យើងតែងតែកត់សម្គាល់ឃើញថាប្រជាជនទូទាំងសកលលោក រួមទាំង ប្រជាជនកម្ពុជាមួយចំនួនផងដែរ និយមជល់កែវគ្នាពេលទទួលអាហារនាពេលរាត្រីឆ្លងឆ្នាំសកលក្នុងបរិយាកាសសប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ឬគូដៃស្នេហារៀងៗខ្លួននៅតាមគេហស្ថាន ឬកន្លែងស្នាក់នៅក្នុងអំឡុងពេលដំណើរកម្សាន្ត ឬកន្លែងប្រារព្ធកម្មវិធីជប់លៀងនានា។ យោងតាមវេបសាយ បរទេសឈ្មោះ www.wineswithcharm.com ទំនៀមទម្លាប់ទាក់ទងនឹងស្រាសាំប៉ាញនេះមានប្រវត្តិជាង១៥០០ឆ្នាំមកហើយគិតមកដល់ពេលសព្វថ្ងៃនេះ។
ត្រឡប់ទៅកាន់សតវត្សរ៍ទី១៦ ស្រាសាំប៉ាញត្រូវបានចាត់ទុកជាប្រភេទស្រាអភិជនដែលមានតែពួកអភិជនអឺរ៉ុបប៉ុណ្ណោះដែលមានលទ្ធភាពទទួលទានស្រានេះបាន។ ពួកគេតែងតែប្រើស្រានេះក្នុងការប្រារព្ធកម្មវិធីពិសេសៗ។ កាលនោះ ស្រានេះក៏ជាផ្នែកមួយនៃពិធីបុណ្យសាសនានៅអឺរ៉ុបដែរ ហើយលុះចំណេរកាលក្រោយមកទៀត ទើបវាត្រូវបានប្រើប្រាស់ក្នុងកម្មវិធីផ្សេងៗក្រៅពី បុណ្យសាសនាបន្ទាប់ពីបដិវត្តន៍បារាំង (The French Revolution)។ ពួកត្រកូលអភិជនចាត់ទុកស្រានេះជាភេសជ្ជៈស័ក្ដិសិទ្ធ ហើយក្រោយមកទើបដាក់លក់វាសម្រាប់អ្នកដែលប្រាថ្នាចង់បានវាសម្រាប់ប្រារព្ធកម្មវិធីអបអរផ្សេងៗដូចជា រាត្រីឆ្លងឆ្នាំសកលនេះជាដើម។ ការជល់កែវស្រាសំប៉ាញនៅថ្ងៃឆ្លងឆ្នាំចាប់ផ្ដើមនៅអំឡុងសតវត្សរ៍ទី១៩ ឬ គ.ស. ១៨០០ ជាង ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាទម្លាប់ដ៏សំខាន់ខ្វះមិនបានក្នុងរាល់កម្មវិធីជប់លៀងឆ្លងឆ្នាំទាំងឡាយ។
កាលពីដើមឡើយ ប្រជាជនទទួលទានស្រាសាំប៉ាញដើម្បីសុខភាព កិត្តិយសមុខមាត់ និងបដិសណ្ឋារកិច្ចជាទូទៅ។ ប៉ុន្តែវាអាស្រ័យលើវប្បធម៌របស់ជាតិសាសន៍នីមួយៗដែរ។ ជាក់ស្តែង ប្រជាជនប្រទេសអៀរឡង់កាលពីសម័យមុនលើកកែវស្រានៅពេលសូត្រធម៌ឱ្យពរ ខណៈដែលប្រជាជនអង់គ្លេសក្នុងសតវត្សរ៍ទី១៧ លើកកែវភេសជ្ជៈដើម្បីសារភាពស្នេហ៍ជាដើម។ ដោយឡែក ជនជាតិអាមេរិកពីដើមប្រើកាយវិការលើកកែវស្រាជល់នេះក្នុងគោលបំណងបញ្ជាក់អំពីស្មារតីស្នេហាជាតិ។ បន្ទាប់ពីព្រឹត្តិការណ៍សង្រ្គាមបដិវត្តន៍នៅអាមេរិក (The Revolution War) ពួកគេចាប់ផ្ដើមប្រកាន់ទម្លាប់ជល់កែវចំនួន១៣ដងក្នុងរាល់កម្មវិធីជប់លៀងនានា ក្នុងនោះ រួមមានកម្មវិធីទិវាបុណ្យឯករាជ្យជាតិអាមេរិក ០៤ កក្កដា ផងដែរ។
លុះមកដល់បច្ចុប្បន្ន ប្រពៃណីជល់កែវស្រានេះកាន់តែមានប្រជាប្រិយភាពពេញនិយមទ្វេដងសម្រាប់ការប្រារព្ធកម្មវិធីកម្សាន្តសប្បាយផ្សេងៗជាពិសេសគឺសម្រាប់ឱកាសយប់ឆ្លងឆ្នាំសកលនេះតែម្ដង។ ជាទូទៅ ការជល់កែវស្រាសាំប៉ាញតែងតែផ្សារភ្ជាប់នឹងប្រភេទកែវស្រាសាំប៉ាញដ៏ស្អាតប្រណីតខុសពីកែវធម្មតាដែលធ្វើឱ្យកម្មវិធីរបស់លោកអ្នកមើលទៅពោរពេញដោយភាពហ៊ឹកហ៊ាក់ និងភាពថ្លៃថ្នូរបែបអភិជន។ ប្រសិនបើគ្មានស្រាសាំប៉ាញនោះទេ លោកអ្នកក៏នៅតែអាចដល់កែវស្រាក្នុងកម្មវិធីដ៏ពិសេសមួយឆ្នាំមានតែម្ដងនេះរបស់លោកអ្នកបានដដែលដោយគ្រាន់តែប្រើស្រាអ្វីផ្សេងមកជំនួសជាការស្រេច។ អ្វីដែលសំខាន់នោះគឺអ្នកនៅតែអាចជល់កែវដើម្បីឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីក៏ដូចជាត្រៀមខ្លួនស្វាគមន៍បទពិសោធន៍ថ្មីៗជាមួយមនុស្សជុំវិញខ្លួនអ្នក។ ត្រូវចងចាំថា អត្ថន័យសំខាន់បំផុតនៃការជល់កែវនេះគឺ សុខភាពល្អ និងសំណាងល្អសម្រាប់ឆ្នាំថ្មី។ តស់! ចាំអីទៀត? មក Cheer!
Article by SRIN SOKMEAN