អាជីវកម្ម«Pka-ផ្កា» សិល្បៈនៃការចាក់ផ្កាដោយដៃយ៉ាងស៊ីវិល័យ ពោរពេញដោយគំនិតច្នៃប្រតិដ្ឋ
NEWS 10 months agoផ្កា គឺជាកាដូមួយដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យតែងទិញជូនជាអំណោយចំពោះគ្នាក្នុងថ្ងៃពិសេសណាមួយ មិនថាក្នុងទំនាក់ទំនងគ្រួសារ ស្នេហា រួមទាំងមិត្តភក្តិ ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ ក៏ដូចជាការចូលរួមអបអរក្នុងឱកាសអ្វីមួយជាដើម។ ជាការពិត មិនថាផ្កាស្រស់ ផ្កាក្រដាស ផ្កាជ័រ ឬផ្កាចាក់ សុទ្ធតែអាចយកមករៀបចំតុបតែងបានយ៉ាងស្រស់ស្អាត។ ជាក់ស្តែង អាជីវកម្មមួយដែលមានឈ្មោះថា «Pka-ផ្កា» មានលក់ជាប្រភេទផ្កាចាក់ និងផ្កាកាច់ដែលធ្វើដោយដៃមានភាពច្នៃប្រតិដ្ឋខ្ពស់ និងស្រស់ស្អាតស៊ីវិល័យមិនចាញ់ផ្កាស្រស់ប៉ុន្មានឡើយ។
«Pka-ផ្កា» ជាអាជីវកម្មអនឡាញមួយដែលទើបចាប់កំណើតឡើងកាលពីអំឡុងចុងឆ្នាំ២០២៣ ត្រូវបានបង្កើតឡើងដោយសហគ្រិនជាកូនខ្មែរ៣រូប ជាមិត្តរួមការងារជាមួយគ្នានៅស្ថាប័នឯកជនមួយ។ ដោយហេតុថាសុទ្ធតែជាអ្នកស្រលាញ់ចូលចិត្តផ្កាដូចគ្នា ជាពិសេសការច្នៃប្រតិដ្ឋផ្សេងៗ រួមទាំងការឱ្យតម្លៃទៅលើផលិតផលដែលធ្វើដោយដៃផង ក៏សម្រេចចិត្តបង្កើតអាជីវកម្មនេះឡើង។
ជាការពិតផ្កាចាក់បើស្តាប់ទៅហាក់ដូចធម្មតា ប៉ុន្តែពេលធ្វើឡើងវាទាមទារឱ្យមានការយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ជាច្រើនដំណាក់កាល ទម្រាំទទួលបានសមិទ្ធផលផ្កា១ទងៗ។ ផ្កានីមួយៗត្រូវបានធ្វើឡើងដោយចិត្តស្រលាញ់ ភាពអត់ធ្មត់ ការច្នៃប្រតិដ្ឋ ដោយការប្រើប្រាស់សរសៃលួសតូចឆ្មារ សរសៃអំបោះកម្ញីរុំពាត់ជុំវិញ ដែលមើលទៅមានភាពស្រដៀងទៅនឹងផ្កាស្រស់ជាងផ្កាដែលផលិតដោយប្រើប្រាស់វត្ថុធាតុដើមផ្សេងទៀត។ ម្យ៉ាង ភាពភ្លឺដែលចេញពីសរសៃអំបោះកម្ញីផងនោះ កាន់តែធ្វើឱ្យផ្កាទាំងនេះកាន់តែមានភាពភ្លឺជាងផ្កាអំបោះធម្មតា។ មិនខុសពីផ្កាស្រស់ប៉ុន្មាន ក្រៅពីការរៀបចំជាបាច់ យើងក៏អាចយកទៅប្រើសម្រាប់ដេគ័រក្នុងកម្មវិធីផ្សេងៗ រៀបចំដាក់ថូសម្រាប់តាំងលម្អ អ្វីដែលកាន់តែពិសេសនោះគឺវាមិនចេះក្រៀមស្វិត អាចថែរក្សាទុកបានយូរអង្វែងទៀតផង។
តាមការបង្ហើបពីម្ចាស់អាជីវកម្ម «Pka-ផ្កា» បានប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នគឺគ្រាន់តែដាក់លក់តាមអនឡាញតែប៉ុណ្ណោះ តែទទួលបានការចាប់អារម្មណ៍ និងការកុម្មង់ច្រើនពីអតិថិជនលើសការរំពឹងទុក។ ហើយចំពោះទៅថ្ងៃមុខ ម្ចាស់អាជីវកម្មក៏មានគម្រោងនៅក្នុងការពង្រីកឱ្យកាន់តែធំទូលាយ មានការស្គាល់ និងគាំទ្រកាន់តែច្រើន ជាពិសេសមានកន្លែងដែលអាចឱ្យភ្ញៀវអាចមកធ្វើការរើសម៉ូតផ្កាដោយផ្ទាល់ផងដែរ។ គួរបញ្ជាក់ដែរថា ផលិតផលរបស់ «Pka-ផ្កា» មានតម្លៃចាប់ពី១ម៉ឺនរៀលឡើង ទៅតាមការកុម្មង់របស់អតិថិជន៕
Article by SOUNG SOKSAN