អនុវត្តទម្លាប់ទាំង៥យ៉ាងនេះ ដើម្បីការពារស្បែកកុំឱ្យឆាប់បាត់បង់ខូឡាជែន
TRAVEL & LIVING 9 months agoខូឡាជែនពិតជាមានសារៈសំខាន់ដែលជួយឱ្យស្បែករបស់យើងរឹងមាំ រលោង និងមើលទៅក្មេងជាងវ័យ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងកាន់តែចាស់ ការផលិតកូឡាជែនកាន់តែថយចុះតាមធម្មជាតិ ដែលនាំឱ្យមានស្នាមជ្រួញ និងស្បែកយារធ្លាក់ជាដើម។ ខណៈពេលដែលយើងមិនអាចបញ្ឈប់ដំណើរការនៃភាពចាស់នោះបាន យើងអាចប្រកាន់យកទម្លាប់មួយចំនួនដែលជួយការពារការបាត់បង់ខូឡាជែន រក្សាសុខភាព និងសម្រស់នៃស្បែកឱ្យនូវតែតឹងណែន ភ្លឺរលោង។ ខាងក្រោមនេះ ជាទម្លាប់៥យ៉ាង ដែលអាចរួមចំណែកដល់ការការពារខូឡាជែនកុំឱ្យងាយបាត់បង់ និងជួយលើកកម្ពស់ដល់ស្បែកនៅក្មេងជាងវ័យ។
1. ការពារស្បែកពីពន្លឺព្រះអាទិត្យ
ការត្រូវពន្លឺថ្ងៃច្រើនពេកជាមូលហេតុចម្បងមួយនៃការបំបែកខូឡាជែន។ កាំរស្មី UV ដែលបង្កគ្រោះថ្នាក់ជ្រាបចូលទៅក្នុងស្បែក និងបង្កើតរ៉ាឌីកាល់សេរី ដែលបំផ្លាញសរសៃខូឡាជែន។ ដើម្បីការពារការបាត់បង់ខូឡាជែន ចូរបង្កើតទម្លាប់ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ។ លាបឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF 30 យ៉ាងតិចជារៀងរាល់ថ្ងៃ ទោះបីស្ថិតក្នុងអាកាសធាតុមេឃស្រទំក៏ដោយ។ ជាមួយគ្នានេះ គប្បីពាក់សម្លៀកបំពាក់វែងៗ ក៏ដូចជាពាក់មួកជាដើម។
2. រក្សារបបអាហារដែលមានសុខភាពល្អ
បញ្ចូលអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបង្កើនខូឡាជែនទៅក្នុងរបបអាហាររបស់អ្នក ដូចជាបន្លែ និងផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដែលជួយក្នុងការសំយោគខូឡាជែន។ រួមបញ្ចូលអាហារសម្បូរប្រូតេអ៊ីនដូចជា សាច់គ្មានខ្លាញ់ ត្រី និងគ្រាប់ធញ្ញជាតិ ដើម្បីផ្តល់អាស៊ីតអាមីណូចាំបាច់សម្រាប់ការបង្កើតខូឡាជែន។ លើសពីនេះទៀត ទទួលទានអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាផ្លែប៊ឺរី និងបន្លែបៃតង ដើម្បីការពារខូឡាជែនពីការខូចខាតអុកស៊ីតកម្ម។
3. រក្សាជាតិទឹក
ការផ្តល់ជាតិទឹកឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់គឺមានសារៈសំខាន់សម្រាប់ការរក្សាភាពយឺត និងភាពទន់រលោងនៃស្បែក។ នៅពេលដែលអ្នកខ្សោះជាតិទឹក ស្បែកនឹងប្រែជាស្ងួត ហើយងាយនឹងបាត់បង់ខូឡាជែន។ គប្បីទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ ដើម្បីរក្សាស្បែករបស់អ្នកឱ្យមានសំណើមពីខាងក្នុង។ គួរកំណត់ការទទួលទានភេសជ្ជៈដែលខ្សោះជាតិទឹក ដូចជាភេសជ្ជៈមានជាតិអាល់កុល និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវាអាចរួមចំណែកដល់ការបាត់បង់ជាតិខូឡាជែនផងដែរ។
4. ចៀសវាងការជក់បារី និងកំណត់ការប្រើប្រាស់គ្រឿងស្រវឹង
ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនល្បឿននៃការបំបែកខូឡាជែនផងដែរ។ ជាតិពុលក្នុងផ្សែងបារី កាត់បន្ថយការផលិតខូឡាជែន និងធ្វើឱ្យស្បែកខូចសមត្ថភាពជួសជុលខ្លួនឯង។ ដូចគ្នានេះដែរ ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណអាចនាំឱ្យខូចខូឡាជែន និងស្បែកឆាប់ចាស់ដូចគ្នា។ គួរបញ្ឃប់ការជក់បារី និងកាត់បន្ថយការទទួលទានជាតិអាល់កុល ដើម្បីលើកកម្ពស់ការរក្សាខូឡាជែន។
5. ទទួលបានការគេងប្រកបដោយគុណភាព
ការគេងឱ្យបានគ្រប់គ្រាន់គឺចាំបាច់សម្រាប់សុខភាពស្បែកទាំងមូល រួមទាំងការផលិតខូឡាជែនផងដែរ។ ក្នុងអំឡុងពេលកំពុងគេង រាងកាយជួសជុល និងបង្កើតសរសៃខូឡាជែនឡើងវិញ។ ការគេងមិនលក់អាចរំខានដល់ដំណើរការនេះ និងរួមចំណែកដល់ការបាត់បង់ខូឡាជែន។ ដូច្នេះ គួរបង្កើតទម្លាប់នៃការគេងឱ្យបានទៀងទាត់ និងកំណត់ការគេងឱ្យបាន ៧ ទៅ ៨ ម៉ោងរៀងរាល់យប់ ដើម្បីគាំទ្រដល់ការសំយោគខូឡាជែន និងរក្សាស្បែករបស់អ្នកឱ្យមើលទៅក្មេងជាងវ័យ៕
Article by SOUNG SOKSAN