ប្រេងទារក ឬគេតែងហៅជាភាសាអង់គ្លេសថា Baby Oil គឺជាប្រេងដែលគេផលិតឡើងសម្រាប់ថែទាំដល់ស្បែកទារកឱ្យទន់រលោង និងមានសំណើម។ ជាការពិត គ្រប់ផលិតផលប្រើប្រាស់សម្រាប់ទារក រាប់តាំងពីប្រេង ម្សៅ ឡេ គ្រីម និងសាប៊ូ រមែងមិនមានផ្ទុកនូវសារធាតុកាត់ដែលនាំឱ្យប៉ះពាល់ដល់ស្បែកឡើយ។ តាមការស្រាវជ្រាវរបស់គ្រូពេទ្យជំនាញខាងសើស្បែក Blair Murphy-Rose នៃទីក្រុងញូវយ៉កបានបង្ហាញថា ប្រេងទារកជាផលិតផលដែលមានតម្លៃសមរម្យ ងាយស្រួលរកទិញ ហើយថែមទាំងអាចយកមកប្រើប្រាស់បានច្រើនយ៉ាងក្នុងការថែរក្សាសម្រស់ផងដែរ។
តើអ្វីទៅជា Baby Oil? ជាទូទៅ Baby Oil មានផ្ទុកសមាសធាតុនៃប្រេងរ៉ែ ឬប្រេងបន្លែ ដែលភាគច្រើនរួមមាន ប្រេងដូង ប្រេងផ្លែបឺរ ប្រេងអាល់ម៉ុន ប្រេងចូចូបារ (Jojoba Oil) និងប្រេងផ្កាឈូករ័ត្នជាដើម។ Baby Oil ក៏មានផ្ទុកសារធាតុបន្ថែមផ្សេងទៀតដូចជា វីតាមីន E និង Aloe vera។ ប្រេងទាំងនោះ ត្រូវបានគេផលិតដោយមិនបន្ថែមពណ៌ ឬបន្ថែមក្លិននោះឡើយ។ សារធាតុផ្សំទាំងនេះហើយ ដែលធ្វើឱ្យ Baby Oil មានសមត្ថភាពក្នុងការថែរក្សាស្បែក ធ្វើឱ្យស្បែកទន់ រលោង និងមានសំណើម។ ដូច្នេះ តើ Baby Oil អាចយកមកប្រើអ្វីបានខ្លះក្នុងការថែរក្សាសម្រស់របស់មនុស្សពេញវ័យ?
១. ប្រើ Baby Oil សម្រាប់លាងសម្អាតគ្រឿងសម្អាង៖ មិនខុសគ្នាប៉ុន្មានទៅនឹងទឹកលាងសម្អាតគ្រឿងសម្អាង(Make Up Remover) យើងអាចប្រើប្រាស់ Baby Oil មកលាងសម្អាតគ្រឿងផាត់មុខ ដោយយកមកលាបលើផ្ទៃមុខ និងម៉ាស្សាថ្នមៗ ឬចាក់ Baby Oil លើបន្ទះសំឡី រួចយកមកជូតលើផ្ទៃមុខ ឬត្រង់បរិវេណដែលមានគ្រឿងសម្អាងជាប់ខ្លាំង ដូចជា អាយឡាញន័រ ឬក្រែមលាបមាត់ វានឹងជួយលាងជម្រះបានល្អ មិនធ្វើឱ្យស្ទះរន្ធញើស ជាពិសេសធ្វើឱ្យស្បែកមុខទន់រលោង។
២. ជួយផ្តល់ និងទប់ជាតិសំណើមដល់ស្បែក៖ យើងដឹងហើយថា Baby Oil គឺជួយផ្តល់សំណើមដល់ស្បែក និងកាត់បន្ថយការបាត់បង់ជាតិទឹក ព្យាបាលស្បែកស្ងួត រួមទាំងបង្កើតរបាំងការពារដល់ស្បែក។ បន្ទាប់ពីងូតទឹករួច ជូតខ្លួនរបស់អ្នកដោយរក្សាស្បែកឱ្យនៅសើមតិចៗ រួចលាប Baby Oil បី ឬបួនតំណក់លើស្បែក និងម៉ាស្សាថ្នមៗ។ អនុវត្តបែបនេះជាប្រចាំ អ្នកនឹងទទួលបានស្បែកដែលទន់រលោង និងមានសំណើម។
៣. ជួយទប់ស្កាត់ និងកាត់បន្ថយស្នាមសង្វារ៖ ប្រសិនបើអ្នកជាអ្នកម្តាយកំពុងពពោះ ព្រួយបារម្ភអំពីការមានស្នាមសង្វារលើស្បែក សូមកុំបារម្ភ។ គ្រាន់តែលាប Baby Oil ក្នុងត្រីមាសដំបូងអំឡុងពេលពពោះ ត្រង់បរិវេណលើក្បាលពោះ ឬកន្លែងណាដែលងាយនឹងកើតមានស្នាមសង្វារ វាអាចជួយទប់ស្កាត់ និងកាត់បន្ថយស្នាមសង្វារបានយ៉ាងមានប្រសិទ្ធភាព។
៤. ជួយព្យាបាលស្បែកដែលងាយប្រតិកម្ម៖ ជាធម្មតា Baby Oil មិនមានបន្ថែមពណ៌ មិនបន្ថែមក្លិន ឬមានក្លិនស្រាល ដែលវាមានសុវត្ថិភាពបំផុតក្នុងការប្រើប្រាស់ចំពោះអ្នកដែលមានស្បែកងាយប្រតិកម្ម មិនធ្វើឱ្យរលាក ឬរោលស្បែកនោះឡើយ។
៥. ជាប្រេងបំប៉នសក់៖ លើសពីការប្រើប្រាស់លើស្បែក Baby Oil ក៏អាចជួយឱ្យសក់មានភាពស្រស់ស្អាតផងដែរ។ ប្រើប្រាស់ Baby Oil ទៅតាមបរិមាណសមល្មមនៃបរិមាណសក់ លាបលើសក់ វានឹងជួយឱ្យសក់មិនសំពោង ជួយការពារសក់ពីការបែកចុង និងភ្លឺរលោងស្អាត។
យ៉ាងណាដែរ បន្ទាប់ពីបានដឹងអត្ថប្រយោជន៍របស់ Baby Oil? តើអ្នកធ្លាប់បានអនុវត្តនូវចំណុចណាមួយហើយឬនៅ? បើនៅទេ កុំភ្លេចសាកល្បងទាំងអស់គ្នាណា។ វាមិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ស្បែកប៉ុណ្ណោះទេ តែវាក៏ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណេញពេលវេលា និងជួយសន្សំសំចៃថវិកាបានមួយកម្រិតផងដែរ៕
Article by SOUNG SOKSAN