Spectrum KH បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងការច្នៃម៉ូត The Fashion Twist
FASHION & BEAUTY 10 months ago
កាលពីរសៀលថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅអគារ Morgan ជាន់ទី៤៨ នៅបារលើដំបូល La Veda Spectrum KH បានបង្កើតកម្មវិធីប្រកួតប្រជែងការច្នៃម៉ូតសម្លៀកបំពាក់ចុងក្រោយបង្អស់របស់ខ្លួន ដែលបានឧបត្ថម្ភដោយ Blanc និងអគារ Morgan ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ Reynier Abello និងអ្នកឆ្លើយតបព័ត៌មានរបស់គាត់ Daniel Spencer-King បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកច្នៃម៉ូតចំនួន៥នាក់ ដែលបានលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបង្កើតខូឡិកហ្សិនក្នុងព្រឹត្តិការណ៍នេះ។ បេក្ខភាពប្រកួតវគ្គចុងក្រោយទាំង៥រូបរួមមាន Elliss Jaie Lundy នៃ Dear Amore, Arun Reachnak នៃ This Order, Kheang Sathaboramin នៃ Boramin Fashion Boutique, Wella Jaden នៃ L'atelier de Well និង Yuhan Halim នៃ Hakeen ។
Spectrum KH ដែលល្បីល្បាញសម្រាប់ព្រឹត្តិការណ៍ការបង្ហាញម៉ូតប្រកបដោយភាពច្នៃប្រតិដ្ឋ និងគណៈកម្មាការដែលមានកេរ្តិ៍ឈ្មោះក្នុងឧស្សាហកម្មម៉ូតនៅប្រទេសកម្ពុជាដូចជា ម៉ារីយ៉ាណា ជាអ្នកច្នៃម៉ូត និងជាស្ថាបនិកនៃម៉ាក The Privé, លោក លី ស៊ូដេន ជានាយកនិពន្ធ និងជាប្រធានគេហទំព័រសារព័ត៌មានបែបហ្វេហ្សិន Sovrin, Tiffany Doche ជាអ្នកច្នៃម៉ូត និងជាស្ថាបនិកនៃម៉ាក Revivre, Sarah Marcni ជាសាស្ត្រាចារ្យផ្នែកម៉ូតនៃសាកលវិទ្យាល័យ Limkokwing, Pham Thi Huyen Trang ជាអ្នកច្នៃម៉ូត និងជាស្ថាបនិកនៃ PIT, Alan James Flux ជាអ្នកច្នៃម៉ូត និងជាស្ថាបនិកនៃម៉ាក A.N.D, Yulia Khouri ជាអ្នកច្នៃម៉ូត, លោក Abello ជាអ្នកច្នៃម៉ូត និងជាស្ថាបនិកនៃ Armada ។
ជាមួយគ្នានេះ បេក្ខភាពដ៏មានទេពកោសល្យទាំង៥រូប បានខិតខំ និងប្រឹងប្រែងយ៉ាងមោះមុតក្នុងការប្រកួតដ៏លំបាកមួយនេះដើម្បីបង្ហាញស្នាដៃ និងអត្តសញ្ញាណម៉ាករបស់ពួកគេរៀងៗខ្លួនឱ្យកាន់តែមានភាពលេចធ្លោ ជាពិសេសដើម្បីដណ្តើមយកជ័យលាភីលេខ១ពីកម្មវិធី ជាមួយនឹងទឹកប្រាក់លើកទឹកចិត្តផងដែរ។ ការឈ្នះក្នុងការប្រកួតនេះទៀតសោត មិនត្រឹមតែផ្តល់ឱ្យបេក្ខជននូវជំនួយហិរញ្ញវត្ថុ និងស្នាដៃពួកគេប៉ុណ្ណោះទេ តែវាពិតជាជួយក្នុងការបង្កើតអត្តសញ្ញាណនៃម៉ាករបស់ពួកគេ រួមទាំងកេរ្តិ៍ឈ្មោះនៅក្នុងឧស្សាហកម្មម៉ូតនេះឱ្យមានភាពល្បីល្បាញ។ ទាំងនេះជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកច្នៃម៉ូតក្នុងស្រុកដើម្បីទទួលបានការផ្សព្វផ្សាយជាសាធារណៈ និងជាឱកាសដើម្បីបង្ហាញថាការខិតខំប្រឹងប្រែងអាចទទួលបានផលសូម្បីតែនៅក្នុងប្រទេសកម្ពុជាក៏ដោយ។ សំខាន់លើសពីនេះ Spectrum KH គឺបង្កើតព្រឹត្តិការណ៍នេះ ព្រោះចង់លើកទឹកចិត្តដល់អ្នកច្នៃម៉ូតវ័យក្មេងទាំងអស់អាចសម្រេចក្តីសុបិន្តរបស់ខ្លួន។ ទាំងនេះក៏បានបង្ហាញថាការលះបង់ ចំណង់ចំណូលចិត្ត និងភាពជោគជ័យអាចសម្រេចបាន គឺដោយមានការតស៊ូ ប្រឹងប្រែង ជាពិសេសតាមរយៈកិច្ចសហការនៃការឧបត្ថម្ភ សាមគ្គីភាព និងស្មារតីគាំទ្រក្នុងសហគមន៍៕