×

​អនុវត្ត​ទម្លាប់​ទាំង​៥​យ៉ាងនេះ​ ​ដើម្បី​ការពារ​ស្បែក​កុំឱ្យឆាប់បាត់បង់ខូឡាជែន

TRAVEL & LIVING 9 months ago
 
 

          ខូឡាជែ​ន​ពិតជា​មាន​សារៈសំខាន់​ដែល​ជួយ​ឱ្យ​ស្បែក​របស់យើង​រឹង​មាំ​ ​រលោង​ ​និង​មើលទៅ​ក្មេង​ជាង​វ័យ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​នៅពេលដែល​យើង​កាន់តែ​ចាស់​ ​ការ​ផលិត​កូឡា​ជែ​ន​កាន់តែ​ថយ​ចុះ​តាម​ធម្មជាតិ​ ​ដែល​នាំ​ឱ្យ​មានស្នាម​ជ្រួញ​ ​និង​ស្បែក​យារ​ធ្លាក់​ជាដើម​។​ ​ខណៈ​ពេល​ដែល​យើង​មិន​អាច​បញ្ឈប់​ដំណើរការ​នៃ​ភាព​ចាស់​នោះ​បាន​ ​យើង​អាច​ប្រកាន់យក​ទម្លាប់​មួយ​ចំនួន​ដែល​ជួយការ​ពារ​ការ​បាត់បង់​ខូឡា​ជែ​ន​ ​រក្សា​សុខភាព​ ​និង​សម្រស់​នៃ​ស្បែក​ឱ្យ​នូវ​តែ​តឹង​ណែន​ ​ភ្លឺ​រលោង​។​ ​ខាងក្រោម​នេះ​ ​ជា​ទម្លាប់​៥​យ៉ាង​ ​ដែល​អាច​រួមចំណែក​ដល់​ការ​ការពារ​ខូឡាជែ​ន​កុំ​ឱ្យ​ងាយ​បាត់បង់​ ​និង​ជួយ​លើក​ក​ម្ពស់​ដល់​ស្បែក​នៅក្មេង​ជាង​វ័យ​។​

          1. ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​
​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើនពេក​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​បំបែក​ខូឡាជែ​ន​។​ ​កាំរស្មី​ U​V​ ​ដែល​បង្ក​គ្រោះថ្នាក់​ជ្រាបចូល​ទៅ​ក្នុង​ស្បែក​ ​និង​បង្កើត​រ៉ា​ឌី​កាល់​សេរី​ ​ដែល​បំផ្លាញ​សរសៃ​ខូឡាជែ​ន​។​ ​ដើម្បី​ការពារ​ការ​បាត់បង់​ខូឡាជែ​ន​ ​ចូរ​បង្កើត​ទម្លាប់​ការពារ​ស្បែក​របស់​អ្នក​ពី​ពន្លឺព្រះអាទិត្យ​។​ ​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​មាន​ក​ម្រិ​ត​ S​P​F​ 30 ​យ៉ាងតិច​ជា​រៀងរាល់ថ្ងៃ​ ​ទោះបី​ស្ថិត​ក្នុង​អាកាសធាតុ​មេឃស្រទំ​ក៏ដោយ​។​ ​ជាមួយគ្នា​នេះ​ ​គប្បី​ពាក់ស​ម្លៀ​ក​បំពាក់​វែង​ៗ​ ​ក៏ដូចជា​ពាក់មួក​ជាដើម​។

          2. ​រក្សា​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​
​បញ្ចូល​អាហារ​សម្បូរទៅដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​បង្កើន​ខូឡាជែ​ន​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ ​ដូចជា​បន្លែ​ ​និង​ផ្លែឈើ​ដែល​មាន​វីតាមីន​ C ​ខ្ពស់​ ​ដែល​ជួយ​ក្នុង​ការ​សំយោគ​ខូឡាជែ​ន​។​ ​រួមបញ្ចូល​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា​ ​សាច់​គ្មាន​ខ្លាញ់​ ​ត្រី​ ​និង​គ្រាប់​ធញ្ញជាតិ​ ​ដើម្បី​ផ្តល់​អាស៊ី​ត​អា​មី​ណូ​ចាំបាច់​សម្រាប់​ការ​បង្កើត​ខូឡាជែ​ន​។​ ​លើស​ពី​នេះ​ទៀត​ ​ទទួលទាន​អាហារ​ដែល​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ដូចជា​ផ្លែ​ប៊ឺ​រី​ ​និង​បន្លែ​បៃតង​ ​ដើម្បី​ការពារ​ខូឡាជែ​ន​ពី​ការខូចខាត​អុក​ស៊ី​ត​កម្ម​។

