«Kai Coffee» ពីសំយាបផ្ទះទុកចោលក្លាយជាហាងកាហ្វេដ៏គួរឱ្យទាក់ទាញ
TRAVEL & LIVING 12 months agoហាងកាហ្វេតាមចិញ្ចើមផ្លូវ បើស្តាប់ទៅប្រហែលជាប្រិយមិត្តគិតថាគ្រាន់តែជាហាងកាហ្វេបែបសាមញ្ញធម្មតាតែប៉ុណ្ណោះ តែវាមិនដូច្នេះនោះទេ ដ្បិតថាបច្ចុប្បន្នអាជីវកម្មហាងកាហ្វេតូចធំតែងកើតចេញពីសហគ្រិនដែលមានគំនិតពោរពេញដោយការច្នៃប្រតិដ្ឋ។ ជាក់ស្តែង ហាងកាហ្វេតាមចិញ្ចើមផ្លូវមួយកន្លែងដែលមានឈ្មោះថា «Kai Coffee» មានទីតាំងស្ថិតនៅលើផ្លូវលេខ២១ (ទល់មុខផ្សារទំនើបអីុអន១) បានទាក់ទាញរាល់អ្នកដំណើរដែលឆ្លងកាត់ទីនោះតែងមិនរំលងឡើយនូវការឆៀងចូលទិញកាហ្វេនៅទីនោះ។
«Kai Coffee» ត្រូវបានច្នៃពីសំយាបផ្ទះដែលត្រូវបានទុកចោល ក្លាយជាហាងកាហ្វេតាមចិញ្ចើមផ្លូវមួយដ៏ពេញនិយមសម្រាប់អ្នកដែលរស់នៅ និងអ្នកដំណើរឆ្លងកាត់តំបន់នោះ។ បើក្រឡេកទៅមើលការរៀបចំដេគ័រវិញគឺមានលក្ខណៈខុសប្លែកពីហាងកាហ្វេតាមចិញ្ចើមផ្លូវទូទៅ និងមានការរៀបចំមានកន្លែងសម្រាប់ឱ្យភ្ញៀវអង្គុយផងដែរ។ ថ្វីបើជាហាងកាហ្វេតាមចិញ្ចើមផ្លូវមែនពិត ប៉ុន្តែអាចនិយាយបានថា ទាំងការតុបតែងដេគ័រ ទាំងរសជាតិ ការវេចខ្ចប់ ក៏ដូចជាការផ្សព្វផ្សាយក៏វាមានកម្រិតស្តង់ដាមួយដែលយើងអាចទទួលស្គាល់ មិនចាញ់ហាងកាហ្វេធំៗមួយចំនួនឡើយ។ បើនិយាយពីរសជាតិវិញ កាហ្វេនៅទីនេះបានបង្កើតជារសជាតិមួយដែលល្បីប្រចាំហាងគឺ កៃកាហ្វេ ជាកាហ្វេដែលមានរសជាតិតម្រូវតាមប្រជាជនក្នុងតំបន់គាត់និយមចូលចិត្តទទួលទាន ហើយក៏មានជាជម្រើសភេសជ្ជជាច្រើនប្រភេទទៀតដែលអាចធ្វើការកុម្មង់ទៅតាមចំណូលចិត្ត។
ជាការពិត គ្រប់អាជីវកម្មហាងកាហ្វេ មិនចាំបាច់ទាល់តែមានបរិវេណធំទើបអាចបើកជាហាងបាននោះទេ កាចេះច្នៃប្រតិដ្ឋ ការចេះរៀបចំ ការបង្កើតអ្វីដែលថ្មី ពិតជាអាចផ្តល់នូវភាពទាក់ទាញទៅកាន់អតិថិជនគោលដៅ ដូចជាហាងកាហ្វេមួយកន្លែងនេះជាដើម។ ដូចនេះ ថ្ងៃចុងសប្តាហ៍ ឬប្រិយមិត្តបានធ្វើដំណើរឆ្លងកាត់ទីនេះ កុំភ្លេចឆៀងចូលទិញកាហ្វេនៅ «Kai Coffee» ណាដើម្បីទទួលបានអារម្មណ៍ប្លែក បទពិសោធន៍ថ្មីសម្រាប់ខ្លួនឯង។ គួរជម្រាបផងដែរថា «Kai Coffee» បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦កន្លះព្រឹក រហូតដល់ម៉ោង ៧កន្លះយប់៕
Article by SOUNG SOKSAN