×

ហៀ​ក​ ​លី​ហ៊ា​ង​ ​អ្នក​ច្នៃ​ឈុត​បវរកញ្ញា​ដ៏​វ័យក្មេង​ពោរពេញ​ដោយ​ទេពកោសល្យ​

NEWS 11 months ago
 
 

           យុវជន​ ​ហៀ​ក​ ​លី​ហ៊ា​ង​ ​គឺជា​អ្នក​ច្នៃ​ម៉ូត​ហ្វេ​ហ្សិ​ន​វ័យក្មេង​មួយ​រូប​ទើប​ចាប់​ពន្លក​ថ្មី​ ​ដែល​មាន​ស្នាដៃ​មិនចាញ់​រៀមច្បង​ ​ឬ​ក្នុងចំណោម​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​ដទៃទៀត​ប៉ុន្មាន​ឡើយ​។​ ​បើ​ទោះបី​យុវជន​រូប​នេះ​ទើប​តែ​ប្រឡូក​ក្នុង​វិ​ស័​យ​នេះ​ក្នុងរយៈពេល​ខ្លី​មែនពិត​ ​ប៉ុន្តែ​ ​លី​ហ៊ា​ង​ ​ក៏​ជា​អ្នក​ច្នៃ​ម៉ូត​មួយ​រូប​ពោរពេញ​ដោយ​ទេពកោសល្យ​ ​ថែមទាំង​អាច​ឈោង​ចាប់​យក​ឱកាស​ក្នុង​ការ​ច្នៃ​រ៉ូប​សម្រាប់​បេក្ខភាព​កម្មវិធី​ប្រកួត​សម្រស់​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ទៀត​ផង​។

           ​ហៀ​ក​ ​លី​ហ៊ា​ង​ ​មាន​វ័យ​ ​២​១​ឆ្នាំ​ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កណ្តាល​ ​បច្ចុប្បន្ន​ ​លី​ហ៊ា​ង​ ​ជា​និស្សិត​ឆ្នាំ​ទី​៣​ ​សិក្សា​លើ​ផ្នែក Business។​ ​ផ្តើម​ចេញ​ពីចិត្ត​ស្រលាញ់​ក្នុង​ការ​ច្នៃ​ម៉ូត​ ​និង​ចូលចិត្ត​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការ​ច្នៃ​ឈុត​ហ្វេ​ហ្សិ​ន​ដោយខ្លួនឯង​ ​គួបផ្សំ​នឹង​ការ​រៀន​បន្ថែម​ខ្លះ​ៗ​ពី​រៀមច្បង​ ​និង​មិត្ត​ភក្តិ​ដែល​មាន​ជំនាញ​ផ្នែក​ឌី​ហ្សា​ញ​ ​បាន​ជំរុញ​ឱ្យ​លី​ហ៊ា​ង​ ​សម្រេច​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិ​ស័​យ​នេះ​។​ “​ក្រៅពី​ការ​ស្រលាញ់​ ​ខ្ញុំ​គិតថា​ការ​ប្រឡូក​ក្នុង​វិ​ស័​យ​នេះ​ ​វាក៏​អាច​ជា​ឱកាស​មួយ​ដើម្បី​ឱ្យ​ខ្ញុំ​កាន់តែ​អាច​ស្វែងយល់​បន្ថែម​។​ ​ម្យ៉ាង​ការ​ចេះ​ជំនាញ​នេះ​ក៏​អាច​ជា​ប្រយោជន៍​ដល់​មុខជំនាញ​ដែល​ខ្ញុំ​រៀន​នៅ​សាកលវិទ្យាល័យ​ផង​ដែរ​។​” ​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​រូប​នេះ​បាន​លើកឡើង​ ​និង​បន្ថែម​ថា​ ​ក្នុង​ការ​ច្នៃ​ម៉ូត​អ្វី​ដែល​លោក​ស្រលាញ់​ជាងគេ​គឺ​ការ​ច្នៃ​រ៉ូប​សម្រាប់​បវរកញ្ញា​តែម្តង​ ​ព្រោះ​វា​មិន​ត្រឹមតែ​ជា​សិល្បៈ​ក្នុង​ការ​ច្នៃ​ឈុត​សម្រាប់​ស្លៀក​ប៉ុណ្ណោះ​ទេ​ ​តែ​វាក៏​ជា​ការ​បង្ហាញ​ស្នាដៃ​មួយ​ក្នុង​ការប្រកួតប្រជែង​លើ​ឆាក​ ​និង​អាច​មានឱកាស​បាន​បង្ហាញ​ទៅកាន់​អន្តរជាតិ​ផង​ដែរ​។

