម និងត្រីមេអំបៅជាលើកដំបូង។ ហើយអ្នកនៅទីនោះគេបានប្រាប់ខ្ញុំអំពីអត្ថប្រយោជន៍របស់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ផលប៉ះពាល់ និងការគំរាមកំហែងពីសកម្មភាពរបស់មនុស្ស ចំពោះធនធានសមុទ្រផងដែរ។ ខ្ញុំចាប់ផ្តើមស្រាវជ្រាវបន្ថែមពីរឿងទាំងអស់ហ្នឹង ហើយក៏បានដាក់ពាក្យជាអ្នកហាត់ការនៅអង្គការអភិរក្សបរិស្ថាន «Fauna & Flora» នៅដើមឆ្នាំ២០២១។ ខ្ញុំក៏បានទៅរៀនជ្រមុជទឹករហូតដល់ចប់ ៣ កម្រិត (Rescue Diver)។” ទន្ទឹមនឹងនេះ កញ្ញាសង្កត់ធ្ងន់ថា ការងារចម្បងក្នុងវិស័យនេះ គឺចុះធ្វើការស្រាវជ្រាវតាមដានជម្រកសមុទ្រដូចជាជម្រកផ្កាថ្ម និងស្មៅសមុទ្រជាដើម។ បន្ថែមពីនោះ កញ្ញាក៏ធ្វើការជាមួយសហគមន៍មូលដ្ឋាន ដោយធ្វើការជាមួយរដ្ឋាភិបាល ភាគីពាក់ព័ន្ធសម្រាប់ការបង្កើតតំបន់ការពារ ព្រមទាំងការផ្សព្វផ្សាយអប់រំផងដែរ។
ផលប្រយោជន៍មហាសាលដែលសមុទ្រផ្តល់ឱ្យជីវិតនៅលើផែនដីនេះ វាជារឿងមិនសូវមានអ្នកដឹងច្រើននោះឡើយ ហើយបញ្ហាដែលសមុទ្រកំពុងប្រឈមក៏ជារឿងដែលមិនសូវជាមានអ្នកយកចិត្តទុកដាក់ប៉ុន្មានដែរ។ ជម្រកសមុទ្រដូចជា ផ្កាថ្ម ស្មៅសមុទ្រ និង ព្រៃកោងកាង បានផ្តល់គុណតម្លៃយ៉ាងសម្បើមមកដល់ប្រជាជនកម្ពុជា ទាំងបរិស្ថាន សេដ្ឋកិច្ចជាតិ ទេសចរណ៍ និងជីវភាពសហគមន៍មូលដ្ឋានផងដែរ។ ប៉ុន្តែធនធានទាំងនោះក៏កំពុងរងគ្រោះពីការបំផ្លិចបំផ្លាញពីសកម្មភាពរបស់មនុស្ស និងធម្មជាតិ ក៏ព្រោះតែការយល់ដឹងអំពីបញ្ហាទាំងនេះជាសាធារណៈនៅមានកម្រិតនៅឡើយ។ កញ្ញាបានបញ្ចេញមតិថា “សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចង់ចូលរួមចំណែកផ្តល់ឥទ្ធិពលវិជ្ជមានច្រើនបំផុតតាមដែលអាចធ្វើបានក្នុងការការពារថែរក្សាជម្រកសមុទ្រ ក៏ដូចជាធនធានជីវចម្រុះដទៃទៀត។ ក្នុងនោះមានដូចជា សិក្សាបន្ថែមដើម្បីយល់ដឹងពីប្រព័ន្ធអេកូឡូស៊ីទាំងនោះឱ្យបានកាន់តែច្រើន ការស្រាវជ្រាវចងក្រងជាឯកសារ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងជាសារធាណៈអំពីកិច្ចការពារជីវចម្រុះ និងបរិស្ថាន។”
តើការងារជាអ្នកអភិរក្សជីវចម្រុះនេះមានផលពិបាកអ្វីខ្លះចំពោះកញ្ញា? កញ្ញាឆ្លើយថា “ដោយសារវាជាការងារដែលខ្ញុំស្រលាញ់ ដូចនេះហើយវាមិនសូវជាមានផលពិបាកច្រើនប៉ុន្មានទេក្រៅពីភាពហត់នឿយដោយសារត្រូវរងកម្ដៅថ្ងៃ និងហែលទឹកច្រើន ជិះទូកលើសមុទ្រយូរម៉ោង ហើយពេលខ្លះជួបព្យុះភ្លៀង និងរលកធំៗ ដោយតម្រូវឱ្យគេងលើទូក ឬបោះតង់នៅលើកោះ ដែលវាអាចមានការលំបាកតិចតួចក្នុងនាមជាមនុស្សស្រី។”
ជាចុងក្រោយកញ្ញា ឡុង មរកត សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ជួយចូលរួមក្នុងការពារថែរក្សាធនធានធម្មជាតិ ជីវចម្រុះ មិនថាលើគោក ក្នុងព្រៃ ទន្លេ និងសមុទ្រនោះឡើយ ព្រោះគ្រប់ឋានប្រព័ន្ធទាំងអស់សុទ្ធសឹងតែមានតម្លៃ។ ជាពិសេស តាមរយៈការចូលរួមផ្សព្វផ្សាយចែករំលែកចំណេះដឹង ការមិនគាំទ្រ និងឈប់ទទួលទានសាច់សត្វព្រៃ ឬសកម្មភាពទាំងឡាយដែលមានការបំផ្លិចបំផ្លាញធនធានធម្មជាតិ ព្រមទាំងចូលរួមកាត់បន្ថយសំណល់ផ្លាស្ទិកជាដើម។ “ត្រូវចងចាំថា ធនធានធម្មជាតិទាំងអស់ជារបស់យើងគ្រប់គ្នា ហើយយើងទាំងអស់គ្មាក៏ជាឫសគល់នៃបញ្ហា។ ដូច្នេះហើយ ទាល់តែមានការចូលរួមការពារពីគ្រប់ផ្នែកគ្រប់វិស័យ ទើបយើងអាចធានាចំពោះភាពយូរអង្វែងនៃធនធានធម្មជាតិនៅថ្ងៃអនាគតប្រកបដោយនិរន្តរភាព សម្រាប់បន្សល់ឱ្យកូនចៅជំនាន់ក្រោយរបស់យើងផងដែរ។” កញ្ញាបានលើកឡើង៕
Article by NI CHANNIKA