មិនថាអ្នកផាត់មុខជាប្រចាំថ្ងៃ ផាត់មុខសម្រាប់ទៅធ្វើការ ឬចូលរួមកម្មវិធីពិសេសណាមួយនោះទេ ជឿជាក់ថាមិត្តនារីគ្រប់រូបរមែងចង់ឱ្យការផាត់មុខរបស់ខ្លួនមើលទៅស្រស់ស្អាត និងជាប់បានយូរពេញមួយថ្ងៃ។ ខណៈសុភាពនារីមួយចំនួនមិនទាន់បានដឹងនូវឡើយអំពីតិចនិកមួយចំនួនដែលធ្វើឱ្យការតុបតែងមុខអាចជាប់បានរយៈពេលយូរពេញមួយថ្ងៃ។ យ៉ាងណា វាមិនមែនជាបញ្ហាទៀតឡើយ ខាងក្រោមនេះជាតិចនិក៧យ៉ាងដើម្បីឱ្យការផាត់មុខជាប់បានពេញមួយថ្ងៃ និងនៅតែរក្សាភាពស្រស់ស្អាតលើផ្ទៃមុខ។
ការសម្អាតមុខ៖ អ្វីដែលអ្នកគួរចាប់ផ្តើមដំបូងគេនោះគឺការសម្អាតផ្ទៃមុខឱ្យបានស្អាតជាមុនសិន។ នៅពេលអ្នកសម្អាតផ្ទៃមុខបានស្អាតនឹងធ្វើឱ្យផ្ទៃមុខមិនមានជាប់ធូលី និងជាតិប្រេងនៅលើស្បែកមុខ ហើយនៅពេលអ្នកលាបគ្រឿងសម្អាងបន្ទាប់វានឹងជាប់បានល្អ។ បន្ទាប់ពីបានលាងសម្អាតផ្ទៃមុខជាមួយហ្វូមរួចហើយ អាចប្រើប្រាស់សំឡីជូតមុខជាមួយថូន័រ រួចប្រើប្រាស់គ្រីមផ្តល់សំណើម។
ប្រើ Primer៖ ប្រសិនបើចង់ឱ្យការផាត់មុខជាប់បានយូរ សុភាពនារីមិនគួររំលងការប្រើប្រាស់ Primer ឡើយ។ Primer គឺជារបាំងមួយដ៏សំខាន់រវាងស្បែក និងផលិតផលគ្រឿងសម្អាងឱ្យជាប់គ្នាបានល្អ។ យើងគួរប្រើ Primer មុនពេលប្រើម្សៅទ្រនាប់ និងគប្បីជ្រើសរើស Primer ទៅតាមប្រភេទស្បែក។ ឧទាហរណ៍ ប្រសិនបើអ្នកមានប្រភេទស្បែកប្រេង គួរជ្រើសរើស Primer ដែលគ្មានជាតិប្រេង ឬជ្រើសរើសប្រភេទផ្តល់សំណើមសម្រាប់ស្បែកស្ងួត។ លាបវាលើផ្ទៃមុខនូវបរិមាណសមល្មម ជាពិសេសត្រង់បរិវេណដែលមានស្នាមជ្រួញ។
ប្រើប្រាស់ម្សៅទ្រនាប់៖ ការប្រើប្រាស់ម្សៅទ្រនាប់ក៏ជាចំណុចមួយដែលសំខាន់ផងដែរ។ ប៉ុន្តែអ្នកត្រូវប្រាកដថា ត្រូវជ្រើសរើសប្រើប្រាស់ផលិតផលដែលតម្រូវទៅតាមប្រភេទស្បែកមុខរបស់អ្នក ដូចជា Primer ដែរ។
ប្រើប្រាស់ម្សៅផាត់ ឬម្សៅហុយ៖ បន្ទាប់ពីលាបម្សៅទ្រនាប់ និងឡេការពារកម្តៅថ្ងៃរួចរាល់ យើងគប្បីប្រើម្សៅផាត់ ឬម្សៅហុយបន្ថែមពីលើ។ វាជាគន្លឹះមួយដែលអាចជួយស្រូបយកជាតិប្រេងដែលលើស និងធានាបាននូវភាពម៉ដ្តរលោងលើផ្ទៃមុខ។ ត្រង់ចំណុចនេះ អ្នកអាចប្រើប្រាស់ប៉ុង ឬជក់ផាត់ក៏បាន រួចតប់ថ្មមៗលើបរិវេណមុខ។
ប្រើផលិតផលគ្រឿងសម្អាងធន់នឹងទឹក (Waterproof)៖ ដើម្បីបង្ការការផាត់មុខពីការជ្រាបទឹក ញើស ឬសំណើមផ្សេងៗ មិនឱ្យប្រតាក ការប្រើគ្រឿងសម្អាងដែលធន់នឹងទឹកជាជម្រើសល្អបំផុត។ មិត្តនារីអាចជ្រើសរើសផលិតផលណាដែលធន់នឹងទឹកតាមផលិតផលដែលអ្នកចូលចិត្តប្រើដូចជា ម៉ាស្ការ៉ា អាយឡាញន័រ(Eyeliner) និងក្រែមលាបមាត់ដែលជាប់បានយូរ។
ប្រើ Spray ក្រោយផាត់មុខរួច៖ ជំហានចុងក្រោយបន្ទាប់ពីបានផាត់មុខរួចរាល់ ការបាញ់ ស្រ្ពៃយ៍(Spray) លើផ្ទៃមុខវានឹងជួយរក្សា និងជួយទប់គ្រឿងសម្អាងរបស់អ្នកបានល្អ ដែលមើលទៅនៅតែមានភាពស្រស់ស្អាត និងផ្តល់នូវភាពរលោងលើស្បែក។
ចៀសវាងជូតលើផ្ទៃមុខខ្លាំងៗ៖ ជាការពិត ទន្ទឹមនឹងការអនុវត្តគន្លឹះដូចដែលបានរៀបរាប់ខាងលើរួច គប្បីចៀសវាងការជូត ឬការកកិតខ្លាំងនៅលើផ្ទៃមុខ។ ប៉ុន្តែការផាត់មុខយូរម៉ោងយើងរមែងសង្កេតឃើញមានជាតិប្រេងដែលលើសចេញមកលើផ្ទៃមុខ ទោះបីជាអ្នកមានប្រភេទស្បែកស្ងួតក៏ដោយ។ ដូច្នេះ អ្នកអាចប្រើក្រដាសជូតមាត់ ឬក្រដាសសម្រាប់ផ្តិតយកជាតិប្រេង មកជូត ឬផ្តិតថ្មមៗត្រង់បរិវេណដែលមានជាតិប្រេង វានឹងនៅតែរក្សាការផាត់មុខរបស់អ្នកនៅតែស្រស់ស្អាត និងជាប់បានយូរ។
ទាំងនេះជាតិចនិកងាយៗដែលមិត្តនារីក៏អាចសាកល្បងអនុវត្តបានដោយខ្លួនឯង ដើម្បីឱ្យការផាត់មុខជាប់បានយូរពេញមួយថ្ងៃ។ តែយ៉ាងណា កុំភ្លេចលាងជម្រះគ្រឿងសម្អាងទាំងនោះឱ្យបានស្អាតល្អណា ដើម្បីបង្ការផ្ទៃមុខមិនឱ្យកើតមុខ ឬបញ្ហាស្បែកផ្សេងៗ៕
Article by SOUNG SOKSAN