           បើ​និយាយ​ពី​រ៉ូប​ដែល​លោក​ធ្លាប់​បាន​ច្នៃ​សម្រាប់​បេក្ខភាព​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ក្នុង​នោះ​រួម​មាន​៖​ ​កម្មវិធី​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ 2023, ​កម្មវិធី​ ​Miss​ ​E​CO​ ​Teen​ ​International​ 2022 (​Cam​bo​d​i​a​), ​កម្មវិធី​ ​Miss​ ​Fabulous​ 2023(​Cam​bo​d​i​a​), ​កម្មវិធី​ ​Miss​ ​Plane​t​ ​International​ 2023(​F​inland​) ​រួម​ជាមួយនឹង​កម្មវិធី​ប្រកួត​សម្រស់​ក្នុង​ប្រទេស​ជាច្រើន​ទៀត​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​ហៀ​ក​ ​លី​ហ៊ា​ង​ ​ក៏បាន​បង្ហើប​អំពី​គំនិត​ច្នៃ​ម៉ូត​នីមួយៗ​ដែរ​ថា​ ​លោក​បាន​ស្វែងយល់​តាមរយៈ​បណ្តាញ​សង្គម​ផ្សេងៗ​ ​មើល​ទៅកាន់​បរទេស​ដែល​រីក​ចម្រើន​វិ​ស័​យ​នេះ​ ​ក៏ដូចជា​រៀមច្បង​ដែល​បាន​ប្រឡូក​ក្នុង​ការ​ច្នៃ​ម៉ូត​ ​ទើប​យកមក​បង្កើត​ជា​គំនិត​ច្នៃ​ម៉ូត​ថ្មី​ឡើង​ដោយខ្លួនឯង​។​ ​អ្វី​ដែល​សំខាន់​លើស​ពី​នេះ​ ​គឺ​ក្នុង​ការ​ចាប់​ម៉ូត​ ​និង​ប៉ាក់ឌិន​ផ្សេងៗ​គឺ​សុទ្ធសឹងតែ​ធ្វើឡើង​ដោយដៃ​ទាំងអស់​ ​ដែល​ទាមទារ​ឱ្យ​មានការ​អត់ធ្មត់​ខ្ពស់​ ​ចំណាយ​ទាំង​ពេលវេលា​ ​និង​លុយ​កាស​។​ ​បច្ចុប្បន្ន​ ​លោក​ ​កំពុង​មានការ​មមាញឹក​ទៅលើ​ការ​ច្នៃ​រ៉ូប​ជាច្រើន​ឈុត​សម្រាប់​បវរកញ្ញា​ដែល​ត្រៀម​នឹង​ប្រកួត​កម្មវិធី​សម្រស់​ក្នុង​ពេល​ខាងមុខនេះ​​។​

           សម្រាប់​គោលបំណង​ទៅ​ថ្ងៃ​អនាគត​យុវជន​ ​ហៀ​ក​ ​លី​ហ៊ា​ង​ ​ចង់​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូត​មួយ​រូប​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ប្រទេស​កម្ពុជា​ ​និង​អន្តរជាតិ​បាន​ស្គាល់​ ​ហើយ​គោលបំណង​សំខាន់​មួយទៀត​នោះ​គឺ​លោក​ចង់​បង្ហាញ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ទៅ​ឱ្យ​បរទេស​បាន​ស្គាល់​តាមរយៈ​ការ​ច្នៃ​ឈុត​របស់​លោក​តែម្តង​។​ ​ឆ្លៀតឱកាស​នេះ​ ​លី​ហ៊ា​ង​ ​ក៏បាន​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន​ដែរ​ថា​ ​លោក​ពិតជា​អរគុណ​ដល់​រៀមច្បង​ ​និង​មិត្ត​ភក្តិ​ដែល​តែង​លើកទឹកចិត្ត​ ​ផ្តល់​ជា​គំនិត​យោបល់ល្អ​ៗ​។​ ​បើ​ទោះបី​ទើប​តែ​ចាប់ផ្តើម​ក្នុង​វិ​ស័​យ​នេះ​ ​តែ​រូបលោក​នឹង​បន្ត​ខិតខំ​បន្ថែម​ទៀត​ ​ធ្វើ​ឱ្យ​កាន់តែ​ល្អ​ ​ដោយ​ការ​ពេញចិត្ត​ ​ដោយ​ក្តី​ស្រលាញ់​ ​និង​ដើម្បី​ក្តី​ស្រមៃ​របស់​ខ្លួន​ទៅ​ថ្ងៃមុខ​។​ ​ជាចុងក្រោយ​តាមរយៈ​សូវ​រី​ន​ ​លោក​ក៏មាន​ពាក្យពេចន៍​ផ្តា​ផ្ញើ​ដែរ​ថា​ “​ប្រសិនបើ​យើង​ស្រលាញ់​ក្នុង​វិ​ស័​យ​នេះ​ ​សូម​កុំ​មានការ​អៀនខ្មាស​ក្នុង​ការ​ចាប់ផ្តើម​ ​យើង​អាច​រៀន​បន្ថែម​ពី​វា​បាន​ ​កុំ​បិទ​ឱកាស​សម្រាប់​ខ្លួនឯង​។​ ​ដូចជា​ខ្លួនខ្ញុំ​ជាក់ស្តែង​ ​ពី​ដំបូង​ខ្ញុំ​មិន​ចេះ​អ្វី​ឡើយ​ ​តែ​ដោយចិត្ត​ស្រលាញ់​ ​និង​ការ​ចេះ​ផ្តល់​ឱកាស​ដល់​ខ្លួនឯង​ចាប់ផ្តើម​សាកល្បង​ធ្វើ​ ​ព្យាយាម​រៀនសូត្រ​ ​ស្វែងយល់​ឱ្យ​បាន​ច្រើន​ ​ក្តី​សង្ឃឹម​ក៏មាន​ដូចគ្នា​”​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS