×

លោក​ ​ចេង​ ​រតនា​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ក្នុង​កម្មវិធី​សំណេរ​អង្គរ​

NEWS 3 months ago
 
 

          «​សំណេរ​អង្គរ​»​ ​ជា​កម្មវិធី​សរសេរ​តាម​អាន​ថ្នាក់​ជាតិ​លើក​ទី​១​ ​ដែល​បាន​រៀបចំ​ឡើង​ស្ថិត​លើទឹក​ដី​អច្ឆរិយ​ខេត្ត​សៀមរាប​ ​នៅ​បរិវេណ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​ ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​ ​ព្រឹត្តិការណ៍​នេះ​ ​មាន​បេក្ខភាព​ចូលរួម​ប្រកួត​យ៉ាង​ច្រើន​កុះករ​ប្រមាណ​ជិត​៨​០​០​នាក់​ ​ដែល​មកពី​គ្រប់​បណ្តា​ខេត្ត​ក្រុង​នានា​។​ ​ជាមួយគ្នា​នេះ​ ​កម្មវិធី​បាន​រៀបចំ​អត្ថបទ​មួយ​រួចជាស្រេច​ ​ជា​វិញ្ញាសា​សម្រាប់​បេក្ខជន​គ្រប់រូប​ ​ហើយ​សម្រាប់​កម្មវិធី​លើកដំបូង​នេះ​ផង​ដែរ​ ​លោកជំទាវ​បណ្ឌិតសភា​ចារ្យ ភឿ​ង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បាន​ផ្ដល់​ជា​កិត្តិយស​អាន​នូវ​អត្ថបទ​នោះ​ដើម្បី​ឱ្យ​បេក្ខជន​ទាំងអស់​សរសេរ​តាម​។​ ​ការ​សរសេរ​តាម​អាន​នេះ​បាន​ប្រព្រឹត្តទៅ​រយៈពេល​ប្រហែល​មួយម៉ោង​ ​និង​បញ្ចប់​ទៅ​ដោយ​រលូន​ ​ហើយក៏​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​គឺ​លោក​ ​ចេង​ ​រតនា​។

         លោក​ ​ចេង​ ​រតនា​ ​បាន​បង្ហើប​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​ថា​ “​ខ្ញុំ​រំភើប​ជា​ខ្លាំង​ ​ដល់​ថ្នាក់​ញ័រដៃ​ញ័រ​ជើង​ ​ព្រោះ​ខ្ញុំ​មិនបាន​រំពឹង​ទុកជាមុន​នោះ​ទេ​ ​ដោយសារ​បេក្ខជន​ដែល​បាន​ចូលរួម​ថ្ងៃ​នោះ​មាន​ចំនួន​ច្រើន​ ​ហើយ​មក​ពីគ្រប់ទិស​ទី​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​ ​ណាមួយ​ ​នរណា​ក៏​អាច​មាន​សិទ្ធិ​ចូលរួម​ប្រកួត​បាន​ដែរ​ ​មិនថា​វ័យ​ប៉ុនណា​ ​ឬក៏​ក​ម្រិ​ត​វប្បធម៌​យ៉ាងណា​នោះ​ទេ​ ​ដូច្នេះ​អ្នក​ពូកែ​ៗ​គឺ​មាន​ច្រើន​។​ ​ម្យ៉ាង​វិញទៀត​ ​ខ្ញុំ​ក៏​នៅ​សរសេរខុស​ត្រង់​ពាក្យ​មួយ​ចំនួន​ទៀត​ផង​ ​ហេតុនេះ​ហើយ​ ​ទើប​ធ្វើ​ឱ្យ​ខ្ញុំ​មិនបាន​រំពឹង​ខ្ពស់​។​” ​ម្ចាស់​ជ័យ​លា​ភី​រូប​នេះ​ក៏បាន​ប្រាប់​បន្ត​ថា​ “​កត្តា​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​«​សំណេរ​អង្គរ​»​ ​មាន​៣​គឺ​ ​ទី​១​ខ្ញុំ​ចង់​វាស់​ស្ទង់​សមត្ថភាព​របស់​ខ្លួនឯង​ ​ទី​២​ខ្ញុំ​ចង់​ទទួល​បាន​បទ​ពិសោធ​នៃ​ការ​សរសេរ​តាម​អាន​ថ្នាក់​ជាតិ​លើកដំបូង​ជាមួយនឹង​បេក្ខជន​ ​បេ​ក្ខ​នារី​មក​ពីគ្រប់ទិស​ទី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ហើយ​ដោយ​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ឯ​ខេត្ត​សៀមរាប​ផង​ ​ខ្ញុំ​ក៏​ចង់​ឆ្លៀតឱកាស​នេះ​ដើម្បី​ដើរលេង​ក​ម្សាន្ត​ផង​ដែរ​។​ ​ចំណុច​ទី​៣​នោះ​គឺ​ ​ខ្ញុំ​ចង់​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការ​លើកស្ទួយ​អក្សរសាស្ត្រ​ជាតិ​យើង​។​”