          3. ​រក្សា​ជាតិទឹក​
​ការ​ផ្តល់​ជាតិទឹក​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គ្រប់គ្រាន់​គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​រក្សា​ភាព​យឺត​ ​និង​ភាព​ទន់​រលោង​នៃ​ស្បែក​។​ ​នៅពេលដែល​អ្នក​ខ្សោះ​ជាតិទឹក​ ​ស្បែក​នឹង​ប្រែជា​ស្ងួត​ ​ហើយ​ងាយ​នឹង​បាត់បង់​ខូឡាជែ​ន​។​ ​គប្បី​ទម្លាប់​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ពេញមួយថ្ងៃ​ ​ដើម្បី​រក្សា​ស្បែក​របស់​អ្នក​ឱ្យ​មាន​សំណើម​ពី​ខាងក្នុង​។​ ​គួរ​កំណត់​ការ​ទទួលទាន​ភេសជ្ជៈ​ដែល​ខ្សោះ​ជាតិទឹក​ ​ដូចជា​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ ​និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ ​ព្រោះ​វា​អាច​រួមចំណែក​ដល់​ការ​បាត់បង់​ជាតិ​ខូឡាជែ​ន​ផង​ដែរ​។​

          4. ​ចៀសវាង​ការ​ជក់បារី​ ​និង​កំណត់​ការប្រើប្រាស់​គ្រឿងស្រវឹង​
​ការ​ជក់បារី​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខ​ភាពទូទៅ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្កើន​ល្បឿន​នៃ​ការ​បំបែក​ខូឡាជែ​ន​ផង​ដែរ​។​ ​ជាតិពុល​ក្នុង​ផ្សែង​បារី​ ​កាត់បន្ថយ​ការ​ផលិត​ខូឡាជែ​ន​ ​និង​ធ្វើ​ឱ្យ​ស្បែក​ខូច​សមត្ថភាព​ជួសជុល​ខ្លួនឯង​។​ ​ដូចគ្នា​នេះ​ដែរ​ ​ការ​ទទួលទាន​គ្រឿងស្រវឹង​ច្រើន​ហួសប្រមាណ​អាច​នាំ​ឱ្យ​ខូច​ខូឡាជែ​ន​ ​និង​ស្បែក​ឆាប់​ចាស់​ដូចគ្នា​។​ ​គួរ​ប​ញ្ឃប់​ការ​ជក់បារី​ ​និង​កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​អាល់កុល​ ​ដើម្បី​លើក​ក​ម្ពស់​ការ​រក្សា​ខូឡាជែ​ន​។

          5. ​ទទួល​បានការ​គេង​ប្រកបដោយ​គុណភាព​
​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​គឺ​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ទាំងមូល​ ​រួម​ទាំង​ការ​ផលិត​ខូឡាជែ​ន​ផង​ដែរ​។​ ​ក្នុង​អំឡុង​ពេល​កំពុង​គេង​ ​រាងកាយ​ជួសជុល​ ​និង​បង្កើត​សរសៃ​ខូឡាជែ​ន​ឡើងវិញ​។​ ​ការ​គេង​មិន​លក់​អាច​រំខាន​ដល់​ដំណើរការ​នេះ​ ​និង​រួមចំណែក​ដល់​ការ​បាត់បង់​ខូឡាជែ​ន​។​ ​ដូច្នេះ​ ​គួរ​បង្កើត​ទម្លាប់​នៃ​ការ​គេង​ឱ្យ​បាន​ទៀងទាត់​ ​និង​កំណត់​ការ​គេង​ឱ្យ​បាន​ ​៧​ ​ទៅ​ ​៨​ ​ម៉ោង​រៀងរាល់​យប់​ ​ដើម្បី​គាំទ្រ​ដល់​ការ​សំយោគ​ខូឡាជែ​ន​ ​និង​រក្សា​ស្បែក​របស់​អ្នក​ឱ្យ​មើលទៅ​ក្មេង​ជាង​វ័យ​៕

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS