៥វិធីជួយឱ្យអ្នកក្រោកពីគេងពោរពេញដោយថាមពលសម្រាប់ចាប់ផ្តើមថ្ងៃថ្មីស្រស់ស្រាយ
TRAVEL & LIVING one year agoការពិបាកក្រោកពីដំណេកនៅពេលព្រឹកព្រលឹម ជឿជាក់ថាកន្លងមកប្រិយមិត្តប្រហែលជាធ្លាប់ជួបបញ្ហានេះមកហើយ អាចកើតឡើងពីការចូលគេងយប់ជ្រៅ ឬកត្តាមួយចំនួនទៀត ដែលនាំឱ្យអ្នកមានអារម្មណ៍ថាមិនចង់ក្រោកពីដំណេក ឬក្រោកមកមានអារម្មណ៍ថាអាប់អួ តប់ប្រមល់ ឬគេងមិនស្កប់ស្កល់ជាដើម។ យ៉ាងណាមិញ ក៏មានគន្លឹះមួយចំនួនដែលអាចជួយដោះស្រាយបញ្ហានេះ ដោយម្រិយមិត្តអាចសាកល្បងអនុវត្តវិធីសាស្រ្ត៥ខាងក្រោមនេះ។
1. ការស្តាប់តន្រ្តី៖ អ្នកអាចចាប់ផ្តើមព្រឹកថ្ងៃថ្មីដោយការស្តាប់តន្រ្តី បន្ទាប់ពីក្រោកពីដំណេក។ ការស្តាប់តន្រ្តីអាចផ្តល់នូវការជំរុញផ្លូវចិត្តដល់សុខុមាលភាពរបស់អ្នក។ អ្នកអាចជ្រើសរើសស្តាប់តន្រី្តបែបកម្សាន្តអារម្មណ៍ ឬស្តាប់ការអត្ថាធិប្បាយប្រភេទជាការអប់រំ ការលើកទឹកចិត្តជាដើម ព្រោះអ្វីដែលអ្នកស្តាប់នៅពេលភ្ញាក់ពីដំណេកគឺពិតជាសំខាន់។ មិនតែប៉ុណ្ណោះ វាក៏ដូចជាការបញ្ចេញសារធាតុ Dopamine ដែលជួយរារាំងការផលិតអរម៉ូនស្រ្តេសផងដែរ។
2. ងូតទឹកត្រជាក់៖ អត្ថប្រយោជន៍នៃការងូតទឹកត្រជាក់បន្ទាប់ពីភ្ញាក់ពេលព្រឹកព្រលឹមរួមមាន ពង្រឹងភាពស៊ាំ បង្កើនអារម្មណ៍ស្រស់ស្រាយ និងធ្វើការរំលាយអាហារមានភាពប្រសើរឡើង។ ប៉ុន្តែប្រសិនបើមិនអាចងូតទឹកពេលព្រឹកព្រលឹមទេ អ្នកអាចគ្រាន់តែយកទឹកត្រជាក់មកលុបលាងមុខ ឬលាងដៃក៏បាន ជាពិសេសត្រង់ផ្នែកកដៃ ព្រោះកដៃមានសរសៃឈាមធំៗជាច្រើន និងធ្វើឱ្យសារពាង្គកាយទទួលយកបានលឿន ហើយក៏អាចផ្តល់នូវប្រសិទ្ធភាពដូចគ្នា។
3. ទទួលទានទឹកក្រូចស្រស់៖ ការទទួលទានទឹកក្រូចស្រស់មួយកែវរៀងរាល់ព្រឹក ពិតជាជួយផ្តល់ថាមពលដល់អ្នកពេលភ្ញាក់ពីដំណេក។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានទឹកក្រូចស្រស់មួយកែវរៀងរាល់ព្រឹករយៈពេល៨សប្តាហ៍បានបង្ហាញពីភាពប្រសើរឡើងនៃមុខងារក្នុងសារពាង្គកាយ។ ទឹកក្រូចស្រស់ មានផ្ទុកសារជាតិ Flavonoids ខ្ពស់ ដែលវាជាសារធាតុ Phytochemicals ជួយកែលម្អមុខងារខួរក្បាលដោយធ្វើឱ្យផ្លូវបញ្ជូនសញ្ញានៅក្នុង Hippocampus ធ្វើឱ្យខួរក្បាលមានការចងចាំបានល្អ។
4. ក្លិនកន្លែងគេង៖ ជាការពិត ប្រសិនបើក្រោកពីគេងភ្លាមអ្នកទទួលបានក្លិនមិនល្អ ច្បាស់ណាស់ថានឹងធ្វើឱ្យអារម្មណ៍មិនល្អដូចគ្នា។ ការសិក្សាបានបង្ហាញថាក្លិនក្រអូនអាចជះឥទ្ធិពល ដោយសារទំនាក់ទំនងរវាងអ្នកទទួលក្លិន និងប្រព័ន្ធអវយវៈ ទៅនឹងខួរក្បាល ផ្លូវអារម្មណ៍ និងការចងចាំ។ យើងអាចជ្រើសរើសក្លិនផ្កាឡាវេនឌឺ ឬក្លិនក្រូចឆ្មារដាក់ក្នុងបន្ទប់គេង ដែលវាជួយទាំងការបន្ធូរអារម្មណ៍ ធ្វើឱ្យឆាប់ចូលគេង និងភ្ញាក់ពីដំណេកមានភាពស្រស់ស្រាយ នៅពេលបានស្រូបក្លិនទាំងនេះ។ យើងក៏អាចប្រើប្រាស់ប្រភេទប្រេងក្រអូបក្លិនរ៉ូសម៉ារី(rosemary) ដែលជួយជំរុញថាមពលផ្លូវចិត្ត និងបង្កើនមុខងារចងចាំ។
5. ការច្រៀង៖ យោងតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត មានភស្តុតាងបង្ហាញថា ការច្រៀងបានបញ្ចេញនូវសារធាតុបញ្ជូនសរសៃប្រសាទសំខាន់ៗដូចជា អង់ដូហ្វីន សេរ៉ូតូនីន និងដូប៉ាមីន ដែលលើកកម្ពស់អារម្មណ៍សុខុមាលភាព។ ការច្រៀងនៅពេលព្រឹកក៏អាចជាថ្នាំបំបាត់ភាពតានតឹង ព្រោះវាពឹងផ្អែកលើការដកដង្ហើមយ៉ាងវែង និង Diaphragmatic ដែលបង្កឱ្យមានប្រព័ន្ធសរសៃប្រសាទ Parasympathetic របស់រាងកាយ ជួយបន្ថយអត្រាគាំងបេះដូង កាត់បន្ថយសម្ពាធឈាម និងបន្ថយកម្រិត Cortisol ។ លើសពីនេះ ការច្រៀងញឹកញាប់ក៏អាចជួយដល់ការកាត់បន្ថយជំងឺវង្វេងផងដែរ៕
Article by SOUNG SOKSAN