យុវជន ហៀក លីហ៊ាង គឺជាអ្នកច្នៃម៉ូតហ្វេហ្សិនវ័យក្មេងមួយរូបទើបចាប់ពន្លកថ្មី ដែលមានស្នាដៃមិនចាញ់រៀមច្បង ឬក្នុងចំណោមអ្នកច្នៃម៉ូតវ័យក្មេងដទៃទៀតប៉ុន្មានឡើយ។ បើទោះបីយុវជនរូបនេះទើបតែប្រឡូកក្នុងវិស័យនេះក្នុងរយៈពេលខ្លីមែនពិត ប៉ុន្តែ លីហ៊ាង ក៏ជាអ្នកច្នៃម៉ូតមួយរូបពោរពេញដោយទេពកោសល្យ ថែមទាំងអាចឈោងចាប់យកឱកាសក្នុងការច្នៃរ៉ូបសម្រាប់បេក្ខភាពកម្មវិធីប្រកួតសម្រស់ទាំងថ្នាក់ជាតិ និងអន្តរជាតិទៀតផង។
ហៀក លីហ៊ាង មានវ័យ ២១ឆ្នាំ មានស្រុកកំណើតមកពីខេត្តកណ្តាល បច្ចុប្បន្ន លីហ៊ាង ជានិស្សិតឆ្នាំទី៣ សិក្សាលើផ្នែក Business។ ផ្តើមចេញពីចិត្តស្រលាញ់ក្នុងការច្នៃម៉ូត និងចូលចិត្តសិក្សាស្វែងយល់បន្ថែមពីការច្នៃឈុតហ្វេហ្សិនដោយខ្លួនឯង គួបផ្សំនឹងការរៀនបន្ថែមខ្លះៗពីរៀមច្បង និងមិត្តភក្តិដែលមានជំនាញផ្នែកឌីហ្សាញ បានជំរុញឱ្យលីហ៊ាង សម្រេចចាប់ផ្តើមប្រឡូកក្នុងវិស័យនេះ។ “ក្រៅពីការស្រលាញ់ ខ្ញុំគិតថាការប្រឡូកក្នុងវិស័យនេះ វាក៏អាចជាឱកាសមួយដើម្បីឱ្យខ្ញុំកាន់តែអាចស្វែងយល់បន្ថែម។ ម្យ៉ាងការចេះជំនាញនេះក៏អាចជាប្រយោជន៍ដល់មុខជំនាញដែលខ្ញុំរៀននៅសាកលវិទ្យាល័យផងដែរ។” អ្នកច្នៃម៉ូតវ័យក្មេងរូបនេះបានលើកឡើង និងបន្ថែមថា ក្នុងការច្នៃម៉ូតអ្វីដែលលោកស្រលាញ់ជាងគេគឺការច្នៃរ៉ូបសម្រាប់បវរកញ្ញាតែម្តង ព្រោះវាមិនត្រឹមតែជាសិល្បៈក្នុងការច្នៃឈុតសម្រាប់ស្លៀកប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញស្នាដៃមួយក្នុងការប្រកួតប្រជែងលើឆាក និងអាចមានឱកាសបានបង្ហាញទៅកាន់អន្តរជាតិផងដែរ។
បើនិយាយពីរ៉ូបដែលលោកធ្លាប់បានច្នៃសម្រាប់បេក្ខភាពក្នុងកម្មវិធីប្រកួតសម្រស់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងនោះរួមមាន៖ កម្មវិធី Miss Grand Cambodia 2023, កម្មវិធី Miss ECO Teen International 2022 (Cambodia), កម្មវិធី Miss Fabulous 2023(Cambodia), កម្មវិធី Miss Planet International 2023(Finland) រួមជាមួយនឹងកម្មវិធីប្រកួតសម្រស់ក្នុងប្រទេសជាច្រើនទៀតផងដែរ។ ទន្ទឹមនឹងនេះ ហៀក លីហ៊ាង ក៏បានបង្ហើបអំពីគំនិតច្នៃម៉ូតនីមួយៗដែរថា លោកបានស្វែងយល់តាមរយៈបណ្តាញសង្គមផ្សេងៗ មើលទៅកាន់បរទេសដែលរីកចម្រើនវិស័យនេះ ក៏ដូចជារៀមច្បងដែលបានប្រឡូកក្នុងការច្នៃម៉ូត ទើបយកមកបង្កើតជាគំនិតច្នៃម៉ូតថ្មីឡើងដោយខ្លួនឯង។ អ្វីដែលសំខាន់លើសពីនេះ គឺក្នុងការចាប់ម៉ូត និងប៉ាក់ឌិនផ្សេងៗគឺសុទ្ធសឹងតែធ្វើឡើងដោយដៃទាំងអស់ ដែលទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ ចំណាយទាំងពេលវេលា និងលុយកាស។ បច្ចុប្បន្ន លោក កំពុងមានការមមាញឹកទៅលើការច្នៃរ៉ូបជាច្រើនឈុតសម្រាប់បវរកញ្ញាដែលត្រៀមនឹងប្រកួតកម្មវិធីសម្រស់ក្នុងពេលខាងមុខនេះ។
សម្រាប់គោលបំណងទៅថ្ងៃអនាគតយុវជន ហៀក លីហ៊ាង ចង់ក្លាយជាអ្នកច្នៃម៉ូតមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីនៅប្រទេសកម្ពុជា និងអន្តរជាតិបានស្គាល់ ហើយគោលបំណងសំខាន់មួយទៀតនោះគឺលោកចង់បង្ហាញអ្វីដែលជាអត្តសញ្ញាណខ្មែរទៅឱ្យបរទេសបានស្គាល់តាមរយៈការច្នៃឈុតរបស់លោកតែម្តង។ ឆ្លៀតឱកាសនេះ លីហ៊ាង ក៏បានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរថា លោកពិតជាអរគុណដល់រៀមច្បង និងមិត្តភក្តិដែលតែងលើកទឹកចិត្ត ផ្តល់ជាគំនិតយោបល់ល្អៗ។ បើទោះបីទើបតែចាប់ផ្តើមក្នុងវិស័យនេះ តែរូបលោកនឹងបន្តខិតខំបន្ថែមទៀត ធ្វើឱ្យកាន់តែល្អ ដោយការពេញចិត្ត ដោយក្តីស្រលាញ់ និងដើម្បីក្តីស្រមៃរបស់ខ្លួនទៅថ្ងៃមុខ។ ជាចុងក្រោយតាមរយៈសូវរីន លោកក៏មានពាក្យពេចន៍ផ្តាផ្ញើដែរថា “ប្រសិនបើយើងស្រលាញ់ក្នុងវិស័យនេះ សូមកុំមានការអៀនខ្មាសក្នុងការចាប់ផ្តើម យើងអាចរៀនបន្ថែមពីវាបាន កុំបិទឱកាសសម្រាប់ខ្លួនឯង។ ដូចជាខ្លួនខ្ញុំជាក់ស្តែង ពីដំបូងខ្ញុំមិនចេះអ្វីឡើយ តែដោយចិត្តស្រលាញ់ និងការចេះផ្តល់ឱកាសដល់ខ្លួនឯងចាប់ផ្តើមសាកល្បងធ្វើ ព្យាយាមរៀនសូត្រ ស្វែងយល់ឱ្យបានច្រើន ក្តីសង្ឃឹមក៏មានដូចគ្នា”៕
Article by SOUNG SOKSAN