         លោក​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការចូលរួម​កម្ម​វិធីនេះ​ដែរ​ថា​ ​លោក​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ ​បើ​ទោះ​ជា​បាន​ ​ឬក៏​មិនបាន​ជ័យ​លា​ភី​ក៏ដោយ​ ​ព្រោះ​វេទិកា​នេះ​បាន​នាំមក​នូវ​ការ​ជួបជុំ​យ៉ាង​ច្រើន​នៃ​អ្នក​ដែល​ស្រលាញ់​អក្សរសាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​ ​ជាពិសេស​លោក​បាន​ចូលរួម​ជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​។​ ​មិនតែប៉ុណ្ណោះ​ ​កម្មវិធី​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​អក្សរសាស្ត្រ​ខ្មែរ​ ​និង​បាន​ដាស់​ស្មារតី​ប្រជាជន​ខ្មែរ​ជាច្រើន​រូប​ឱ្យ​ងាក​មក​យកចិត្តទុកដាក់​នឹង​អក្សរសាស្ត្រ​របស់​ជាតិ​ខ្លួន​ឡើងវិញ​ ​ជាពិសេស​គឺ​យកចិត្តទុកដាក់​សរសេរ​ពាក្យ​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​ចំណុច​មួយទៀត​នោះ​ ​ព្រឹត្តិការណ៍​នេះ​បាន​នាំមក​នូវ​ចំណាប់អារម្មណ៍​ដ៏​ច្រើនលើស​លប់​ពីសំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ព្រោះ​វា​បាន​ប្រារព្ធ​ឡើង​នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ល្បីល្បាញ​គឺ​នៅមុខ​ប្រាសាទអង្គរវត្ត​។

         ​តាម​ការ​បង្ហើប​ប្រាប់​ពី​ម្ចាស់​ជ័យ​លា​ភី​រូប​នេះ​ ​ការ​ប្រកួត​លើក​នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​លោក​ឡើយ​។​ ​ពោល​ ​កាលពី​រៀន​ថ្នាក់ទី១​២​ ​លោក​ធ្លាប់​បាន​ចូលរួម​ប្រឡង​សិស្ស​ពូកែ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ ​ប្រចាំ​ខេត្ត​បាត់​ដំបង​ (​ឆ្នាំ​សិក្សា​ ​២​០​១​១​-​២​០​១​២​)​។​ ​ក្រោយមក​ ​នៅ​ពេល​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​ ​លោក​ក៏បាន​ចូលរួម​ប្រកួតប្រជែង​តែង​និពន្ធ​អត្ថបទ​អក្សរ​សិល្ប៍ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ ​ផ្នែក​និពន្ធ​រឿង​ខ្លី​ ​ពី​កម្មវិធី​ប្រកួតប្រជែង​អក្សរ​សិល្ប៍​របស់​សមាគម​ ​«​ប៊ិច​កម្ពុជា​»​ ​ដែល​រឿង​ខ្លី​នោះ​មាន​ចំណងជើង​ថា​ ​«​ប៊ិ​ក​សុវណ្ណ​»។

         ​តាមរយៈ​ ​សូវ​រី​ន​ ​ក្នុងនាម​ជា​ម្ចាស់​ជ័យ​លា​ភី​មួយ​រូបលោក​ក៏មាន​ជា​សារ​ផ្តាំផ្ញើ​ថា​ “​ខ្ញុំ​ចង់​លើកទឹកចិត្ត​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​ ឱ្យ​មានចិត្ត​ក្លាហាន​ចូលរួម​ប្រកួត​ ​ព្រោះ​កម្មវិធី​នេះ​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​សង្គមជាតិ​យើង​ ​ហើយ​កុំ​ខ្លាច​បរាជ័យ​ ​ព្រោះ​បើ​យើង​មិន​សាក​ប្រាកដជា​មិន​ដឹង​ទេ​។​ ​បើ​យើង​បរាជ័យ​ ​យ៉ាងហោច​ក៏​យើង​ទទួល​បាន​បទ​ពិសោធ​ថ្មី​ ​ស្គាល់​ពី​សមត្ថភាព​ខ្លួនឯង​ ​និង​ពង្រឹង​ការ​សរសេរ​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ទៅ​ថ្ងៃក្រោយ​។​” ​ចំពោះ​ទៅ​ថ្ងៃ​អនាគត​ ​ម្ចាស់​ជ័យ​លា​ភី​សំណេរ​អង្គរ​លើក​ទី​១​រូប​នេះ​ ​ចង់​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ថែម​ទៀត​ ​ជាពិសេស​គឺ​ស្នាដៃ​អក្សរ​សិល្ប៍ ​រួម​មានរឿង​ខ្លី​ ​ប្រលោមលោក​ ​កំណាព្យ​ ​ជាដើម​ ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ថ្មីៗ​ដល់​ប្រជាជន​ខ្មែរ​ ​ក៏ដូចជា​ធ្វើ​ឱ្យ​អក្សរ​សិល្ប៍​ខ្មែរ​កាន់តែ​រស់រវើក​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏​សង្ឃឹម​ថា​ ​ប្រជាជន​ខ្មែរ​នឹង​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​សរសេរ​ពាក្យ​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ព្រោះ​វា​ជា​ដួង​ព្រលឹង​ ​និង​ជា​សម្បត្តិ​របស់​ជាតិ​យើង​ ​ហេតុនេះ​យើង​ត្រូវតែ​រួមគ្នា​ថែរក្សា​វា​ឱ្យ​បាន​ល្អ​ ​ចៀសវាង​ធ្វើ​ឱ្យ​បាត់បង់​ដែល​នាំ​ឱ្យ​យើង​ស្ដាយក្រោយ​”​៕

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS