«ផ្ទះផ្កាខ្មែរ» អាជីវកម្មធ្វើដោយដៃកែច្នៃផ្កាពីសម្បកពោតជួយដល់បរិស្ថាន
TRAVEL & LIVING one year agoពីសម្បកពោត ស្លឹកត្នោត និងស្លឹកចាក បានក្លាយជាផ្កាសិប្បនិម្មិតរាប់ពាន់រាប់ម៉ឺនទងជាច្រើនប្រភេទចម្រុះពណ៌ រៀបចំតុបតែងដេគ័រយ៉ាងស្រស់ស្អាត មានទាំងរៀបដាក់ក្នុងកន្រ្តក រៀបដាក់ក្នុងថូ រៀបជាបាច់ មានទាំងធ្វើជាស៊ុមសម្រាប់ដាក់ព្យួរលើជញ្ជាំង ដែលមានសម្រស់ស្រស់ស្អាតមួយបែបយ៉ាងទាក់ទាញ។ ជាការពិត ផ្កាទាំងនេះត្រូវបានធ្វើឡើងដោយដៃសិប្បករខ្មែរ និងត្រូវបានដាក់លក់នៅលើទីផ្សារក្រោមម៉ាកយីហោមួយមានឈ្មោះថា «ផ្ទះផ្កាខ្មែរ»។
លោក វង្ស ហិរញ្ញនិយុទ្ធ មានវ័យ៣៤ឆ្នាំ ជាសហគ្រិនម្នាក់ក្នុងចំណោម៣នាក់ ជាម្ចាស់អាជីវកម្ម «ផ្ទះផ្កាខ្មែរ» មានលក់ជាប្រភេទផ្កាសិប្បនិម្មិតដែលធ្វើឡើងដោយដៃយ៉ាងមានភាពប៉ិនប្រសប់។ លោកបានបង្ហើបមកកាន់សូវរីនអំពីគោលបំណងចំពោះអាជីវកម្មនេះថា គឺលោកចង់ចូលរួមជាចំណែកមួយដែលជួយដល់បរិស្ថាន ព្រោះផ្កាទាំងនេះសុទ្ធតែត្រូវបានច្នៃឡើងពីវត្ថុធាតុដើម តួយ៉ាងសម្បកពោត ស្លឹកត្នោត ស្លឹកចាក ក្រដាស ដែលសឹងតែថាគ្រប់គ្នាគិតថាជាកាកសំណល់ដែលគេមិនត្រូវការ។ មិនតែប៉ុណ្ណោះ អាជីវកម្មនេះក៏បានផ្តល់ការងារមួយផ្នែកដល់អ្នកភូមិចំនួន១៣គ្រួសារផងដែរ សម្រាប់រកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបានបន្តទៀតថា ទម្រាំតែទទួលបានសម្រេចជាសមិទ្ធផលមួយៗគឺមិនមែនជាភាពងាយស្រួលទេ គឺត្រូវធ្វើឆ្លងកាត់ជាច្រើនដំណាក់កាល។
លោក វង្ស ហិរញ្ញនិយុទ្ធ
ដំបូងគឺអ្នកភូមិត្រូវរកទិញសម្បកពោត ស្លឹកត្នោត និងស្លឹកចាក ដោយជ្រើសរើសយកសម្បក និងស្លឹកណាដែលល្អៗតែប៉ុណ្ណោះ រួចត្រូវយកទៅលាងសម្អាតឱ្យបានស្អាត។ បន្ទាប់មកត្រូវយកវត្ថុធាតុដើមទាំងនោះ ទាំងស្ងោរពណ៌តាមអ្វីដែលចង់បាន ទើបយកទៅហាលឱ្យបានស្ងួត។ ការហាលនេះទៀតសោត ត្រូវហាលមិនឱ្យនៅសើមពេកទេ វាអាចនឹងបណ្តាលឱ្យដុះផ្សិត តែក៏មិនត្រូវហាលឱ្យស្ងួតពេកដែរ ព្រោះវាធ្វើឱ្យសម្បក និងស្លឹកមានសភាពស្រួយងាយនឹងបែកបាក់ខូចខាត។ ក្រោយមកទើបចាប់ផ្តើមធ្វើចេញជារូបរាងផ្កាផ្សេងៗ រួមមានផ្ការំដួល ផ្កាកុលាប ផ្កាលីលី ផ្កាឈូក រួមទាំងម៉ូតផ្កាជាច្រើនទៀត ទើបយកផ្កាទាំងនោះមករៀបចំដាក់ជាកន្រ្តក ជាថូ ឬការច្នៃប្រតិដ្ឋជាទម្រង់ម៉ូតច្រើនទៀត ក៏ដូចជាតាមអ្វីដែលអតិថិជនកុម្មង់ និងរៀបចំបន្ថែមជាមួយស្មៅក្រៀម ស្រូវ និងផ្កាស្មៅមួយចំនួនទៀតដើម្បីលើកសោភណភាពឱ្យកាន់តែស្អាតមួយកម្រិត។
ស្របជាមួយនឹងការធ្វើឡើងដោយដៃផ្ទាល់ ឆ្លងកាត់ច្រើនដំណាក់កាល ការធ្វើដោយមានភាពអត់ធ្មត់ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងលម្អិតផ្ចិតផ្ចង់ទៅគ្រប់ដំណាក់កាលនីមួយៗ ជាលទ្ធផលផ្កាទាំងនោះបានរំលេចចេញជារូបរាងយ៉ាងស្រស់ស្អាត និងប្រណីត ទាំងម៉ូតផ្កា ទាំងការរៀបចំ និងការច្នៃប្រតិដ្ឋបានច្រើនទម្រង់។ ទាំងនេះពិតជាបានផ្តល់នូវសមិទ្ធផលមួយជូនដល់អតិថិជន ក៏ដូចជាបានក្លាយជាកាដូអនុស្សាវរីយ៍មួយដែលអាចរក្សាទុកបានយូរអង្វែង។
ទាំងគុណភាព ប្រណីតភាព រួមទាំងគុណតម្លៃ ផ្កាសិប្បនិម្មិតរបស់អាជីវកម្ម «ផ្ទះផ្កាខ្មែរ» មានលក់ចាប់ពីតម្លៃ១ដុល្លារឡើងទៅរហូតដល់មានតម្លៃខ្ទង់រយដុល្លារទៅតាមអតិថិជនកុម្មង់។ លោក វង្ស ហិរញ្ញនិយុទ្ធ ក៏បានលើកឡើងជាចុងក្រោយដែរថា ផ្កាទាំងនេះគឺបង្កើតឡើងពីចិត្តស្រលាញ់ យកបេះដូងមកធ្វើដោយភាពអំណត់ ហើយលោកក៏ចង់ផ្តល់នូវការស្រលាញ់ជូនទៅកាន់អតិថិជនដូចគ្នា។ ពោល លោកចង់ឱ្យអតិថិជនចំណាយលុយទិញរបស់ដែលពួកគាត់ស្រលាញ់ពេញចិត្ត ហើយវាក៏ជាការជួយគាំទ្រ ការលើកស្ទួយមួយចំណែកផងដែរទៅដល់ផលិតផលក្នុងស្រុកយើង ក៏ដូចជាការប្រើប្រាស់ធនធានដែលយើងមាន៕
Article by SOUNG SOKSAN