«Cuffeine: Plant-based Coffee» ហាងកាហ្វេទឹកដោះគោធញ្ញជាតិជំនួយសុខភាព
TRAVEL & LIVING 10 months ago«Cuffeine: Plant-based Coffee» គឺជាហាងកាហ្វេមួយបានបង្កើតឡើងកាលពីពាក់កណ្តាលឆ្នាំ២០២៣កន្លងទៅ ដែលមានទីតាំងស្ថិតនៅលើមហាវិថី សម្តេចសុធារស ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានចំងាយប្រមាណ២០០ម៉ែត្រពីកាច់ជ្រុងវាលព្រះមេរុហ៍។ ស្ថិតនៅជ្រុងមួយផ្នែកនៃហាងលក់សម្លៀកបំពាក់បុរស Attire Lounge ដែលជាសំណង់អគារពណ៌ខៀវ ភ្ជាប់ជាមួយស្លាកយីហោថា «Cuffeine: Plant-based Coffee» ជាសម្គាល់។
ខុសពីហាងកាហ្វេទូទៅក្នុងទីក្រុងភ្នំពេញ លក្ខណៈពិសេសបំផុតរបស់ហាងកាហ្វេនេះ គឺការជ្រើសរើសប្រើប្រាស់ជាប្រភេទទឹកដោះគោធញ្ញជាតិជំនួសឱ្យការរប្រើប្រាស់ជាប្រភេទទឹកដោះគោស្រស់។ មិនខុសគ្នាប៉ុន្មានពីទឹកដោះគោស្រស់ ទឹកដោះគោធញ្ញជាតិក៏មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ជាពិសេសទឹកដោះគោធញ្ញជាតិមានជាតិខ្លាញ់តិច និងកាឡូរីទាបមិនធ្វើឱ្យឡើងគីឡូឡើយ។ មិនតែប៉ុណ្ណោះ វាក៏ជាជម្រើសល្អសម្រាប់អ្នកដែលប្រតិកម្មជាមួយទឹកដោះគោស្រស់ ហើយសម្រាប់អ្នកបួសវិញ ក៏អាចទទួលទានទឹដោះគោនេះបានផងដែរ។ ចំណែកឯគ្រាប់កាហ្វេ ជាកាហ្វេក្នុងស្រុក ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដែលបានដាំដុះក្នុងខេត្តមណ្ឌលគិរី។ សំខាន់លើសពីនេះទៅទៀត ហាងកាហ្វេ Cuffeine ក៏មានជាបណ្ណាល័យតូចមួយសម្រាប់ឱ្យអតិថិជនអានដោយសេរីមិនគិតថ្លៃ ក៏ដូចជា ខ្ចីសៀវភៅ ប្តូរសៀវភៅ ឬបរិច្ចាគសៀវភៅសម្រាប់អ្នកផ្សេងផងដែរ។ ទាំងការទទួលទានកាហ្វេដែលប្រើប្រាស់ទឹកគោធញ្ញជាតិល្អសម្រាប់សុខភាពរាងកាយ និងការអានសៀវភៅល្អសម្រាប់សុខភាពផ្លូវចិត្ត និងផ្តល់ជាចំណេះដឹង លោកអ្នកអាចរកបាននៅកន្លែងតែមួយតែម្តង។
ក្រៅពីជម្រើសភេសជ្ជៈកាហ្វេ នៅទីនេះក៏មានបម្រើភេសជ្ជៈជាតែ និងរសជាតិទឹកផ្លែឈើច្រើនប្រភេទ សុទ្ធសឹងមានរសជាតិឆ្ងាញ់ប្លែក ដែលលោកអ្នកគួរតែសាកល្បង ដើម្បីផ្តល់ជាបទពិសោធន៍ថ្មីនៃការភ្លក់រសជាតិភេសជ្ជៈដែលជាចំណូលចិត្ត។ គួរបញ្ជាក់ដែរថា ហាងកាហ្វេ «Cuffeine: Plant-based Coffee» ចាប់បើកទទួលស្វាគមន៍អតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ កន្លះព្រឹក រហូតដល់ម៉ោង ៦ កន្លះល្ងាច៕
Article by SOUNG SOKSAN & ELLA